បើទោះជាពាណិជ្ជករជាច្រើនបានយកគ្រឿងអលង្ការត្បូង-ពេជ្រមានតម្លៃពីបណ្តាប្រទេសនានាមកដាក់តាំងបង្ហាញក្នុងពិព័រណ៍លើកទី៥ នៅកោះពេជ្ររាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែមិថុនា ២០១៣ ដើម្បីធ្វើការប្រកួតប្រជែងលើទីផ្សារត្បូងពេជ្រដែលមើលទៅគួរឱ្យស្ញប់ស្ញែងចំពោះចំណាំងភ្លឺផ្លេករបស់វាក៏ដោយ ក៏អតិថិជនដែលចូលរួមក្នុងពិធីភាគច្រើននៅតែកោតសរសើរដល់ត្បូងរបស់ប្រទេសកម្ពុជា ជាពិសេសគឺត្បូងប៉ៃលិន ។
គ្រឿងអលង្ការត្បូង-ពេជ្ររាប់សិបប្រភេទ និងការច្នៃចំណាំងច្រើនម៉ូដច្រើនម៉ាកភ្លឺផ្លេកៗត្រូវបានវដាំភ្ជាប់ជាមួយគ្រឿងអលង្ការប្រាក់ ប្លាទីន និងមាសបំពាក់លើរាងកាយដ៏ល្វត់ល្វន់ស្រស់ឆើតរបស់តារាម៉ូដែល, តារាសម្តែង និងតារាចម្រៀងជាច្រើនរូប គួរឱ្យត្រេកអរ និងគយគន់ជាប់ចិត្ត ដ្បិតអីពិធីពិព័រណ៍ត្បូង-ពេជ្រលើកទី៥នេះ សំដៅបង្ហាញអំពីសក្តានុពលត្បូង-ពេជ្ររបស់ប្រទេសនីមួយៗ ដើម្បីឈានទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ។
ក្នុងពិព័រណ៍ដែលមានក្រុមហ៊ុន៧៨ស្មើនឹង៩០ស្តង់បង្អួតនូវភាពច្នៃប្រឌិតរបស់ត្បូងរៀងៗខ្លួននោះសម្រាប់កម្ពុជាវិញមានមោទនភាពយ៉ាងខ្លាំង ដោយសារតែមានមជ្ឈដ្ឋានច្រើនជាចាប់អារម្មណ៍ត្បូងប៉ៃលិន ខណៈការប្រកួតប្រជែងមាន ជប៉ុន, ចិន, សិង្ហបុរី, ថៃ, ឡាវ… ។ កម្ពុជាបានយកត្បូងល្អៗពីបណ្តាខេត្តនានាមកដាក់តាំងបង្ហាញរួមមាន ខេត្តរតនគិរី, ស្ទឹងត្រែង, តាកែវ, សៀមរាប, ប៉ៃលិន…។
លោកឌី លី វ័យ៥៣ឆ្នាំ ម្ចាស់ស្តង់យីហោភ្នំយ៉ាតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានឱ្យទស្សនាវដ្តីមហាគ្រួសារដឹងថា ខ្ញុំបានយកត្បូងមានតម្លៃទទឹម កណ្តៀង និងត្បូងផ្សេងៗ១០ប្រភេទ ហើយត្បូងខ្លះ១គ្រាប់ថ្លៃរហូតដល់១ម៉ឺនដុល្លារគិតទៅតាមទំហំរបស់ត្បូងមកដាក់តាំងបង្ហាញ ។ ពិព័រណ៍គ្រឿងអលង្ការត្បូង-ពេជ្រដែលមានរយៈពេល៤ថ្ងៃពីថ្ងៃទី១៣-១៦ មិថុនា ២០១៣ នៅសាលពិព័រណ៍-សន្និសីទកោះពេជ្រនេះ បានធ្វើឱ្យពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនស្គាល់ត្បូងរបស់កម្ពុជាកាន់តែកើនឡើង ជាហេតុធ្វើឱ្យខ្ញុំមានមោទនភាពចំពោះត្បូងខ្លួនឯង (ត្បូងប៉ៃលិន) ដោយហេតុថា ត្បូងយើងពិតជាល្អ និងគ្រប់ផលិតផលសុទ្ធតែត្រូវបានត្រួតពិនិត្យមានគុណភាពល្អពីក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ។
ផ្អែកតាមបទពិសោធន៍ទិញ-លក់ត្បូងនៅក្នុងស្រុកខ្មែរជាង២០ឆ្នាំ លោកឌី លី បានលើកឡើងថា ត្បូងមានតម្លៃរបស់កម្ពុជាលក់បានថ្លៃខ្ពស់ តែនៅក្នុងស្រុកប៉ុណ្ណោះ តែពេលយកទៅលក់នៅបរទេសគេឱ្យថ្លៃទាប ដោយប្រទេសទាំងនោះនិយាយថា គេមិនដែលធ្លាប់ដឹង មិនធ្លាប់ស្គាល់ និងធ្លាប់ឃើញត្បូងរបស់ប្រទេសកម្ពុជានោះ
ទេ ។ លុះពេលបើកការតាំងពិព័រណ៍គ្រឿងអលង្ការត្បូង-ពេជ្រ ស្រាប់តែគេចាប់អារម្មណ៍ខ្លាំង ជាពិសេសត្បូងប៉ៃលិន។
អ្នកមានពិសោធន៍រកស៊ីត្បូងលោកឌី លី បញ្ជាក់ថា ត្បូងកម្ពុជាមិនត្រឹមតែប្រកួតប្រជែងជាមួយថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ចិន, ជប៉ុន ដោយមានការគាំទ្រខ្លាំងប៉ុណ្ណោះទេ ថែមទាំងអាចប្រកួតប្រជែងគុណភាពជាមួយប្រទេសស្រីលង្កា ម៉ាដាហ្គាស្កា អាមេរិក និងភូមាទៀតផង ។ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ពាក់ព័ន្ធនឹងទីផ្សារត្បូង-ពេជ្រថា ពេលនេះសហរដ្ឋអាមេរិកបានលើកលែងពន្ធនាំចូលត្បូងពីកម្ពុជាទៅកាន់ប្រទេសរបស់ខ្លួនដែលជាទីផ្សារធំសម្រាប់ពិភពលោក និងជាការញាំុងឱ្យកម្ពុជាសង្ឃឹមថា អ្នកជំនួញត្បូង-ពេជ្រអាមេរិក, បណ្តាប្រទេសអឺរ៉ុប, ថៃ, ចិន… នឹងមកបណ្តាក់ទុនរកស៊ីត្បូង-ពេជ្រនៅកម្ពុជា ព្រោះពួកគេបានរួចពន្ធទៅកាន់ទីផ្សារអាមេរិក ៕
ចែករំលែកព័តមាននេះ