5​ទៅ​10​ឆ្នាំ​ខាង​មុខ តំបន់​ផ្លូវជាតិ​លេខ​6 នឹង​កាន់តែ​រីក​ចម្រើន ខ្លាំង


រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ និង​អ្នក​អភិវឌ្ឍន៍​នានា​បាន​សម្តែង​សុទិដ្ឋិនិយម​ពី​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចាប់ពី​គល់​ស្ពាន​ជ្រោយចង្វា​ដល់​តំបន់​ព្រែក​តាម​មា​ក់ កំពុង​មានការ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​នានា ដោយសារ​លក្ខខណ្ឌ​ភូមិសាស្ត្រ​អំណោយផល និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ បើ​ទោះបីជា​បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​បន្ដិច ប៉ុន្ដែ​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ នឹង​មាន​ភាព​រស់​រវើក​កាន់តែខ្លាំង ។

កាលពីដើម​ខែធ្នូ​ឆ្នាំ​មុន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន ក្នុង​គម្រោង​ទឹកប្រាក់​១.៥០០​លាន​ដុល្លារ​, គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​១.៦០០​លាន​ដុល្លារ ក៏​បាន​និង​កំពុង​រៀបចំ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ។ លើស​ពី​នេះ​សួនសត្វ​ធំ​ជាងគេ​ទំហំ​៨០​ហិ​កតា ក៏​បាន​បើក​ដំណើរការ​ដែរ ។ បន្ថែម​លើស​ពី​នេះ គម្រោង​បុរី​ជា​ច្រើន​ទៀត រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ទៀត នឹង​ធ្វើ​ឲ្យ​តំបន់​នេះ​កាន់តែ​មាន​ភាព​អ៊ូអរ និង​រស់​រវើក​ខ្លាំង​នៅ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ ។

លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន​OCIC​ដែល​កំពុង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ផ្លូវ និង​លូ​នៅ​ក្នុង​ទីក្រុង​នេះ ខណៈ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ន គ្រោង​នឹង​បញ្ចប់​នៅ​ដំណាច់ឆ្នាំ​នេះ ។
លោក​បន្ត​ថា ៖« គម្រោង​សាងសង់​ទីក្រុង​នេះ​មាន​លក្ខណៈ​បែប​ណា នឹង​ដឹង​នៅ​ពាក់​នៅ​ពេល​ឆាប់​ៗ ប៉ុន្តែ​ទស្សនទាន​នៃ​ការ​អភិវឌ្ឍ​ទីក្រុង​នេះ មាន​សភាព​ដូច​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​ដែរ »​។ លោក​បន្ថែម​ថា ៖« ខ្ញុំ​ជឿជាក់​ថា​ទីក្រុង​រណប​ថ្មី​នេះ នឹង​ទទួល​បាន​ជោគជ័យ ដោយសារ​វា​ជាទី​តាំង​ដ៏​ល្អ ដែល​មាន​ទន្លេ​ព័ទ្ធ​ជុំវិញ ខ្យល់អាកាស​បរិសុទ្ធ និង​ជាទី​តាំង​ស្ថិត​នៅ​ជិត​កណ្តាល​ក្រុង​ជាងគេ »​។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង​ក្រុងភ្នំពេញ​ធ្លាប់​បាន​ថ្លែង​ថា គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប ឆ្ពោះទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា​ពី​មុន គ្រោង​ចាក​ចេញពី​តំបន់​ឃ្លាំង​សាំង​សូ​គី​ម៉ិច ប៉ុន្តែ​ដោយសារ​លក្ខខណ្ឌ​ទីតាំង​មិនសូវ​មាន​ភាព​អំណោយផល ទើប​សាលាក្រុង បាន​សិក្សា​ទីតាំង​ថ្មី​ដែល​ស្ថិត​នៅ​ផ្លូវ​រទេះភ្លើង ពី​គីឡូម៉ែត្រ​លេខ​៦ ដែល​សាលាក្រុង​គ្រោង​សាងសង់​ផ្លូវ​មួយ ចេញពី​តំបន់​នេះ​មក​កាន់​ផ្លូវ​លេខ​៧០(​ផ្លូវ​ទំនប់​ទួល​គោក​) ។លោក​បន្ត​ថា ៖« នេះ​ជា​គម្រោង​ដ៏​សំខាន់ ដែល​ជា​ផ្លូវ​យុទ្ធសាស្ត្រ​រំដោះ​ចរាចរណ៍​ចេញពី​ផ្លូវជាតិ​លេខ​៥ ចូល​មក​កាន់​រាជធានី​ភ្នំពេញ »​។ លោក​បន្ថែម​ថា ៖« ការ​សាងសង់​ស្ពាន​នេះ​បាន​ទទួល​ការ​ឯកភាព​ជា​រួម​ហើយ ដែល​ក្រុមហ៊ុន​OCIC ជា​អ្នក​សាងសង់ និង​ចំណាយ​ថវិកា​ដោយ​ក្រុមហ៊ុន​នេះ » ។ លោក​ថា ៖«​តំបន់​ជាប់​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ជាទី​តាំង​មាន​សក្តានុពល​ដ៏​សំខាន់​សម្រាប់​ទីក្រុង​ភ្នំពេញ »​។

លោក មាន ចាន់​យ៉ា​ដា បាន​បន្ត​ថា រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​ខ្លាំង​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងជើង​ក្រុង ប៉ុន្តែ​ជា​គោលការណ៍ សាលាក្រុង​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ឆ្ពោះទៅ​គ្រប់​ទិស គឺ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​រាជធានី ដើម្បី​ឲ្យ​របាយ​នៃ​ការ​អភិ​វ​ឌ្ឈ​ឆ្ពោះទៅ​គ្រប់​ទិស​នៃ​រាជធានី ។ លោក​បញ្ជាក់​ថា ៖« តំបន់​ស្រប​តាម​ផ្លូវជាតិ​លេខ​៦ ជា​តំបន់​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​សេវា​កម្សាន្ដ »​។ តើ​អ្នកជំនាញ​អចលនទ្រព្យ​យល់​ឃើញ​យ៉ាងដូចម្តេច ចំពោះ​ការ​អភិវឌ្ឍន៍​នៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ?

លោក Michael S.Nhim សមាជិក​ក្រុមប្រឹក្សា​វិនិយោគ​នៃ​ក្រុមហ៊ុន SIDO Group បាន​ថ្លែង​ថា តំបន់​នេះ​មាន​ភាពល្អ​ប្រសើរ​នា​ពេល​អនាគត ដោយសារ​ដី​មាន​តម្លៃ​សមរម្យ​នៅឡើយ ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ជា​ច្រើន និង​មាន​ទន្លេ​សងខាង​តំបន់​នេះ ដែល​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​សក្តានុពល​ជាង​តំបន់​កប់​ស្រូវ ដែល​ស្ថិត​នៅ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ ។ លោក​បន្ត​ថា ៖« តម្លៃ​ដី​នៅ​តាម​តំបន់​នេះ​មាន​កំណើន​ចន្លោះ​១០​ទៅ​២០%​ប្រចាំឆ្នាំ ប៉ុន្តែ​នៅ​ពេល​សកម្មភាព​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​កាន់តែ​រស់​រវើក តម្លៃ​អចលនទ្រព្យ​នឹង​ហក់​ខ្ពស់​បន្ថែម​ទៀត » ។ លោក​ថា ៖« ការ​សាងសង់​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន នឹង​ធ្វើ​ឲ្យ​តំបន់​នេះ មាន​ភាព​វិសេសវិសាល​នា​ពេល​អនាគត ហើយ​កម្រិត​នៃ​ភាព​ជោគជ័យ​បែប​ណា អាស្រ័យ​លើ​ការ​ដាក់​ចេញ​នូវ​តម្លៃ​លំនៅ​ឋាន​នៅ​តំបន់​នោះ »​។

លោក​ឧកញ៉ា នួន រិ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​Khmer Foundation Appraisal​បាន​ថ្លែង​ថា​តំបន់​ស្រប​ផ្លូវជាតិ​លេខ​៦ មាន​សក្តានុពល​តាំងពី​ស្ពាន​ព្រែក​ព្នៅ​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ និង​ស្ពាន​ជ្រោយចង្វា​ទី​២​បាន​បញ្ចប់​ការ​សាងសង់ ដោយសារ​តំបន់​នេះ ស្ថិត​នៅ​ស្រប​នឹង​ផ្លូវជាតិ​ធំ​ៗ​មួយ​ចំនួន ដូច​ជា​ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៨ និង​ផ្លូវជាតិ​លេខ​៧ ដែល​សុទ្ធតែ​ឆ្លងកាត់​តំបន់​នេះ​។ លើស​ពី​នេះ ការ​មាន​ហេដ្ឋារចនាសម្ព័ន្ធ រួម​ទាំង​មាន​ទន្លេសាប និង​ទន្លេមេគង្គ​នៅ​អម​សងខាង ក៏​សុទ្ធតែ​ជា​កត្តា​ហុច​សក្តានុពល​ឲ្យ​តំបន់​នេះ​ផង​ដែរ ។លោក​បន្ត​ថា ៖« តំបន់​នេះ​ពិតជា​មាន​សក្តានុពល​ខ្លាំង អនាគត​នឹង​កាន់តែ​ខ្លាំង បើ​ទោះជា​បច្ចុប្បន្ន​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច តែ​៥​ទៅ​១០​ឆ្នាំ​ខាង​មុខ តំបន់​នេះ​នឹង​មាន​ភាព​អ៊ូអរ
ខ្លាំង » ៕

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ