ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ព្រ​លាន​យន្ដហោះ​ថ្មី​នៅ​សៀមរាប​កំពុង​ដំណើរការ​សន្សឹម​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​អាកាស​ចរ​ស៊ី​វិល បាន​អះអាង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប កំពុង​ដំណើរការ​សាងសង់​សន្សឹម​ៗ ខណៈ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​អាកាស​ចរ​ស៊ី​វិល បាន​អះអាង​ថា ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​ដែល​ស្ថិត​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប កំពុង​ដំណើរការ​សាងសង់​សន្សឹម​ៗ ខណៈ​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣ ធ្នូ ម្សិលមិញ​ថា គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​កំពុង​ឆ្ពោះទៅ​មុខ​សន្សឹម​ៗ តែ​មិនលឿន​តាម​អ្វី​ដែល​យើង​ចង់បាន​នោះ​ទេ ព្រោះ​ព្រ​លាន​យន្តហោះ​មួយ​អាច​ចំណាយពេល​សាងសង់​ចន្លោះ​ពេល​ពី​៥​ទៅ​១០​ឆ្នាំ ។

លោក​បន្ត​ថា តាម​ព័ត៌មាន​ដែល​លោក​ដឹង គឺ​ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ​បាន​ឈូស​ឆាយ​ពង្រាបដី​ជិត​រួចរាល់​ហើយ ខណៈ​ពេល​នេះ​ពួក​គេ​កំពុង​ធ្វើតេស្ត​ដី និង​ការងារ​បច្ចេកទេស​ច្រើន ដើម្បី​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅ​ពេល​ខាង​មុខ ។ លោក​ថា ៖« ការងារ​បច្ចេកទេស ជា​ការងារ​លំបាក​ស្មុគស្មាញ ដែល​អាច​ចំណាយពេល​១​ឆ្នាំ​ទៀត ទើប​អាច​រៀបចំ​ចប់ ព្រោះ​ព្រ​លាន​យន្តហោះ​មួយ​ៗ​មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ »​។ លោក​សង្កត់ធ្ងន់​ថា ៖« ខ្ញុំ​អាច​បញ្ជាក់​បាន​ថា គម្រោង​របស់​រាជរដ្ឋាភិបាល​នីមួយ​ៗ​មិន​មានការ​ផ្លាស់​ប្តូរ​ទេ គ្រាន់តែ​អ្វី​ៗ​អាច​ដំណើរការ​បាន គឺ​ត្រូវការ​ពេលវេលា​ច្រើន »​។

លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​បន្ត​ថា គម្រោង​ព្រ​លាន​យន្តហោះ​នេះ​នឹង​សាងសង់​ជា ២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ អាច​ចំណាយ​ថវិកា​ប្រមាណ​៥៥០​លាន​ដុល្លារ និង​ដំណាក់កាល​ទី​២ នឹង​ចំណាយ​ថវិកា​ប្រមាណ​៣៥០​លាន​ដុល្លារ ដើម្បី​ពង្រីក​ទំហំ​ព្រ​លាន​យន្តហោះ​នេះ​កាន់តែ​ធំ និង​អាច​ចុះ​ចត​យន្តហោះ​ធំ​ៗ​បាន ។ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អភិបាលខេត្ត​សៀមរាប​កាលពី​ពេល​ថ្មី​ៗ​នេះ លោក Zou Yuhui​នាយករង​ក្រុមហ៊ុន YUNAN DEVELOPMENT GROUP ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ព្រ​លាន​យន្តហោះ​នេះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប​យកចិត្តទុកដាក់​លើ​ការងារ​បច្ចេកទេស​មួយ​ចំនួន ពិសេស​ទីតាំង​ជុំវិញ​អាកាសយានដ្ឋាន​នេះ ទាក់ទង​នឹង​បង្គោល​ភ្លើង វត្ត​នៅ​លើ​ភ្នំ និង​គម្រោង​អភិវឌ្ឍន៍​ខេត្ត ដើម្បី​ធានា​សុវត្ថិភាព​ដល់​វិស័យ​អាកាសចរណ៍ ។

ព្រ​លាន​យន្តហោះ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​តា​យែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។
បើ​តាម​លោក Zou Yuhui បាន​បន្ត​ឲ្យ​ដឹងផង​ដែរ​ថា រហូត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​កំពុង​រៀបចំ និង​កសាង​ផែនការមេ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​រួច​ហើយ ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​សាងសង់​ព្រ​លាន​នេះ ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា នៅ​ពេល​ព្រ​លាន​យន្តហោះ​នេះ​សាងសង់​ចប់ និង​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ​បាន វា​នឹង​ជួយ​ទាក់ទាញ​វិស័យ​អាកាសចរណ៍​ភ្ជាប់​ជើងហោះហើរ​កាន់តែ​ច្រើន​ថែម​ទៀត ពិសេស​នឹង​នាំ​មក​មិន​ត្រឹមតែ​ភ្ញៀវ​ទេសចរ​នោះ​ទេ តែ​ក៏​នាំ​មក​នូវ​វិស័យ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ផង​ដែរ ។ លោក​បន្ត​ថា ៖« វា​ជា​រឿង​អបអរសាទរ ចាប់តាំងពី​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ខ្លាំង ហេតុនេះ​ពេល​ព្រ​លាន​នេះ​សាងសង់​ចប់ នឹង​ជំរុញ​វិស័យ​នេះ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត »​។

ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​នេះ នឹង​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃដី​ជាង​៧០០​ហិ​កតា ក្រោម​ទុន​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​YUNAN Development Group ជា​ក្រុមហ៊ុន​យក្ស​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន ។ រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧ អាកាសយានដ្ឋាន​ទាំង​៣​របស់​កម្ពុជា ទទួល​បាន​អ្នកដំណើរ​ចំនួន​៨​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៧​លាន​នាក់ ។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​កំពុង​ត្រៀម​ទទួល​ស្វាគមន៍​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​១០​លាន​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ