ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ដែលមានអាយុទើបតែ១ឆ្នាំ ៨ខែ បានពុលពងគីង្គក់ស្លាប់ និង៤នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះនៅមណ្ឌលសុខភាពស្រះជីក ស្រុកភ្នំស្រុក បន្ទាប់ពីពួកគេបាននាំគ្នាចាប់គីង្គក់ដែលមានពងយកមកដុតហូប ។ េហតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣ មិថុនា នៅភូមិស្មាច់ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ។
លោកអនុសេនីយ៍ទោ សុឹម អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកជោរឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ ឈ្មោះ ឆាម វណ្ណី ឪពុកឈ្មោះ ឆាម វណ្ណា អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ម៉ូវ ប្រឹង អាយុ៣៥ឆ្នាំ បច្ចុប្បន្នទៅធ្វើការនៅប្រទេសថៃ ទុកឱ្យកូនៗ៣នាក់រស់នៅជាមួយជីតាឈ្មោះ ម៉ូវ ឆាម អាយុ៦៨ឆ្នាំ ដែលជាជនពិការស្វិតជើងទាំង២ និងយាយឈ្មោះ ឡម អាយ អាយុ៦៧ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំខាងលើ ។
ប្រភពដដែលបន្តថា នៅល្ងាចថ្ងៃកើតហេតុ ក្មេងៗចំនួន៥នាក់នោះមាន ១-ឈ្មោះ ឆាម វណ្ណេត ភេទស្រី អាយុ១១ឆ្នាំ ២-ឈ្មោះ ឆាម វណ្ណយ ភេទស្រី អាយុ៦ឆ្នាំ ៣-ឈ្មោះ ឆាម វណ្ណី (ស្លាប់) ទាំង៣នាក់ជាបងប្អូនបង្កើត ៤-ឈ្មោះ មុ៉ន ស៊ីផា ភេទប្រុស អាយុ៦ឆ្នាំ និង៥-ឈ្មោះ ម៉ុន សា ភេទប្រុស អាយុ១១ឆ្នាំ ទាំងពីរនាក់ជាបងប្អូនបង្កើត ទាំង៥នាក់បានចាប់គីង្គក់ដែលមានពងយកមកដុតរួចនាំគ្នាហូប ។
បន្ទាប់ពីហូបរួចក៏បណ្តាលឱ្យពុលស្លាប់ម្នាក់ឈ្មោះ ឆាម វណ្ណី ដែលមានអាយុតិចជាងគេ ឯ៤នាក់ទៀត ពុលក្អួតចង្អោរ ត្រូវបានដឹកយកទៅជួយសង្គ្រោះនៅមណ្ឌលសុខភាពស្រះជីក ស្រុកភ្នំស្រុក ដែលមកដល់ពេលនេះឮថាធូរស្រាលគ្រាន់បើហើយ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ៕
ចែករំលែកព័តមាននេះ