រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា កម្ពុជាមានយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗដូចជា ការប្រែក្លាយឧស្សាហកម្មដែលពឹងផ្អែកកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ, ការតភ្ជាប់វិស័យវិស័យSME ទៅទីផ្សារអន្តរជាតិ និងការធ្វើទីផ្សារខ្លួនឯង ព្រមទាំងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងគុណភាពវិស័យអប់រំជាដើម ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងបាឋកថា ស្តីពីកានុវត្តភាពនានា និងការប្រឈមក្នុងការកសាងជាតិដែលរៀបចំនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី៤ ខែធ្នូ ម្សិលមិញថា ក្រោយការអនុវត្តប្រជាធិបតេយ្យ សេរីពហុបក្ស និងនៅពេលដែលកម្ពុជាមានសន្ដិភាពជាង២០ឆ្នាំមកនេះ បញ្ហាសេដ្ឋកិច្ចកម្ពុជាមានការប្រែប្រួលយ៉ាងខ្លាំង ពោលគឺធ្វើឲ្យកម្ពុជាមានការប្រកួតប្រជែង ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងមានការរៀបចំកែទម្រង់ជាច្រើន ដើម្បីជំរុញឲ្យមានប្រសិទ្ធភាព និងមានគុណភាព ដើម្បីអភិវឌ្ឍន៍ឈានទៅរកការប្រកួតប្រជែងប្រកបដោយជោគជ័យ ។
លោករដ្ឋលេខាធិការបន្តថា ៖« រាជរដ្ឋាភិបាលមានទិសដៅ និងគោលនយោបាយសំខាន់ៗ ដើម្បីចាប់យកកាលានុវត្តភាព និងការដោះស្រាយបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន រួមមានដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៥០ជាដើម »។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា សូចនាករសំខាន់ៗដែលកម្ពុជានឹងសម្រេចបាននៅក្នុងឆ្នាំ២០១៨នេះ រួមមានផលិតផលសរុបក្នុងស្រុក (ផ.ស.ស) មានចំនួន៩២.២៤៥ប៊ីលានរៀល ឬស្មើនឹងប្រមាណ២៤ពាន់៤៨៧លានដុល្លារអាមេរិក ។ ជាមួយគ្នានេះ វិស័យកសិកម្ម នឹងសម្រេចបានកំណើន២២%, វិស័យឧស្សាហកម្ម ៣២% និងវិស័យសេវាកម្ម នឹងសម្រេចបានកំណើន៤០%។ ចំណែកចំណូលសម្រាប់មនុស្សម្នាក់ ក្នុងមួយឆ្នាំ នៅឆ្នាំ២០១៨នេះ នឹងកើនឡើងដល់១.៥៥៥ដុល្លារអាមេរិក ហើយសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់អត្រា៧,១ភាគរយផងដែរ ។
នៅក្នុងរបាយការណ៍ចុងក្រោយស្ដីពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ក៏បានផ្ដល់ទស្សនទានសំខាន់ៗផងដែរ ក្នុងនោះកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍន៍លើធនធានរូបវ័ន្ត និងធនធានមនុស្សរបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានចំណាត់ថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាងមុនក្នុងរយៈពេលវែង ។បន្ថែមលើនេះ កម្ពុជាចាំបាច់ត្រូវធ្វើកំណែទម្រង់នានាដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព និងកៀរគរប្រាក់សន្សំក្នុងស្រុកឲ្យបានច្រើនដើម្បីយកទៅបង្កើនការវិនិយោគ គឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្តាប្រទេសមានសេដ្ឋកិច្ចល្អជាងគេនៅអាស៊ីសម្រេចបាន ។
របាយការណ៍នេះ ក៏បានស្នើសុំឲ្យតភ្ជាប់ភាពខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធដើម្បីស្រូបយកវិនិយោគទុនផ្ទាល់ពីបរទេសលើផ្នែកផលិតកម្មនិងការកែច្នៃកសិកម្មដែលកំពុងតែកើនឡើង ព្រមទាំងការកែលម្អជាបន្តបន្ទាប់លើបរិយាកាសអាជីវកម្មផងដែរ ខណៈហានិភ័យនានាដែលកម្ពុជាអាចប្រឈមដូចជា ហានិភ័យនៃវិស័យហិរញ្ញវត្ថុបន្តកើនឡើង ដែលវានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ជាដើម ៕
ចែករំលែកព័តមាននេះ