រាជធានីភ្នំពេញ ៖ ស្រ្តីជាប្រពន្ធដើម និងកូនប្រុស២នាក់ បានត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាមោ៉ង៧និង៣០នាទីយប់ថ្ងៃទី២៣ មិថុនា នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយសារត្រូវបុរសជាប្តី និងជាឪពុក ប្តឹងចោទប្រកាន់ពីបទមនុស្សឃាត ព្រោះបានដណ្តើមកាំភ្លើងពីឪពុកយកទៅអាមេ៉ភ្ជង់ប្រពន្ធចុងនិងខ្លួនជាឪពុក ខណៈកើតជម្លោះរវាងប្រពន្ធដើម និងប្រពន្ធចុង ។ បុរសដែលក្លាយជាស្មាមួយអម្រែក២នេះ គឺជាមន្ត្រីប៉ូលិសប៉ុស្តិ៍សង្កាត់ឃ្មួញ ឈ្មោះ គួយ សុខា អាយុ៤៥ឆ្នាំ ។
ស្រ្តីជាប្រពន្ធដើមឈ្មោះ ស្រី ច័ន្ទសុគា អាយុ៤០ឆ្នាំ និងកូនប្រុស២នាក់ ម្នាក់ឈ្មោះ គួយ សុខេង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ គួយ សុខុន អាយុ១៥ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួន ។ ចំណែកស្រ្តីជាប្រពន្ធចុងឈ្មោះ គង់ ចាន់ អាយុុ៣៨ឆ្នាំ ។ នៅក្នុងការិយាល័យប៉ូលិសប៉ុស្តិ៍ក្នុងទឹកមុខស្រងូតស្រងាត់ ស្រី្តជាប្រពន្ធដើមបាននិយាយទាំងស្រក់ទឹកភ្នែកថា គាត់បានចាប់ដៃគ្នាជាប្តីប្រពន្ធក្រាបសំពះក្បាលដល់កន្ទេល និងមានលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវស្របច្បាប់ តាំងពីឆ្នាំ១៩៩៣ មក ដោយមានកូនប្រុសចំនួន៤នាក់ ។
ពីមុនគាត់រស់នៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ តែនៅឆ្នាំ២០០០ ក្រុមគ្រួសារគាត់បាននាំគ្នាទៅរស់នៅផ្ទះមួយទៀត ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាប្រាសាទ ក្នុងភូមិទួលក្រសាំង សង្កាត់ឃ្មួញដដែល ។ ស្រ្តីជាប្រពន្ធដើមរៀបរាប់បន្តថា ខណៈពេលទៅរស់នៅផ្ទះថ្មីនោះហើយ ដែលប្តីគាត់ចាប់ផ្តើមបែកគំនិតមានស្រី គឺលួចមានប្រពន្ធចុង និងបង្កជម្លោះវាយតប់គាត់និងកូនៗឥតល្ហែ ធ្លាប់ដកកាំភ្លើងភ្ជង់គំរាម និងបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនលើក ព្រមទាំងបានយកប្រពន្ធចុងមករស់នៅក្នុងផ្ទះចាស់ថែមទៀត ។
ជាបន្តបន្ទាប់ជម្លោះប្តីប្រពន្ធកាន់តែរីករាលដាលរហូតប្តឹងប្តល់ដល់តុលាការនៅឆ្នាំ២០១២ ហើយមកដល់បច្ចុប្បន្ន តុលាការនៅមិនទាន់សម្រេចតាមផ្លូវច្បាប់ណាមួយនៅឡើយនោះទេ ។ ចំណែកលោកប្តីរូបនេះ ក៏នៅតែបន្តទាក់ទងជាមួយប្រពន្ធចុងនេះដដែល ។ ស្ត្រីជាប្រពន្ធដើមបានបន្តទៀតថា នៅមុនពេលកើតហេតុ រូបគាត់និងកូនប្រុសបានជិះម៉ូតូចេញពីផ្ទះនៅខាងក្រោយសាលាបឋមសិក្សាប្រាសាទ ក្នុងគោលបំណងទៅរកទិញសាច់គោអាំង ។ ប៉ុន្តែមិនទាន់ទៅដល់កន្លែងលក់សាច់គោអាំងផង ដោយជិះកាត់មុខផ្ទះចាស់ក៏ប្រទះឃើញស្រ្តីជាប្រពន្ធចុងឈរនៅមុខផ្ទះ ទើបគាត់ទប់កំហឹងមិនបានស្ទុះទៅប្រវាយប្រតប់ ដោយសារតែក្តៅក្រហាយ ស្រ្តីប្រពន្ធចុងនោះមានសិទ្ធិអ្វីហ៊ានចូលទៅនៅក្នុងផ្ទះចាស់គាត់ ។
ពេលនោះប្តីក៏បានមកដល់ជួយឃាត់ តែដោយឃាត់មិនឈ្នះក៏ដកកាំភ្លើងខ្លីម៉ាកកា59 ពីចង្កេះភ្ជង់មកគាត់ជាប្រពន្ធដើម ទើបកូនប្រុសទាំងពីរនាក់ ដែលនៅមិនឆ្ងាយប៉ុន្មានពីគាត់ ស្ទុះមកចាប់ក្រៀកដកយកបានកាំភ្លើងពីឪពុកហើយរត់ចេញ ស្រាប់តែសមត្ថកិច្ចមកដល់ឃាត់ខ្លួនគាត់ជាប្រពន្ធដើម និងកូនប្រុសទាំង២នាក់តែម្តង ។
មន្ត្រីប៉ូលិសឈ្មោះ គួយ សុខា ដែលប្រពន្ធចោទថា មានប្រពន្ធចុងលួចលាក់ កោះសន្តិភាពមិនអាចសុំការបំភ្លឺបានទេជុំវិញបញ្ហាដែលផ្ទុះឡើងយ៉ាងកក្រើកដីដូចភ្នំភ្លើងផ្ទុះនេះ ។
ប៉ុន្តែ លោក ម៉ក់ ហុងអធិការប៉ូលិសខណ្ឌសែនសុខ បានប្រាប់កោះសន្តិភាពថា កូនប្រុសទាំងពីរនាក់បានទៅចាប់ក្រៀកឪពុករបស់ខ្លួនដណ្តើមយកកាំភ្លើងមកអាមេ៉ ហើយភ្ជង់បំណងបាញ់ទៅលើស្រ្តីជាប្រពន្ធចុងនិងឪពុកតែដោយសារតែកាំភ្លើងនោះគាំងបាញ់មិនចេញ ហើយប៉ូលិសអន្តរាគមន៍ខណ្ឌសែនសុខ ចុះទៅទាន់ពេលវេលាក៏បានឃាត់ខ្លួនអ្នកទាំងបីនាក់រួមជាមួយនឹងអាវុធយកមកអធិការដ្ឋានខណ្ឌភ្លាមៗ ។ ចំពោះហេតុការណ៍ខាងលើ ប្រជាពលរដ្ឋក៏បានស្តីបន្ទោសប៉ូលិសប៉ុស្តិ៍ឃ្មួញថា មិនបានចុះទៅធ្វើអន្តរាគមន៍ទាន់ពេល ខណៈជម្លោះក្នុងគ្រួសារនេះនៅមិនឆ្ងាយប៉ុន្មានពីប៉ុស្តិ៍ បែរជាគ្មានមន្រ្តីប្រចាំការទៅវិញ ។ ប្រសិនបើកាំភ្លើងមិនគាំង ប្រាកដជាមានអ្នកបាត់បង់ជីវិតមិនខានឡើយ ៕
ចែករំលែកព័តមាននេះ