រាជធានីភ្នំពេញ ៖ នៅក្នុងសេចក្តីថ្លែងការណ៍ផ្សព្វផ្សាយពីរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៨ នេះ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក (WB) បានថ្លែងថា កម្ពុជាអាចនឹងពិបាកក្នុងការសម្រេចឲ្យបាននូវផែនការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ (Upper middle-income) នៅឆ្នាំ២០៣០ បើសិនជាស្ថានភាពសេដ្ឋកិច្ចដូចនឹងបច្ចុប្បន្ននេះ ។
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖« យើងពិបាកនឹងនិយាយថាបានកម្រិតណាស់ ។ បើសិនជាសេដ្ឋកិច្ចកម្ពុជា មានល្បឿនកំណើនដូចបច្ចុប្បន្ននេះ វានឹងពិបាកសម្រេចឲ្យបានណាស់នូវប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០នោះ ក៏ប៉ុន្តែមានវិធីសាស្ត្រដែលអាចកម្ពុជាសម្រេចបាននូវផែនការនោះ ដោយធ្វើការកែប្រែនូវចំណុចនិងបន្ថែមនូវចំណុចខ្វះខាតមួយចំនួនទៀត »។
លោកថ្លែងថា ៖« ចង់ឲ្យសម្រេចផែនការ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅថ្ងៃអនាគត ត្រូវកែតម្រូវមួយចំនួន ។ ជាឧទារហណ៍ ត្រូវបង្កើនការសន្សំ ព្រោះការសន្សំនៅកម្ពុជានៅមានកម្រិត ហើយជាពិសេសនោះគឺត្រូវចាប់ផ្ដើមសន្សំក្រៅប្រទេស ។ មានន័យថា ត្រូវយកការសន្សំនៅស្រុកក្រៅមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ជាក់ស្ដែងចិនត្រូវយកការសន្សំនៅប្រទេសចិន មកវិនិយោគនៅស្រុកយើង, កូរ៉េយកការសន្សំរបស់គេមករកស៊ីនៅស្រុកយើង ព្រោះការសន្សំនៅស្រុកយើងមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយ »។
លោកបន្តថា កម្ពុជាមានពេលតែ១៣ឆ្នាំទៀតប៉ុណ្ណោះ ត្រូវសម្រេចឲ្យបាននូវប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដូចនេះកម្ពុជា ត្រូវប្រឹងប្រែងខ្លាំងឡើង ដើម្បីសម្រេចឲ្យបាននូវផែនការនោះ ហើយបើសិនជាមិនប្រឹងប្រែងទេនោះ ភាគរយនៃការមិនសម្រេចបាន មានច្រើនជាងការសម្រេច អីចឹងត្រូវតែប្រឹងបន្ថែមទៀត និងមានវិធីសាស្ត្រច្រើន ដើម្បីឲ្យសម្រេចបាននូវផែនការនោះ ។
លោក Klaise Kilian នាយកប្រតិបត្តិ Eurocham ប្រចាំកម្ពុជា មានប្រសាសន៍ថា នៅក្នុងរយៈពេលវែងទៀតនោះ វានឹងពិបាកប្រមើល មើលណាស់ថា តើកម្ពុជានឹងសម្រេចបានដែរឬទេ ព្រោះក្នុងរយៈពេលនោះ ក៏គេមិនទាន់ដឹងថា មានអ្វីកើតឡើងចំពោះស្ថានភាពសេដ្ឋកិច្ចលើប្រទេសកម្ពុជា និងប្រទេសធំៗនៅឡើយដែរ ក៏ប៉ុន្តែកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីឲ្យសម្រេចឲ្យបាននូវចក្ខុវិស័យនេះ ។
លោកបន្ដថា ៖« វិស័យឯកជនក៏ជាចំណែកធំមួយក្នុងការសម្រេចឲ្យបានចក្ខុវិស័យនេះដែរ ដូចនេះ រាជរដ្ឋាភិបាលគួរយកចិត្តទុកដាក់បន្ថែមលើវិស័យឯកជន » ។
លោកស្រី អីុហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានឲ្យដឹងផងដែរថា ដើម្បីសម្រេចឲ្យបាននូវគោបំណងរបស់ខ្លួន ក្នុងការទទួលបានចំណាយថ្នាក់ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ កម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ខ្លួនលើផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនិងធ្វើការកែទម្រង់នានា ដែលគាំទ្រដល់កំណើន សេដ្ឋកិច្ចលើគ្រប់វិស័យ និងប្រកបដោយចីរភាព។
លោកស្រីមានប្រសាសន៍ថា ៖« ការកៀងគរប្រាក់សន្សំក្នងុស្រុកឲ្យបានច្រើនដើម្បីយកទៅបង្កើនការវិនិយោគគឺជាកត្តាសំខាន់ក្នុងការឈានទៅដល់គោលដៅមួយដូចបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចល្អជាងគេក្នុងតំបន់អាស៊ីសម្រេចបាន » ។ បើទោះបីជាមានការលើកឡើងបែបនេះក្ដី មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់អះអាងថា កម្ពុជានឹងសម្រេចបានទៅតាមគោលដៅនោះ ។
លោក ឈាង វណ្ណារឹទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងផងដែរថា ៖« កម្ពុជានឹងសម្រេចបានទៅតាមគោលដៅ ព្រោះកម្ពុជាមានបច្ចេកទេសក្នុងការគិត និងការអនុវត្តរបស់ខ្លួនរួចស្រេចហើយ ដូចនេះយើងនឹងសម្រេចបាននូវអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល » ។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងល្អប្រសើរនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ដែលគាំទ្រកំណើនដោយវិស័យអចលនទ្រព្យ និងសំណង់ ដែលកំពុងមានសន្ទុះងើបខ្លាំង ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកំណើនរបស់វិស័យនេះផងដែរ ដោយសារតែបទពិសោធន៍គ្រប់ប្រទេស គឺវិស័យនេះតែងតែមានវដ្ដរបស់វា ពេលទៅដល់កំពូល វានឹងត្រូវចុះមកវិញ។
របាយការណ៍ក៏បានឲ្យដឹងផងដែរ ថា អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្តិចបន្តួចខ្ពស់ជាងឆ្នាំកន្លងទៅ គឺកើនឡើងដល់៧,១ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលកំណើននេះនាំមុខដោយការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញ ។
ទោះបីជាយ៉ាងនេះក្ដី ហានិភ័យនានានៅក្នុងវិស័យហិរញ្ញវត្ថុបានបន្តកើនឡើង ដែលវានឹងពាក់ព័ន្ធច្រើនទៅលើវិស័យសំណង់និងអចលនទ្រព្យ ។ ហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ រួមមានសក្តានុពលនៃការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចេញសម្រាប់កម្ពុជា និងផលប៉ះពាល់ដែលមិនអាចព្យាករណ៍ទុកបានដែលកើតចេញពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ប្រចាំកម្ពុជា បានបញ្ជាក់ ៕
ចែករំលែកព័តមាននេះ