រាជធានីភ្នំពេញ ៖ តារាសម្តែង និងជាអ្នកបង្ហាញម៉ូដវ័យក្មេងនាង មា៉ក សែនសូនីតា ហៅតូតា កំពុងតែមានតម្រុយពីខ្មែរនៅអាមេរិកមកថាជិតបានទៅសម្តែងនៅទីនោះហើយ ដោយពេលនេះនាងកំពុងតែត្រូវអ្នកធានារត់ការខ្វែងដៃខ្វែងជើង សម្រាប់គម្រោងនេះ ។ តូតាដែលទើបតែជម្រះព័ត៌មានស្នេហាភេទដូចគ្នាបានសម្តែងក្តីរីករាយចំពោះដំណើរឆ្ពោះទៅទឹកដីអាមេរិកជាលើកទី១របស់នាងដោយថែមទាំងមិនខ្វល់នឹងរឿងរា៉វអាស្រូវទៀតទេ ដ្បិតពេលនេះនាងកំពុុងតែរិះរកអ្វីល្អៗយកទៅសម្តែងនៅអាមេរិកដែលអ្នកនៅទីនោះឱ្យតម្លៃខ្លាំងចំពោះប្រពៃណីខ្មែរ ។
មុននឹងចាកចេញទៅកាន់ទឹកដីអាមេរិកដើម្បីបង្ហាញរូបរាងដ៏ស្រស់ស្អាតជូនបងប្អូនខ្មែរនៅទីនោះ តារាសម្តែង ពិធីការិនី និងជាតារាបង្ហាញម៉ូដនាង មា៉ក សែនសូនីតា កំពុងតែមមាញឹកខ្លាំងណាស់ក្នុងការងារនៅក្នុងស្រុករបស់នាង ដោយទើបតែទទួលយកសំណើថតរឿងភាគមួយនៅសីុធីអិនក្រោមចំណងជើងថា«ព្រហ្មលិខិត» ដែលចាប់ដៃគូជាមួយតួឯកប្រុសលោក សាយ សៀរា៉។
ដោយសារតែមួយរយៈនេះតូតាមានព័ត៌មានជិតចេញទៅអាមេរិក នាងហាក់សម្តែងភាពស្ទាក់ស្ទើរទទួលយកការងារក្នុងស្រុកបន្តទៀត ព្រោះខ្លាចជាន់ពេលវេលាដែលនាងទៅអាមេរិក ម្យា៉ងនាងទទួលថតរឿងថ្មីនៅស៊ីធីអិុន ដែលដឹកនាំរឿងដោយលោក រចនា ដួង បន្ទាប់ពីអ្នកស្រី ពាន់ ភួងបុប្ផា លាឈប់នោះគឺមកពីនាងយល់ថា នៅសល់ប្រមាណជិត២ខែទៀតឯណោះ ដែលនាងចេញទៅសម្តែង និងឆ្លៀតពេលរឿងថ្មីមានប្លង់ចេញមុខខ្លាំងផង ទើបនាងទទួលថត ។
តូតាដែលមើលទៅកាន់តែស្រស់ស្អាតឡើងធ្វើឱ្យប្រុសៗលួចស្រឡាញ់នោះ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា នាងទទួលថតរឿងថ្មីនៅស៊ីធីអិនប្រាកដមែន ដែលជាប្រភេទរឿងមនោសញ្ចេតនាក្រោមចំណងជើងថា«ព្រហ្មលិខិត» ។ មូលហេតុដែលនាងទទួលយកការងារនេះមកពីគិតថាដំណើរចេញទៅអាមេរិករបស់នាងមើលទៅនៅសល់ពេលច្រើនអាទិត្យទៀត គឺចុងខែកក្កដា រឺចូលដល់ខែសីហាឯណោះទើបមានតម្រុយ ព្រោះអ្នកឧបត្ថម្ភប្រាប់បែបនេះ ហើយថា បើទទួលការងារឱ្យប្រយ័ត្ន ខ្លាចប៉ះពាល់រឿងមួយនេះពិបាកនិយាយគ្នា ។ រហូតមកទល់ពេលនេះ តូតា ចាប់ផ្តើមគិតថា បើទទួលការងារសិល្បៈក៏គិតឱ្យច្បាស់ ព្រោះមិនចង់ជាន់គ្នានាំឱ្យមានភាពល្អក់កករជាមួយម្ចាស់កម្មវិធី ។ ម្យា៉ងការចេញទៅអាមេរិកនាងពិតជាមានបំណងចេញទៅមែនដើម្បីបង្កើនតួលេខថ្មីមួយទៀតក្នុងជីវិតសិល្បៈដែលនាងបានឆ្លងដល់ប្រទេសគេក្នុងភាពជាយុវវ័យ ពិសេសក្នុងនាមជាអ្នកសម្តែងម្នាក់ ។
តារាដែលធ្លាប់ជំពប់ព័ត៌មានស្នេហាតាំងពីជាមួយឧកញ៉ា ជាមួយប្អូនប្រុសទឹម រដ្ឋា និងចុងក្រោយទើបតែលេចឮថាមានសម្ព័ន្ធស្នេហ៍ភេទដូចគ្នានេះនិយាថា«ឆ្លងកាត់ជាអ្នកសម្តែងដែលមានគេឯងស្គាល់ និងលូតលាស់ក្នុងពិភពសិល្បៈ នាងខ្ញុំច្បាស់ជាដឹងថា អ្នកសិល្បៈគេចមិនផុតពីរឿងរា៉វប្លែកៗទេ ទោះជាប្រឹងរលាស់ខ្លួនបែបណាក៏មានអ្នកខ្លះនៅតែជឿជាក់ តែគិតរហូតមកទល់ពេលនេះនាងខ្ញុំនៅមិនទាន់ប្រគល់បេះដូងឱ្យទៅអ្នកណាទេ ។ នាងខ្ញុំជួបប្រទះព័ត៌មានបោកបក់កន្លងមកគឺមិនមែនជាការពិតទេ ។ មនុស្សយើងអ្នកណាក៏ត្រូវមានស្នេហាលម្អជីវិត តែនាងខ្ញុំសុំមើលចិត្តគំនិតសិន ម្យា៉ងពេលនេះយល់ថា ខ្លួននៅក្មេងចាំដល់អាយុច្រើនជាងនេះក៏ល្អដែរអាចឱ្យយើងពិចារណាបានច្រើនជាងពេលនេះ ។
បើឱ្យជ្រើសរើសរវាងស្នេហា និងអាជីពសិល្បៈប្រហែលជានាងខ្ញុំស្រវាយកសិល្បៈសិនហើយ ព្រោះនៅតែស្រឡាញ់ មានអ្នកគាំទ្រទើបមិនចង់ឆាប់មានអ្នកឃាំងបេះដូង» ។ ចំពោះរឿងចេញទៅអាមេរិក តូតាប្រាប់ថាតាមគម្រោងគឺមានគ្នាដល់ទៅ៤នាក់ គឺលោក ជិន ស៊ីណារា៉ក់ លី ច័ន្ទសីហា រ៉ូលីន និងរូបនាង។ នាងត្រៀមបទចម្រៀងជំនាន់មុនឱ្យបានច្រើនសម្រាប់ច្រៀងនៅទីនោះ និងត្រៀមទាំងសម្លៀកបំពាក់បែបខ្មែរយើងមានហូល ផាមួង បើទោះជានាងនៅក្មេង ហើយមើលទៅការស្លៀកពាក់កន្លងមកបែបយេៗក៏នាងមិនចោលសម្លៀកបំពាក់ខ្មែរដែរ ពិសេសរឿងចេញទៅស្រុកគេដើម្បីបង្ហាញអត្តសញ្ញាណខ្មែរយើងនៅតំបន់ជឿនលឿននោះ៕
ចែករំលែកព័តមាននេះ