ខេត្តកំពត ៖ ព្រឹកថ្ងៃទី២១ មិថុនា លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់មាន១០បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន អង្គសុរភី ស្ថិតនៅក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច។
លោកអ៊ុំ ស៊ីណាត អភិបាលស្រុកកំពង់ត្រាច បានគូសបញ្ជាក់ថា ទូទាំងស្រុកមានអគារសិក្សាសរុប១៣២ខ្នង ស្មើនឹង៥៧៨បន្ទប់ មានគ្រូ៦៩១នាក់ សិស្សសរុប២១.៣៧៦នាក់ ហើយអគារ១ខ្នងកម្ពស់២ជាន់ មាន១០បន្ទប់ ដែលនឹងសម្ពោធឱ្យប្រើប្រាស់នៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រា៉នី ហ៊ុន សែន ផ្តល់ជូនតាមរយៈលោកបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវដោយមានការឧបត្ថម្ភសាងសង់ពីក្រុមហ៊ុន KTH NOKIA ។
លោកអភិបាលស្រុកបន្តថា ក្នុងចំណោមវិទ្យាល័យទាំងពីរក្នុងស្រុកកំពង់ត្រាច ត្រូវបានលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន និងលោកជំទាវងី ស៊ុនសុភាព ផ្តល់ជូនការកសាងអគារសិក្សាថ្មី១ខ្នង២ជាន់ មាន១០បន្ទប់រួចហើយ ។
មានប្រសាសន៍សំណេះសំណាល លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានពាំនាំការនឹករលឹកសាកសួរសុខទុក្ខ ពីសំណាក់សម្តេចប្រមុខដឹកនាំទាំងបីនៃគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យគ្រប់ផ្នែក គ្រប់វិស័យមានការរីកចម្រើនជាលំដាប់ ក្នុងនោះវិស័យអប់រំសិក្សាធិការត្រូវបានលើកកម្ពស់ ។
លោកបណ្ឌិតបានថ្លែងបន្តទៀតថា ពីមុនក្នុងចំណោម៤ស្រុក យើងមានវិទ្យាល័យតែ១កន្លែង តែពេលនេះមានវិទ្យាល័យ៣ទៅ៤កន្លែងក្នុង១ស្រុក ។ លោកបណ្ឌិតបានបញ្ជាក់ច្បាស់ថា នៅថ្ងៃទី២៨ កក្កដា ២០១៣ សូមពុកម៉ែបងប្អូនអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា ស្ថិតនៅលំដាប់លេខរៀងទី៤ឱ្យបានគ្រប់ៗគ្នា ដើម្បីសម្តែងមតិគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។
ចុងបញ្ចប់លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានឧបត្ថម្ភថវិកាជូនលោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សរុបចំនួន៩៦នាក់ ម្នាក់ៗប្រាក់៥០.០០០រៀល ។ សិស្សវិទ្យាល័យចំនួន១.៧៤១នាក់ ម្នាក់ៗសៀវភៅ២ក្បាល ប៊ិក១ដើម ប្រាក់៥.០០០រៀល ។ សិស្សកាយឫទ្ធិក្រុមកាកបាទក្រហមកម្ពុជា ក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាសរុប៥៨៧នាក់ ម្នាក់ៗប្រាក់១០.០០០រៀល ។ កម្លាំងការពារ៥០នាក់ ម្នាក់ៗប្រាក់២០.០០០រៀល ។
ព្រមទាំងប្រកាសប្រគល់ និងកសាងរបងប្រវែង៦០ម៉ែត្រ រៀបចំទីលានបាល់ទាត់ ធ្វើក្លោងទ្វារថ្មី និងផ្តល់ជូនកុំព្យូទ័រ៣គ្រឿង មា៉ស៊ីនព្រីនធ័រ១ មា៉ស៊ីនថតចម្លង១ ជូនដល់វិទ្យាល័យហ៊ុន សែន អង្គសុរភីផងដែរ ។ ទន្ទឹមនឹងនេះលោកបណ្ឌិតក៏បានប្រកាសដូចគ្នានេះដែរដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតមហាវិទ្យាល័យចំនួន២០០នាក់ក្នុង១ឆ្នាំ មកពីវិទ្យាល័យគ្រប់ស្រុកក្នុងខេត្ត ៕
ចែករំលែកព័តមាននេះ