ខេត្តបាត់ដំបង ៖ ជនជាតិវៀតណាមម្នាក់ត្រូវអ្នកភូមិប្រទះឃើញដេកស្លាប់ក្នុងអង្រឹងដែលជោគជាំទៅដោយឈាម និងមានស្នាមកាប់សុះមុខ និងក្បាលដែលគេសង្ស័យថា ជាអំពើប្លន់សម្លាប់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១៩ មិថុនា ២០១៣ នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ។
លោកថាន ថេង នាយប៉ុស្តិ៍រស្មីសង្ហាបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះង្វៀង យ៉ាំងជាង អាយុ៤៣ឆ្នាំ មកស្នាក់នៅក្នុងឃ្លាំងពោតមួយនៅចំណុចកើតហេតុជាមួយបុរសជនជាតិខ្មែរម្នាក់ឈ្មោះសារឿន អាយុ៥៣ឆ្នាំ មកពីខេត្តស្វាយរៀង ជាកម្មករដូចគ្នា។ លោកនាយប៉ុស្តិ៍បានបន្តថា ជនជាតិវៀតណាមរូបនេះត្រូវឃាតករប្រើកាំបិតផ្គាក់ប្រវែងជាង១ម៉ែត្រកាប់ត្រូវក្បាល និងផ្ទៃមុខចំនួន៥កន្លែងបណ្តាលឱ្យស្លាប់ក្នុងអង្រឹង រីឯជនដៃដល់ដែលគេសង្ស័យឈ្មោះសារឿន នោះបានគេចខ្លួនបាត់ទៅហើយ ដោយបន្សល់ទុកកាំបិតនៅក្បែរសពដែលអ្នកភូមិប្រទះឃើញនៅព្រឹកថ្ងៃទី២០ មិថុនា រួចរាយការណ៍ប្រាប់សមត្ថកិច្ច។
សាក្សីបានឱ្យដឹងថា មុនពេលកើតហេតុឈ្មោះសារឿន បានផឹកស៊ីជាមួយគេឯងក្នុងភូមិ តែមិនឃើញបុរសវៀតណាមនោះទេ ។ គ្រានោះគេឮឈ្មោះសារឿនបង្ហើបប្រាប់គេថា ឈ្មោះជាង សល់លុយប្រហែល២.០០០ដុល្លារ ព្រោះគាត់មិនសូវចាយទេ ។ លុះយប់បន្តិចក៏មានរឿងកាប់សម្លាប់នេះកើតឡើង ហើយបាត់មុខឈ្មោះសារឿននេះពីកន្លែងស្នាក់នៅដែរ។
សមត្ថកិច្ចដែលចុះពិនិត្យសពមិនបានប្រាប់លំអិតអំពីបញ្ហានេះទេ ។ ប៉ុន្តែមន្ត្រីជំនាញកំពុងបើកការស៊ើបអង្កេតលើករណីនេះ ខណៈជនដៃដល់កំពុងរត់គេចខ្លួន៕
ចែករំលែកព័តមាននេះ