រាជធានីភ្នំពេញ ៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៩ មិថុនា កន្លងទៅ បន្ទាប់ពីបញ្ចប់ពិធីប្រគល់ និងទទួលទឹកខ្មៅលុបលាងមិនជ្រះពីសាធារណរដ្ឋឥណ្ឌាផ្តល់មកគ.ជ.បថា ចំពោះគណបក្សនយោបាយណាដែលដាក់បេក្ខភាពចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ហើយប្រកាសថាមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅក្នុងអាណត្តិលើកនេះមានលក្ខខណ្ឌខុសពីលើកមុន ព្រោះថាការងារនេះ គ.ជ.ប នឹងអនុវត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោត ។
លោកអគ្គលេខាធិការបន្តថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.បបានរៀបចំនីតិវិធីនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ហើយនៅក្នុងសំណុំឯកសារដែលគណបក្សនីមួយៗដាក់ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមានសេចក្តីប្រកាសមួយបញ្ជាក់ថា នៅពេលដែលគណបក្សណាមួយចូលរួមការបោះឆ្នោតហើយគណបក្សនោះត្រូវទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គោរពច្បាប់បោះឆ្នោត នីតិវិធីនៃការបោះឆ្នោត ក្រមនីតិវិធីដែលទាក់ទងនឹងការបោះឆ្នោត ។ ដូច្នេះ អ្វីដែលមាន សរសេរនេះ គឺជាសេចក្តីប្រកាសមួយដែលយើងអាចនិយាយបានថា ជាកិច្ចសន្យាមួយតាមផ្លូវច្បាប់សម្រាប់ឲ្យគ.ជ.ប.អនុវត្ត ។
លោក ទេព នីថា បន្ថែមថា ប្រសិនបើគណបក្សរបស់គាត់ប្រកាសថា បោះបង់ចោល ឬក៏មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះ តាមច្បាប់ក្រោយពីការបោះឆ្នោតរួច ប្រសិនបើគាត់ទទួលបានអាសនៈនៃការបោះឆ្នោត គឺអាសនៈរបស់គាត់នឹងត្រូវបែងចែកឲ្យគណបក្សនយោបាយដែលជាប់ឆ្នោតនៅក្នុងមណ្ឌលនោះក្នុងរយៈពេល១៤ថ្ងៃក្រោយពីការប្រកាសលទ្ធផលបណ្តោះអាសន្នដែលគាត់ទទួលបាន ។ ទាក់ទងនឹងដំណើរការរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងថា បានដំណើរការយ៉ាងល្អ ដោយពេលកន្លងមក គ.ជ.បបានសម្រេចក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត និងបានផ្តល់សុពលភាពទៅលើបញ្ជីឈ្មោះបោះឆ្នោតដោយដំណើរការបានរលូនល្អជាងឆ្នាំកន្លងមក ។
ចំណែកបណ្តឹងទាស់នឹងការចុះឈ្មោះបោះឆ្នោតនៅក្នុងឆ្នាំនេះមានតែ១០ប៉ុណ្ណោះបើប្រៀបធៀបនិងការបោះឆ្នោតឆ្នាំមុនៗមានតិចជាងឆ្នាំមុនៗដែលគឺមានបណ្តឹងរហូតដល់រាប់សិប រហូតដល់រាប់រយបណ្តឹង ដែលបានដាក់មក គ.ជ.ប ទាក់ទងនឹងការបាត់ឈ្មោះ លុបឈ្មោះ និងឈ្មោះមិនត្រឹមត្រូវ ។ ក្នុងអាណត្តិទី៥នេះ ការចុះបញ្ជីឈ្មោះគណបក្សនយោបាយក៏បានដំណើរការល្អ ដោយពុំឃើញមានគណបក្សនយោយណាមួយដាក់បណ្តឹងមកទេ ហើយគណបក្សនយោបាយដែលបានដាក់ឈ្មោះបេក្ខភាពចុះបញ្ជីមក គ.ជ.បចំនួន៨ ត្រូវបាន គ.ជ.ប ទទួលស្គាល់ទាំង៨ ។ នៅពេលដែល គ.ជ.ប ទទួលស្គាល់គណបក្សនយោបាយចំនួន៨រួចមក គ.ជ.ប ក៏បានធ្វើការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយដើម្បីបោះពុម្ពសន្លឹកឆ្នោតដែលសព្វថ្ងៃការបោះពុម្ពសន្លឹកឆ្នោតកំពុងដំណើរការ ។
សូមបញ្ជាក់ថា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី ដែលនិរទេសនៅឯក្រៅប្រទេស បានលើកឡើង កាលពីពេលថ្មីៗនេះតាមវីដេអូខនហ្វឺរិុនពីទីក្រុងបា៉រីស ប្រទេសបារំាងថា គណបក្សរបស់លោកចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ខាងមុខ ប៉ុន្តែគណបក្សលោកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការប្រកាសនេះថា គឺជាការគំរាមដែលគ្មានន័យទាល់តែសោះ ។ សម្តេចតេជោ បានចាក់បណ្តោយថា បើមេបក្សនេះមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត តើចាំបាច់អ្វីដែលអ្នកគាំទ្រត្រូវបោះឆ្នោតឱ្យនោះ បើបោះហើយមិនបានការដដែលនោះ ៕
ចែករំលែកព័តមាននេះ