ខេត្តស្ទឹងត្រែង ៖ រថយន្តដឹកឈើចំនួន៣គ្រឿងចេញពីខេត្តមណ្ឌលគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង ទៅខេត្ត ក្រចេះ ត្រូវរដ្ឋបាលព្រៃឈើឃាត់តែ១២ម៉ោង ហើយដោះលែងវិញ។
![Picture]()
រថយន្តធំប្រភេទ V1 ដឹកឈើមុខកាត់ធំៗ ដែលសង្ស័យថា ដឹកឈើគ្មានច្បាប់អនុញ្ញាតត្រូវសមត្ថកិច្ច ចម្រុះធ្វើការឃាត់នៅចំនុចស្នាក់ការបណ្តុះកូនឈើភ្នំក្រហម ផ្លូវជាតិលេខ៧ ភូមិអូរច្រឡង់ ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក កាលពីម៉ោង៩យប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៨ លុះម៉ោង៩ព្រឹក ថ្ងៃទី០១ ធ្នូ រថយន្តទាំង៣បើកចេញពីស្នាក់ការបណ្តុះកូនឈើភ្នំក្រហមទាំងរលូន ដោយមេព្រៃ ប្រាប់ថា មានច្បាប់។
នៅក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (ថតចំលង សខ្មៅ) គឺឱ្យដឹកឈើអា ប្រភេទលេខ១ ចេញពីក្រុមហ៊ុន លី រិទ្ធី គ្រុប ដែលមានទីតាំងនៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះ ញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅប្រើប្រាស់ នៅភូមិរោងចក្រ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
![Picture]()
ទោះក្នុងលិខិតអនុញ្ញាត ឱ្យដឹកជញ្ជូនជាប្រភេទឈើអា តែតាមរូបភាពជាក់ស្តែង បែរជាឃើញដឹកប្រភេទឈើឃ្លុំ មានមុខកាត់ធំៗទៅវិញ ធ្វើឱ្យមានការមន្ទិលថា ប្រភេទឈើអារ បានចេញពីខេត្ត មណ្ឌលគិរី ទៅភ្នំពេញបាត់ហើយ ដោយឡែកឈើឃ្លុំមិនទាន់អារ បានជញ្ជូនចេញពីចំណុចផ្សេង ឆ្លងតាមច្រកខេត្តស្ទឹងត្រែង ដោយគ្រាន់តែកាន់លិខិតអនុញ្ញាត ថតចំលងសខ្មៅ ហុចឱ្យមេព្រៃ តាមផ្លូវមើលប៉ុណ្ណោះ។
![Picture]()
បុរសម្នាក់មិនបញ្ជេញឈ្មោះដែលគេដឹងថា ជាអ្នកកាន់លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ បានអះអាងថា ឈើទាំងអស់នេះ សុទ្ធតែមានច្បាប់ត្រឹមត្រូវ ព្រោះបើគ្មានច្បាប់ មិនហ៊ានដឹកចេញពីក្រុមហ៊ុន លី រិទ្ធី ទេ ។ ហើយរដ្ឋបាលព្រៃឈើស្ទឹងត្រែង ក៏អះអាងប្រហាក់ប្រហែលគ្នាថា ពិតជាមានច្បាប់គ្រប់គ្រាន់សំរាប់ការដឹកជញ្ជូន ទោះពីមុនមិនអនុញ្ញាតឱ្យដឹក តែឥឡូវមាន ស.ជ.ណ ថ្មី អនុញ្ញាតឱ្យដឹកឈើចេញពីក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឡើងវិញដោយសេរី។
ក្រុមអ្នកតាមដាននិយាយថា មិនដឹងដល់សតវត្សណាទេ ទើបអស់ឈើដឹកចេញពីដីសម្បទានសេដ្ឋកិច្ច។ សង្ស័យណាស់ កន្ទេលធំបន្លំដេកដដែល។ល។
ចែករំលែកព័តមាននេះ