ខេត្តកំពង់ចាម ៖ ខណៈពេលយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៥ ជិតចូលមកដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនសារទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទូទាំងប្រទេស ត្រូវខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់បម្រើឱ្យការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជូនសារបែបនេះ នាព្រឹកថ្ងៃទី២៤ មិថុនា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តមុនីសារវ័ន្តជើងព្រៃ ស្ថិតក្នុងឃុំជើងព្រៃ ស្រុកបាធាយ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានធ្វើការអត់ធ្មត់ អរគុណចំពោះបណ្តាគណបក្សនយោបាយទាំងអស់ដែលបានខិតខំធ្វើការអត់ធ្មត់ក្នុងរយៈពេលកន្លងទៅ ធ្វើឱ្យអំពើហិង្សាដែលពីមុនធ្លាប់មានខ្លះៗនោះឥឡូវបានស្ងប់ស្ងាត់ ។ សូមបន្តរក្សាស្ថានភាពនេះតទៅទៀត ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានទទួលបទបញ្ជាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បម្រើឱ្យបក្សនយោបាយទាំងអស់មានឱកាសចុះជួបប្រជាជនក៏ដូចជាការដង្ហែក្បួនឃោសនាបោះឆ្នោតជាដើម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កន្លងទៅពីខេត្តព្រៃវែងទៅខេត្តស្វាយរៀងមានការបំផ្លាញស្លាកគណបក្សនយោបាយមួយចំនួន ។ សម្តេចបានស្នើឱ្យក្រសួងមហាផ្ទៃធ្វើការស្រាវជ្រាវរឿងនេះ ទោះបីការបោះឆ្នោតរួចហើយក៏ដោយ ត្រូវស្រាវជ្រាវរហូតដល់អាណត្តិទី៦ អាណត្តិទី៧ ក៏ត្រូវស្រាវជ្រាវដែរ ព្រោះវាជាការខូចកិត្តិយសរបស់អាជ្ញាធរ ដែលមានពេលខ្លះគេបានដាក់កំហុសមកលើគណបក្សប្រជាជន ។ សំណុំរឿងបំផ្លាញស្លាកគណបក្សនយោបាយនានា ដែលគេបានចោទប្រកាន់ថាអាជ្ញាធរ ឬសកម្មជនគណបក្សកាន់អំណាចជាអ្នកបំផ្លាញនោះ ត្រូវតែជាសំណុំរឿងដើម្បីស្រាវជ្រាវមិនថាមួយខែ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ឬ១០ឆ្នាំក៏ដោយ ដើម្បីសងភាពស្អាតស្អំទៅឱ្យអាជ្ញាធរមានសមត្ថកិច្ចវិញ ។
សម្តេចតេជោ ហុ៊ន សែន សង្កត់ធ្ងន់ថា អ្នកណាធ្វើអ្នកនោះទទួលខុសត្រូវ រាប់ទាំងសមាជិកគណបក្សប្រជាជន បើសិនគណបក្សប្រជាជនធ្វើ សមាជិកគណបក្សប្រជាជនក៏ត្រូវមានទោស និយាយរួមអ្នកណាក៏ដោយ មិនមានអភ័យឯកសិទ្ធិរួចខ្លួនទេ ។ ការបំផ្លាញនេះមានបែបផែនបំផ្លាញទ្រង់ទ្រាយតែមួយដូចគ្នាទាំងអស់ ។ រឿងនេះលាក់មិនជិតទេ ។ សម្តេចបានអំពាវនាវថា ជនណាក៏ដោយដែលបានធ្វើនូវទង្វើនេះ ចេញមកសារភាពនឹងទទួលបានរង្វាន់ ដើម្បីបង្ហាញថាខ្លួនទទួលខុសត្រូវ ហើយរកចាប់មេខ្លោងដែលបញ្ជាឱ្យធ្វើកិច្ចការនេះ ។ មិនថាមេខ្លោងជាអ្នកណាទេ រាប់ទាំងមេខ្លោងក្នុងគណបក្សប្រជាជន ព្រោះល្បែងសាច់កម្មក៏ជារឿងមួយគេអាចធ្វើ ហើយរឿងនេះលាក់មិនជិតទេ ដូចករណីនាំខ្មែរក្រហមចូលក្រុងភ្នំពេញឆ្នាំ១៩៩៧ ។
ដូច្នេះរឿងនេះវាលាក់អត់ជិតទេ បើក្នុងចំណោម២០នាក់ទៅធ្វើ ហោចណាស់ក៏មានម្នាក់មកសារភាពដែរ បើម្នាក់ចេញហើយរឿងនេះវាបែកការណ៍ហើយ …។
ដូច្នេះចេញមកសារភាពមក ខ្ញុំទទួលខុសត្រូវលើសុវត្ថិភាពរបស់អ្នក ប៉ុន្តែអ្នកត្រូវចង្អុលបង្ហាញអ្នកដែលនៅពីក្រោយខ្នង ។ សម្តេចតេជោបានទម្លាយថា ការឱ្យទិញស្រៃ្ប៉ត៍កំពុងបញ្ជូនបណ្តើរៗចេញពីអាមេរិកចូលមកស្រុកខ្មែរ ត្រូវបានធ្វើឡើងដោយស្រ្ដីពីរនាក់ម្ដាយ និងកូន។ សូមសមត្ថកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញត្រូវពិនិត្យ ដែលជនខិលខូចយកទៅបាញ់លើស្លាកគណបក្សនោះ ។ សូមរដ្ឋាភិបាលអាមេរិកជួយពិនិត្យផង ។ ដូច្នេះ សូមបន្ដស្រាវជ្រាវរកជនល្មើសដែលបំផ្លាញស្លាករបស់គណបក្សដទៃ មិនថាអ្នកណាទេ គឺត្រូវមានទោសទាំងអស់ ដើម្បីជម្រះបញ្ជីគ្នា ។
មិនធ្វើម្នាក់ឯងទៅកើតទេ គឺមានការចាត់តាំងជាក់លាក់ណាស់ ។ សម្ដេចតេជោនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ការរំខានខ្លះដែលគេលើកឡើង គប្បីត្រូវបានបញ្ចៀសដូចជា នៅកន្លែងខ្លះគេទៅបើកវេទិកា ឮថាមានចាក់មីក្រូរំខានដល់វេទិការបស់គេ សូមអាជ្ញាធរពិនិត្យមើលបញ្ហានេះ ។ ដូចជាកន្លែងខ្លះគេធ្វើបុណ្យសពបច្ច័យ៤ ហើយទៅបើកវេទិកាទៅ វាអាចមានបញ្ហាប្រឈមដាក់គ្នា ។ ដូច្នេះអ្នកដែលបើកវេទិកានេះ ក៏គួរតែត្រូវបានយោគយល់ចំពោះអ្នករៀបការ ចំពោះបុណ្យសពបុណ្យបច្ច័យ៤ និងបុណ្យដទៃទៀត សូមទៅបើកកន្លែងផ្សេងទៀតទៅ ។
ប៉ុន្តែមានកន្លែងខ្លះ ក៏ត្រូវពិនិត្យមើលផងដែរ វេទិកាគេសុំបើកនៅកន្លែងនេះ ស្រាប់តែដល់ព្រឹកឡើងមានអ្នកមកចាក់មីក្រូធ្វើបុណ្យ ។ ដូច្នេះស្ថានភាពនេះចូលក្នុងកម្រិតប្រហាក់ប្រហែលដែលគេចោទប្រកាន់ថាយើងរំខានគេ គេធ្វើគេបានសុំច្បាប់៣ថ្ងៃមុន ស្រាប់តែព្រឹកឡើងទៅចាក់គឺចូលក្នុងបទរំខានគេហើយ។ ទុកឱ្យគេធ្វើចប់សិនទៅ សឹមចាក់មីក្រូ ដើម្បីកុំឱ្យរំខានគេ ។ សុំពិនិត្យមើលលើបញ្ហានេះ។ យើងមិនអាចប្រើសិទ្ធិនយោបាយមួយទៅសុំគេពេលកំពុងធ្វើបុណ្យនោះទេ ។
សម្តេចតេជោមានប្រសាសន៍ថា មានការផ្តាច់ខ្លួនរបស់ថ្នាក់ដឹកនាំ និងសមាជិកសំខាន់ៗរបស់បក្សប្រឆាំងមកចូលជាមួយគណបក្សប្រជាជន ដោយមានការផ្តាច់ខ្លួននៅខេត្តកំពត ខេត្តសៀមរាប និងនៅភ្នំពេញ ដោយបណ្តាញអ៊ិស្លាម ។
ឯនៅថ្ងៃទី២៥ មិថុនា បើមិនមានការកែប្រែ នឹងមានការផ្តាច់ខ្លួននៅខេត្តកំពង់ចាម និងខេត្តកណ្តាល ដោយមានបេក្ខជនតំណាងរាស្ត្រ និងថ្នាក់ដឹកនាំមួយចំនួន ។ ដូច្នេះសូមបក្សនយោបាយនានាកុំថានេះជាការរំខាន ដោយការផ្តាច់ខ្លួនរបស់សមាជិកទាំងនោះ ។ នេះជាសិទ្ធិនយោបាយរបស់គេដែលគេមិនអាចនៅជាមួយអស់លោកបាន គេសុំមកនៅជាមួយគណបក្សប្រជាជន ឬគេសុំធ្វើសន្និសីទកាសែត ហើយគេទៅនៅជីវភាពក្នុងបក្សនយោបាយថ្មីណាមួយដែលគេពេញចិត្ត ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា សូមកុំឱ្យចាត់ទុកថាការចាកចេញនៃបេក្ខជនតំណាងរាស្ត្រ និងមន្ត្រីបក្សគ្រប់ថ្នាក់របស់អស់លោកជាថ្នាក់ឃុំ ជាថ្នាក់ស្រុក ថ្នាក់ខេត្ត ថាគេរំខានយាយីខាងនយោបាយ ហើយសុំកុំឱ្យប្រើពាក្យថាជាការទិញដូរ កុំប្រើពាក្យថាជាសាច់រលួយ ស្លឹកឈើជ្រុះ…។ ត្រូវគោរពសិទ្ធិរបស់ពលរដ្ឋ ព្រមទាំងមន្ត្រីបក្សរបស់ខ្លួនដែលជាបេក្ខជនតំណាងរាស្ត្រ ឬសមាជិកនៅក្នុងក្រុមប្រឹក្សាខេត្ត-ស្រុក-ឃុំ ដែលគេចេញមកនៅជាមួយគណបក្សប្រជាជន សូមទុកលទ្ធភាពឱ្យគេ ហើយកុំចាត់ទុកថាទិញដូរ ។
បើគិតថាជាការទិញដូរអស់លោកត្រូវគិតខ្លួនឯងយ៉ាងដូច្នេះថា ក្បាលរបស់អស់លោកម៉េចក៏ថោកម៉្លេះ ពីមុនអស់លោកប្រើអ្នកទាំងនេះសុទ្ធតែថាជាមនុស្សល្អ ឥឡូវវាទៅជាគេទិញបាន គឺវាអាក្រក់ណាស់ លោកប្រមាថសិទ្ធិនយោបាយរបស់អ្នកដទៃហើយ ។ ប៉ុន្តែអស់លោកកុំប្រើពាក្យថា ការចាកចេញនៃសមាជិក-សមាជិកាជាអ្នកគាំទ្ររបស់អស់លោក និងថ្នាក់ដឹកនាំ បេក្ខជនតំណាងរាស្ត្ររបស់អស់លោកចូលមកគណបក្សប្រជាជនថា ជាការរំខានខាងនយោបាយ ។ ពាក្យបណ្តឹងរបស់លោកតា ជុំ ម៉ី ឬពាក្យបណ្តឹងរបស់ម្តាយក្មេកឬពាក្យបណ្តឹងរបស់ប្រពន្ធចុង សូមកុំចាត់ទុកថា នេះជាការរំខានអី ។ នេះជាផ្លូវតុលាការ ហើយអាចមានពាក្យបណ្តឹងខ្លះទៀតដែលគេនឹងដាក់ដូចជាការជេរប្រមាថកាតទាននៅកន្លែងផ្សេងៗ ។
ពាក្យបណ្តឹងទោះប្តឹងតាមផ្លូវតុលាការឬប្តឹងតាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ មិនមែនជាការរំខានខាងនយោបាយទេ តែនេះជាផ្លូវច្បាប់ អស់លោកដោះស្រាយទៅ ។ សម្តេចតេជោបានអំពាវនាវឱ្យគ្រប់ទីកន្លែងទាំងអស់ធ្វើកិច្ចការឱ្យបានល្អបំផុត ដើម្បីធានាធ្វើយ៉ាងណាឱ្យប្រទេសរបស់យើងមានការបោះឆ្នោតមួយដែលគ្មានអំពើហិង្សា គ្មានការស្លាប់មនុស្ស គ្មានរបួស ហើយក៏គ្មានការយាយីរំខានពីអាជ្ញាធរនិងកម្លាំងប្រដាប់អាវុធ គឺការពារឱ្យបេក្ខជនតំណាងរាស្ត្រ និងសកម្មជននៃបណ្តាបក្សនយោបាយទាំងអស់បានធ្វើសកម្មភាពស្របតាមច្បាប់ ៕
ចែករំលែកព័តមាននេះ