ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីគយនិងរដ្ឋាករតំបន់៥ បានចាប់រថយន្តស៊េរីទំនើប២គ្រឿងគ្មានពន្ធនៅគេហដ្ឋានឧកញ៉ា ហង្ស ស៊ីថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១ ខែធ្នូ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោក សុទ្ធា វ៉ាន់ណារី មន្ត្រីគយនិងរដ្ឋាករចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ និយាយថាដោយមានការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មន្ត្រីគយនិងរដ្ឋាករតំបន់៥ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារងអោមសាលាដំបូងខេត្ត កម្លាំងចម្រុះបានចាប់ឃាត់រថយន្តស៊េរី២គ្រឿង ផលិតនៅឆ្នាំ២០១៦ ដែល១គ្រឿង ម៉ាកតូយ៉ូតាalpharo ពណ៌ស និង១គ្រឿងទៀតម៉ាកតូយ៉ូតាvellfire ពណ៌សដូចគ្នា នៅក្នុងបរិវេណផ្ទះលោកឧកញ៉ា ហង្ស ស៊ីថា ។
លោក សុទ្ធា វ៉ាន់ណារី បញ្ជាក់ថា រថយន្តស៊េរីទំនើបទាំង២គ្រឿងនេះជារថយន្តចង្កូតស្តាំ គ្មានពន្ធ ត្រូវបាននាំចូលពីប្រទេសថៃដោយល្មើសច្បាប់ ហើយត្រូវបានយកមកលាក់ទុកក្នុងភូមិគ្រឹះរបស់ឧកញ៉ាម្នាក់ក្នុងខេត្តនេះ ។ ក្រោយពេលមន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយ ក៏បានចុះបង្ក្រាបនិងឃាត់ចាប់រថយន្តសេ៊រីទំនើបទាំង២គ្រឿង រួចនាំយកទៅរក្សាទុកដើម្បីចាត់ការតាមច្បាប់នៅស្នាក់ការគយនិងរដ្ឋាករចល័តតំបន់៥ ។ ក្នុងហេតុការណ៍បង្ក្រាបរថយន្តគេចពន្ធចង្កូតស្តាំមួយទៀត កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឃាត់ចាប់រថយន្តចង្កូតស្តាំម៉ាកហ្វដរេនជើរ១គ្រឿង គ្មានពន្ធនិងឃាត់ខ្លួន
ម្ចាស់២នាក់បញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១ ខែធ្នូ ។
លោកវរសេនីយ៍ទោ រស់ អៀម នាយការិយាល័យស្តីទីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ថ្លែងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត ដើម្បីទប់ស្កាត់បទស្កាត់បទល្មើសគេចពន្ធ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារួចចុះប្រតិបត្តិការនិងបង្ក្រាបរថយន្តចង្កូតស្តាំម៉ាកហ្វដរេនជើរមួយគ្រឿង ផលិតឆ្នាំ២០១៦ពណ៌ប្រផេះ ពាក់ផ្លាលេខ ចង្កូតស្តាំ PP-១៧៩៩(ក្លែងក្លាយ) ។
អ្នកទាក់ទិននឹងរថយន្តនេះ២នាក់ ម្នាក់ឈ្មោះនាង សារឿន ភេទប្រុស អាយុ៥២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ុន សារឿន ភេទប្រុស អាយុ៥៨ឆ្នាំរស់នៅក្នុងស្រុកអូរជ្រៅ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិយាងថ្ម ឃុំកូប ស្រុកអូរជ្រៅ ។ក្រោយពេលត្រូវឃាត់ចាប់ ម្ចាស់រថយន្តឈ្មោះ នាង សារឿន និយាយថា រថយន្តចង្កូតស្តាំនេះក៏គាត់បានដូរដីទំហំ៣ហិកតាដែលមានតម្លៃជាង២ម៉ឺនដុល្លារ រយៈពេល១សប្តាហ៍មកហើយជាមួយឈ្មោះ ស៊ុន សារឿន ។
ចំណែកឈ្មោះ ស៊ុន សារឿន ប្រាប់ថា រថយន្ត១គ្រឿងនេះ កាលពី៣ខែមុនខ្លួនបានដូរដីទំហំ១ហិកតាជាមួយឈ្មោះ ជា សុខុម ភេទប្រុស ជាយោធានៅអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ ក្រោយពេលយកដីដូរយករថយន្តហើយ ក៏បានពឹងអ្នកស្គាល់គ្នាធ្វើផ្លាកលេខឱ្យក្នុងតម្លៃ៥ពាន់ដុល្លារ ហើយយកមកដូរដីរបស់ឈ្មោះ នាង សារឿន យកមកប្រើប្រាស់ ក៏ត្រូវនគរបាលចាប់ដោយចោទថារថយន្តពាក់ផ្លាកលេខក្លែងក្លាយនិងអនុវត្តទៅតាមផ្លូវច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ