រាជធានីភ្នំពេញ ៖ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យវាយប្លន់ម៉ូតូស្គូពីសកម្ម២នាក់ កាលពីកន្លងមក សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតឃាត់ខ្លួនបាន៥នាក់ សរុប៧នាក់ ក្នុងនោះស្រីម្នាក់ ។ ជនសង្ស័យទាំងនោះមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ។
សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៣នាក់ បានត្រូវប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយប្រជាពលរដ្ឋចាប់ខ្លួន ក្នុងខណៈពួកគេធ្វើសកម្មភាពវាយបុរសម្នាក់ ដោយដំបងឈើជ្រុងមានបំណងប្លន់យកម៉ូតូមួយគ្រឿង ។ ក្រោយពីចាប់ខ្លួនបាន ប្រជាពលរដ្ឋរាប់សិបនាក់ដែលស្អប់ខ្ពើមឈ្មោះថាចោរ បានព្រួតគ្នាវាយម្នាក់មួយដៃមួយជើងបណ្តាលឱ្យរងរបួសធ្ងន់ដេក ដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្លុកឈាមទាំង២នាក់ បើកុំតែប៉ូលិសប្រឹងប្រែងជួយទាន់ប្រហែលជាគ្មានដង្ហើមដកនោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី២០ មិថុនា នៅលើផ្លូវបេតុងមួយកន្លែងស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យជាចោរប្លន់ទាំង២នាក់នេះម្នាក់ឈ្មោះ សួន សិលា ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់មានទីលំនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ សួន លីន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅតាមបណ្តោយផ្លូវសឡា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកឯបក្សពួកម្នាក់ទៀតដែលរត់រួចឈ្មោះ សួន សេរីវុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាបងប្អូនបង្កើតរបស់ឈ្មោះ សួន សិលា ។ ជនសង្ស័យឈ្មោះ សួន សេរីវុទ្ធ បានជិះម៉ូតូមួយគ្រឿងម៉ាកអាយខន ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1S-9482 រត់គេចខ្លួនបាត់ ។
ចែករំលែកព័តមាននេះ