ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន១៧៣គ្រឿងតាមបណ្តាប៉ុស្តិ៍-សង្កាត់-ក្រុងទាំង១៧ នាវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៥ មិថុនា ២០១៣ ដែលពិធីនេះរៀបចំឡើងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួមពីលោកស្នងការរងជាច្រើនរូបទៀត ។
នៅក្នុងឱកាសនោះ លោកស្នងការបានមានប្រសាសន៍បញ្ជាក់ថា គ្រប់បណ្តាប៉ុស្តិ៍ទាំងអស់ត្រូវតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការពារសន្តិសុខគ្រប់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះមកឃោសនានៅតាមមូលដ្ឋាននានា ត្រូវតែការពារសន្តិសុខជូនពួកគាត់ឱ្យបានល្អប្រសើរ ព្រោះកន្លងមកមានជនសង្ស័យ៣នាក់ បានប្រព្រឹត្តអំពើអសីលធម៌វាយបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជានៅក្នុងទឹកដីស្រុកព្រៃឈរ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការហើយ ។
បន្ទាប់ពីពិធីនេះចប់ លោកក៏បានប្រជុំដាក់ផែនការ ត្រូវធ្វើយ៉ាងណាការពារសុវត្ថិភាព សន្តិសុខឱ្យបានល្អ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៧ មិថុនា រហូតដល់ ២៦ កក្កដា ២០១៣ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ