រាជធានីភ្នំពេញ ៖ លោកជុំ ម៉ី ប្រធានសមាគមជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ និងជាមេធាវីការពារក្តីរបស់លោកកួយ ថុនា នៅវេលាព្រឹកថ្ងៃទី២៤ មិថុនា ២០១៣ បានចូលទៅបំភ្លឺបន្ថែមលើពាក្យបណ្តឹងរបស់លោក ដែលបានដាក់ពាក្យប្តឹងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិពីបទបរិហាកេរ្តិ៍ជាសាធារណៈទាក់ទងនឹងបញ្ហាទួលស្លែង ដែលកាលពីពេលកន្លងមក លោកកឹម សុខា បាននិយាយថា ជាគុកសិប្បនិម្មិត ។ លោកជុំ ម៉ី បានថ្លែងប្រាប់អ្នកកាសែតថា លោកបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្ត១០០០ដុល្លារអាមេរិក ដើម្បីឱ្យដល់វិញ្ញាណក្ខន្ឌដល់ជនរងគ្រោះនៅគុកទួលស្លែង ។
ស្របពេលជាមួយគ្នានេះដែរ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅអនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា ដែរ ដើម្បីឱ្យចូលខ្លួនបំភ្លឺករណីបណ្តឹងរបស់លោកជុំ ម៉ី ទាក់ទងនឹងអ្វីដែលបុគ្គលកឹម សុខា បានថ្លែងធ្វើឱ្យប៉ះពាល់ដល់សាធារណៈជុំវិញបញ្ហាទួលស្លែង ជាកន្លែងសិប្បនិម្មិត ។
ដីកានេះបានបញ្ជូនទៅស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ទួលគោក តែបុគ្គលិកនៃគណបក្សនេះមិនបានទទួលទេ ព្រោះលោកកឹម សុខា មិនបានប្រាប់ឱ្យពួកគេឱ្យទទួលដីកានេះ ។ ព្រះអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញលោកមាស ចន្ទពិសិដ្ឋ បានចេញដីកានេះ ហើយបានបញ្ជូនទៅលោកកឹម សុខា ឱ្យចូលខ្លួននៅថ្ងៃទី២៧ មិថុនា ២០១៣ ៕
ចែករំលែកព័តមាននេះ