រាជធានីភ្នំពេញ ៖ លោកស្រីចាំង ស៊ីណាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២៤ មិថុនា ២០១៣ នេះ បានលើកយកសំណុំរឿងព្រហ្មទណ្ឌ «អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» ដែលមានជនជាប់ចោទឈ្មោះដេវីត ឆាណាយវ៉ា ភេទប្រុស និងឈ្មោះអូហ្វី ភេទប្រុស ដែលត្រូវជាក្មួយរបស់ឈ្មោះដេវីត ឆាណាយវ៉ា ត្រូវបាននាំយកមកចូលរួមសវនាការសួរដេញដោលនៅចំពោះមុខចៅក្រម និងព្រះរាជអាជ្ញារងលោកជេត ខេមរា តែឈ្មោះយាន ស៊ីណា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌មិនមានវត្តមានទេ ។ ការសួរដេញដោលបានប្រើរយៈពេលជាង៣ម៉ោង ដោយមានការចាក់ផ្សាយនូវវីដេអូឃ្លីបនៃអំពើហិង្សាដែលជនជាប់ចោទបានវាយទៅលើអ្នកកាសែតផងដែរ ។
មុនពេលសវនាការនៅចំពោះមុខអង្គសវនាការ ជនជាប់ចោទបានទាមទារឱ្យតុលាការអនុញ្ញាតឱ្យមានការថតវីដេអូចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ និងសារព័ត៌មានជាតិដែលបានចុះផ្សាយ ឬបានចាក់ផ្សាយរូបភាពដែលក្រុមរបស់គាត់បានថតផ្សាយ កាលពីយប់ថ្ងៃទី១៩ មីនា ២០១៣ កន្លងមក ការលើកឡើងនេះត្រូវបានចៅក្រមជំនុំជម្រះលោកស្រីចាំង ស៊ីណាត និងតំណាងអយ្យការលោកព្រះរាជអាជ្ញារងជេត ខេមា ថា វាមិនចាំបាច់ថតរូបទេ ព្រោះបទបញ្ជាផ្ទៃក្នុងរបស់តុលាការមិនអនុញ្ញាតឱ្យមានការថតក្នុងសវនាការនេះទេ ហើយករណីនេះត្រូវបានតុលាការបដិសេធការស្នើសុំនេះរួចទៅហើយ ៕
ចែករំលែកព័តមាននេះ