ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពលព្យុះបង្កជាភ្លៀងហូរច្រោះបាក់ច្រាំងខ្ទេចផ្ទះ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ លំនៅ​ឋាន​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងស្រុក​ឆ្លូង បាន​រង​គ្រោះ​ដោយ​ការ​បាក់ច្រាំង​គួរ​ឲ្យ​បារម្ភ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មានផ្ទះ​ឈើ​តូច​ធំ​យ៉ាង​ហោច​ណាស់​ជាង២០​ខ្នង ដែល​សង់​នៅ​ជួរ​មាត់​ច្រាំង​​ទន្លេ​ផ្សេង​ៗគ្នា រង​ការ​បាក់​ស្រុត​ខូចខាត​ជា​បន្តបន្ទាប់ ។ ជា​ថ្មី​ទៀត យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​៥​ខ្នង​ដែល​សង់​ជាប់​ៗ​គ្នា​នៅ​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេមេគង្គ ក្នុងភូមិ​កោះ​កណ្តុរ…

ខេត្តក្រចេះ ៖ លំនៅ​ឋាន​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុងស្រុក​ឆ្លូង បាន​រង​គ្រោះ​ដោយ​ការ​បាក់ច្រាំង​គួរ​ឲ្យ​បារម្ភ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដោយ​មានផ្ទះ​ឈើ​តូច​ធំ​យ៉ាង​ហោច​ណាស់​ជាង២០​ខ្នង ដែល​សង់​នៅ​ជួរ​មាត់​ច្រាំង​​ទន្លេ​ផ្សេង​ៗគ្នា រង​ការ​បាក់​ស្រុត​ខូចខាត​ជា​បន្តបន្ទាប់ ។

ជា​ថ្មី​ទៀត យ៉ាង​ហោច​ណាស់​លំនៅ​ឋាន​៥​ខ្នង​ដែល​សង់​ជាប់​ៗ​គ្នា​នៅ​តាម​បណ្តោយ​មាត់ច្រាំង​ទន្លេមេគង្គ ក្នុងភូមិ​កោះ​កណ្តុរ ឃុំ​ឆ្លូង ស្រុកឆ្លូង បាន​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ទន្លេ​ជាមួយនឹង​ដី​ច្រាំង ក្នុង​នោះ​មានផ្ទះ​១​ខ្នង​ក្រោយ​ពី​បាន​បាក់​រលំ​ថែម​ទាំង​ឆេះ​សន្ធោសន្ធៅ​ទៀត​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី ។

ការ​បាក់​ដី​ច្រាំង​ទន្លេ​ដែល​បាន​កើត​មាន​ជា​ថ្មី​នេះ គឺ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា និង​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​ឆ្លូង​បញ្ជាក់​ថា ទោះបី​មានការ​បាក់​ច្រាំង​នា​វេលា​យប់​មែន តែ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជា​ម្ចាស់ផ្ទះ​នោះ​ទេ ដោយសារ​តែ​ស្ថានភាព​នៃ​ការ​បាក់​កើត​មានយឺត​ៗ ធ្វើ​ឲ្យ​ពួក​គាត់​អាច​ជម្លៀស​ខ្លួន​ក៏​ដូច​ជា
នាំ​យក​សម្ភារ​សំខាន់​ៗ​ចេញ​មក​ក្រៅ​បាន​ខ្លះ ។

ទោះជា​យ៉ាងណា ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ផ្ទះ​ឈើ​និង​ផ្ទះ​បេតុង​សរុប​ចំនួន​៥​ខ្នង ក្នុង​នោះ​៤​ខ្នង​ជា​លំនៅ​ឋាន​របស់​ជនជាតិ​វៀតណាម ត្រូវ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ចំពោះ​ការ​បាក់​ច្រាំង​ទន្លេ​ដែល​បណ្តាល​ឲ្យ​ខូច​ខាត​លំនៅ​ឋាន​នេះ ត្រូវ​បាន​អាជ្ញាធរ​លើក​ឡើង​ថា ដោយសារ​ខេត្តក្រចេះ​បាន​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ព្យុះ USAGI ដែល​បាន​បង្ក​ជា​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ក្នុង​រយៈពេល​២​យប់​១​ថ្ងៃ ទើប​ធ្វើ​ឲ្យ​ទឹកភ្លៀង​ហូរ​ច្រោះ​ដី​ច្រាំង​ទន្លេ​ដែល​ជា​ប្រភេទ​ដីល្បាប់ ទើប​បណ្តាល​ឲ្យ​បាក់​ស្រុត​លំនៅ​ឋាន​ខាងលើ​ចូល​ក្នុង​ទន្លេ​តែ​ម្តង ។

ប៉ុន្តែ​បើ​ទោះបីជា​អាជ្ញាធរ​លើក​ឡើង​បែប​នេះ​ក្តី តែ​សម្រាប់​ពលរដ្ឋ​វិញ​លើក​ឡើង​ថា មូលហេតុ​ដែល​ស្រុក​ឆ្លូង​តែងតែ​ជួបនឹង​ស្ថានភាព​បាក់​ច្រាំង​ទន្លេ​ជា​ញឹកញាប់​បែប​នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ក្រួស ខ្សាច់ របស់​ក្រុម​ឈ្មួញ​អាជីវកម្ម​ធំ​ៗ ដែល​កំពុង​មាន​សកម្មភាព​នៅ​កណ្តាលទន្លេ​ជា​រៀងរាល់ថ្ងៃ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា កន្លងមក​ដោយសារ​តែ​មាន​ក្តី​បារម្ភ​ពី​ការ​បាក់​ច្រាំង​ទន្លេ​បែប​នេះ​ហើយ ទើប​ពួក​គាត់​បាន​ស្នើ​ទៅអាជ្ញាធរ​ស្រុក​ឲ្យ​មាន​វិធានការ​បញ្ឈប់​អាជីវកម្ម​បូម​ក្រួស ខ្សាច់ នៅ​កណ្តាល​ទន្លេ​មេគង្គ​ក្នុងស្រុក​មួយ​នេះ តែ​ការ​បញ្ឈប់​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​បន្ត​ធ្វើ​ដដែល ។
គួរ​រំឭក​ថា កាលពី​ចុងឆ្នាំ​២០១៦​កន្លង​មក​មាន​លំនៅ​ឋាន​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​សង់​នៅ​តាម​តំបន់​ជួរ​មាត់ទន្លេ​ក្នុង​ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង យ៉ាង​ហោច​ណាស់​ជាង​២០​ខ្នង មាន​តូច​មាន​ធំ បាន​ជួប​មហន្តរាយ​បាក់​ស្រុត​ចូល​ក្នុង​ទន្លេ​ទៅ​ជាមួយនឹង​ដី​ច្រាំង ។

ក្រោយមក​ទៀត កាលពីដើម​ខែវិច្ឆិកា​កន្លង​ទៅ​ថ្មី​ៗ​នេះ មានផ្ទះ​ឈើ​ធំ​មួយ​ខ្នង​ប្រក់​សី​ង្ក​សី ដែល​សង់​នៅ​លើ​ដី​មាត់ច្រាំង​ទន្លេមេគង្គ ក្នុង​ឃុំ​ឆ្លូង ស្រុក​ឆ្លូង បាន​រង​ការ​ខូចខាត ក្រោយ​ពី​ជួប​ហេតុការណ៍​បាក់​ស្រុត​ជាមួយ​នឹង​ដី​ច្រាំង​ទន្លេ​ដូច​គ្នា ។ការ​បាក់​ច្រាំង​ទន្លេ​ដែល​បង្ក​ជា​មហន្តរាយ​ធ្ងន់ធ្ងរ​ទាំងអស់​នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក និង​ខេត្ត​អះអាង​ថា គឺ​បណ្តាល​មក​ពី​ការ​ហូរ​ច្រោះ​នៃ​ទឹកភ្លៀង ៕ ​

អត្ថបទសរសេរ ដោយ