ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​៖ ១១​ខែ​ឆ្នាំ​២០១៨ ក្រុមហ៊ុន​វៀតណាម​ចុះបញ្ជី​៧៥​គម្រោង​លើ​ទឹកប្រាក់​២,៤​ពាន់​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អះអាង​ថា ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​វៀតណាម​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៧៥​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អះអាង​ថា ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​វៀតណាម​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៧៥​គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ។

ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា នៅ​ទីក្រុង​ហាណូយ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨ ។ នៅ​ក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សុន្ទរ​ថា គន្លឹះ​អំពី​ការ​រីក​ចម្រើន​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ព្រមទាំង​កាលានុវត្តភាព និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ។ សម្តេច​តេ​ជោ​បាន​បន្ត​ថា វៀតណាម និង​កម្ពុជា​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ​ដែល​ឆ្នាំ ២០១៨ នេះ​ជា​ខួប​លើក​ទី​៥១ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​យើង​ទាំង​ពីរ​ផង​ដែរ ។

ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ សម្រេច​បាន​ចំនួន​ប្រមាណ​២,១៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កើនឡើង​ប្រមាណ​៣០% ធៀប​នឹង​ឆ្នាំ​២០១៦ ។ ការ​នាំ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​វៀត នៅ​មាន​ទំហំ​តូច​នៅឡើយ ។ ជាក់ស្តែង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​៣៤២​លាន​ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​ការ​នាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម​ក្នុង​ឆ្នាំ​២០១៧ មាន​ចំនួន​ប្រមាណ ១,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

សម្តេច​បាន​គូសបញ្ជាក់​ថា «​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​វៀតណាម​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម ចំនួន​៧៥​គម្រោង​ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​២,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​» ។ សម្តេច​បាន​លើក​ឡើង​ទៀត​ថា​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ត្រូវ​បាន​ប៉ាន់​ស្មានថា នឹង​មាន​កំណើន​ក្នុង​អត្រា​៧,៣% ហើយ​សម្រាប់​រយៈពេល​មធ្យម​ខាង​មុខ​កម្ពុជា​អាច​រក្សា​បាន​អត្រាកំណើន​ប្រមាណ​៧% ក្នុង​មួយ​ឆ្នាំ ។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​បាន​ធ្វើ​ឱ្យ​កម្ពុជា​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប នៅ​ឆ្នាំ​២០១៥ និង​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ ។

សម្តេច​បាន​បន្ថែម​ថា ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ខាងលើ និង​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ និង​កំពុង​អនុវត្ត​«​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​២០១៥ -២០២៥» សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​នៅ​រង្វង់​ឆ្នាំ​២០២៥ ។ សម្តេច​សង្កត់ធ្ងន់​ថា គោលនយោបាយ​នេះ​ជា «​យុទ្ធសាស្ត្រ​កំណើន​ថ្មី​» និង​បាន​កំណត់​ឧស្សាហកម្ម​ចំនួន​៥​ជា​អាទិភាព​រួម​មាន​១- ឧស្សាហកម្ម ឬ​កម្មន្តសាល​ថ្មី​ៗ​ដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ផ្ដល់​តម្លៃបន្ថែម​ខ្ព​ស់មានភាព​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ ២- សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​គ្រប់​វិស័យ ៣- ផលិតកម្ម​ក​សិ​-​ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការ​នាំ​ចេញ និង​ទីផ្សារ​ក្នុងស្រុក ៤- ប្រភេទ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ទេសចរណ៍ និង​កាត់ដេរ​ព្រមទាំង​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់ ដែល​ជា​ឧស្សាហកម្ម​ត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែ​ចង្វាក់​តម្លៃ​សកល ៥- ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​បន្ថែម​ពីលើ​វិធានការ​មុត​ស្រួច និង​ជាក់ស្តែង​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នោះ ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​ជម្រាប​ជូន​ធុរជន និង​អ្នក​វិនិយោគ​ទាំងអស់​អំពី​សក្ដានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់​ៗ​របស់​កម្ពុជា​ដូច​តទៅ​ទី​១- ភាព​អំណោយផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ទី​២- កម្ពុជា​ស្ថិត​នៅ​លើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន​ដែល​តំបន់​នេះ​បាន និង​កំពុង​ក្លាយជា​«​រោងចក្រ​នៃ​អាស៊ី​» ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិត​នៅ​ចំណុចកណ្តាល​នៃ​តំបន់​មេគង្គ ដែល​ជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច និង​កា​រត​ភ្ជាប់​ខ្ពស់​ជាងគេ ។ ទី​៣- កម្លាំង​ពលកម្ម​ដែល​មាន​ភាព​សម្បូរ​បែប និង​វ័យក្មេង​ដែល​ក្នុង​នោះ​ប្រជាជន​ដែល​មាន​អាយុ​ត្រឹម​៣៥​ឆ្នាំ​ចុះ​មាន​ចំនួន​ដល់​ទៅ​៧២% នៃ​ចំនួន​ប្រជាជន​សរុប​គួប​ផ្សំ​នឹង​ការ​កើនឡើង​នៃ​ចំនួន​ប្រជាជន​ដែល​មាន​ចំណូល​មធ្យម និង​ជា​វណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​កម្ពុជា ។ ទី​៤- កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការ​រើសអើង​រវាង​អ្នក​វិនិយោគ​កម្ពុជា និង​អ្នក​វិនិយោគ​បរទេស​នោះ​ទេ ។ ទី​៥- ទំនិញ​ផលិត​នៅ​កម្ពុជា​មិនមែន​ផ្គត់ផ្គង់​សម្រាប់​តែ​ទីផ្សារ​នៅ​កម្ពុជា​ដែល​មាន​ប្រជាជន ប្រមាណ​តែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ​អនុ​តំបន់​មេគង្គ ដែល​មាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់ ទីផ្សារ​អាស៊ាន​ដែល​មាន​អតិថិជន​ប្រមាណ ៦៣០​លាន​នាក់ និង​ទីផ្សារ​នៅ​ក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែល​មាន​អតិថិជន​ប្រមាណ​៣​ប៊ី​លាន​នាក់​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃ​ទៀត​ក្នុង​ពិភពលោក ។ ទី​៦- កម្ពុជា និង​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជៀង​វាស​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ និង​ពន្ធ​លើ​ប្រាក់​ចំណូល​នៅ​ថ្ងៃ​ទី​៣១ មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ។

សម្តេច​តេ​ជោ​នៅ​តែ​បន្ត​អំពាវនាវ​ដល់​អ្នក​វិនិយោគ​វៀតណាម​ដែល​មិន​ទាន់​បាន​មក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែង​យល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រ​តិ​ប​តិ្ត ការ​ទ្វេភាគី​រវាង​វៀតណាម និង​កម្ពុជា ។ សម្តេច​ក៏​សូម​ធានា​ជូន​អ្នក​វិនិយោគ​គ្រប់​រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយផល ជា​ពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ​ក៏​ដូច​ជា ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ក្រប​ខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ