ខេត្តសៀមរាប ៖ សមាជិក សមាជិការបស់គណបក្សប្រឆាំងចំនួន៦២៣នាក់នៅស្រុកស្វាយលើ និងសង្កាត់សៀមរាប ក្រុងសៀមរាប បានសម្តែងនូវការខឹងសម្បាចំពោះថ្នាក់ដឹកនាំរបស់ខ្លួន ហើយបានសម្រេចនាំគ្នាមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានធ្វើការបកអាក្រាតដោយឥតសំចៃទៅលើផ្ទៃក្នុង និងមេដឹកនាំសំខាន់ៗរបស់គណបក្សប្រឆាំងថែមទៀត ។
នេះគឺជាការស្ម័គ្រចិត្តមកចូលជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាជាលើកដំបូងសម្រាប់ខេត្តសៀមរាបនៅដំណាក់កាលឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ខាងមុខ ដែលបញ្ជាក់ពីភាពកម្សោយ ឬការចែករំលែកអំណាចក្នុងក្តីស្រមៃមិនមានតម្លាភាពរបស់គណបក្សសង្គ្រោះជាតិ ។
ពិធីប្រកាសទទួលស្គាល់អ្នកស្ម័គ្រចិត្តសុំចុះចូលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ មិថុនា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្វាយលើ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ តំណាងរាស្ត្រមណ្ឌលសៀមរាប ។ ចូលរួមក្នុងពិធីនោះដែរមានឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុកទូទាំងខេត្ត ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងចាស់ទាំងថ្មីសរុប១.២២៤នាក់ ។
យោងតាមឯកសារដែលទទួលបាននៅថ្ងៃប្រកាសនោះឱ្យដឹងថា សមាសភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួន១៣នាក់ ដោយមានឋានៈចាប់ពីសមាជិកក្រុមប្រឹក្សាខេត្តរហូតដល់ថ្នាក់មូលដ្ឋាន ។ទាក់ទិនទៅនឹងការដែលសមាជិក សមាជិកាគណបក្សប្រឆាំងមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទាំងផ្ទាំង ដែលមានចាប់ពីមន្ត្រីថ្នាក់កំពូលៗរហូតដល់ថ្នាក់គាំទ្រនៅមូលដ្ឋានបែបនេះ កន្លងមកថ្នាក់ដឹកនាំគណបក្សប្រឆាំងតែងតែស្រែក ដោយចាត់ទុកថាជាការទិញទឹកចិត្តបែបបំបែកបំបាក់របស់គណបក្សប្រជាជនកម្ពុជា ។ ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកឧកញ៉ា សៀង ណាំ បានអះអាងនៅក្នុងបទសម្ភាសន៍ថា «នេះគឺជាការចូលរួមដោយស្ម័គ្រចិត្ត មិនមែនជាការទិញទឹកចិត្តដូចដែលគណបក្សជំទាស់លើកឡើងនោះទេ» ៕
ចែករំលែកព័តមាននេះ