ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​ចុះ​ចែក​អំណោយ​ឱ្យ​ពលរដ្ឋ​603​គ្រួសារ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ ចាស់​ជរា​គ្មាន​ទីពឹង​ កុមារ​កំព្រា​ និង​ជន​ពិការ​ចំនួន​៦០៣​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ​ចំនួន​៧​ ក្នុងស្រុក​ថ្ពង ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ ។​ ពិធី​ចែក​អំណោយ​នោះ​បាន​ធ្វើ​ឡើង​នៅ​លើ​ទំនប់​អន្លង់​ជ្រៃ​ ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ។​

ខេត្ត​កំពង់​ស្ពឺ​ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ដល់​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​ ចាស់​ជរា​គ្មាន​ទីពឹង​ កុមារ​កំព្រា​ និង​ជន​ពិការ​ចំនួន​៦០៣​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ​ចំនួន​៧​ ក្នុងស្រុក​ថ្ពង ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ ។​ ពិធី​ចែក​អំណោយ​នោះ​បាន​ធ្វើ​ឡើង​នៅ​លើ​ទំនប់​អន្លង់​ជ្រៃ​ ភូមិ​អន្លង់​ជ្រៃ ឃុំ​ប្រាំបី​មុំ ស្រុក​ថ្ពង ។​

ប្រជាពលរដ្ឋដែល​ទទួល​អំណោយ​ទាំង​នោះ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៣០​គីឡូក្រាម​ មី​១​កេស​ ត្រី​ខ​១០​កំប៉ុង​ សារុង​១​ ក្រមា​១​ មុង​១​ ភួយ​១​ ទឹក​បរិសុទ្ធ​ឱរ៉ាល់​១​ដប​ ប្រេង​ឆា​១​ដប​ ថវិកា​២​ម៉ឺន​រៀល​ និង​ក្រណាត់​ស​១​ដុំ​ និង​ថវិកា​១​ម៉ឺន​រៀល​ពី​លើ​អំណោយ​ទាំង​នោះ​ ជា​អំណោយ​​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ។ ដោយ​ឡែក​ចំពោះ​ជន​ពិការ​៧​នាក់ ម្នាក់ៗ​ទទួល​បាន​រទេះ​ពិការមួយ​គ្រឿង និង​ថវិកា​១០​ម៉ឺន​រៀល ។​

មាន​មតិ​សំណេះ​សំណាល​នៅ​ក្នុង​ឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ បាន​មាន​ប្រ​សាសន៍​​​ថា​ កាក​បាទ​ក្រហម​​កម្ពុជា​គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែលធ្វើ​សកម្ម​ភាព​អាស្រ័យ​ដោយ​អំណោយ​សប្បុរស​ជន​គ្រប់​មជ្ឈដ្ឋាន​ ដែល​បាន​យក​ទៅ​ផ្តល់​ជូន​កាក​បាទ​ក្រហម​កម្ពុជា​ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យ​បាន​ទាន់​ពេល​វេលា​ ។ ជា​មួយ​គ្នា​នេះ សម្តេច​បាន​រំលឹក​អំពី​ការ​លំបាក​ សេចក្តី​វេទនា និង​ការ​កាប់​សម្លាប់​ក្នុង​សម័យ​ប៉ុលពត​ ដែល​មនុស្ស​គ្រប់​រូប​មិន​អាច​បំភ្លេច​បាន​ និងបាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចេញ​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ខាង​មុខ​នេះ ។​

ជាង​នេះ​ទៅ​ទៀត​ សម្តេច​ក៏​បាន​អំពាវ​នាវ​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ផង​ដែរ​ កុំ​ឱ្យ​មាន​ចិត្ត​លាក់​លៀម​ទៀត​ ត្រូវ​​មាន​ចិត្ត​ក្លាហាន ​ហ៊ាន​ចេញ​មុខ​ពិគ្រោះ​យោ​បល់​ជា​មួយ​គ្រូ​ពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​ការពារ​កុំ​ឱ្យ​ឆ្លង​ទៅ​កូន​នៅ​ពេល​ឆ្លង​ទន្លេ​ ។​ សម្តេច​​បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ល្អ​កុំ​ឱ្យ​កើត​មាន​​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ ដែល​ជា​ហេតុ​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិង្សា​នៅ​ក្នុង​មូល​ដ្ឋាន ​កើត​មាន​អំពើ​ចោរ​កម្ម​ដូច​ជា​ ចោរ​លួច​ ចោរ​ឆក់​ ចោរ​ប្លន់ជា​ដើម​ ។

ក្រៅ​ពី​នេះ​សម្តេច​បាន​សំណូម​ពរ​​ឱ្យបង​ប្អូន​ប្រជាពល​រដ្ឋទាំង​អស់​​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​គ្រប់​ៗគ្នា​ ពីព្រោះ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​​នេះ​កំពុង​ក្លាយ​ជាក្តី​​កង្វល់​យ៉ាង​ធំ​ធេង​​សម្រាប់​រដ្ឋា​ភិបាល​ដោយ​សារ​តែ​អត្រា​​ស្លាប់​កំពុង​កើត​មាន​ក្នុង​ចំនួន​មួយ​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភបំផុត​ ៕​