ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ចិញ្ចឹម​ត្រី​រ៉ស់​ត្រី​ឆ្តោ ទ្រង់​ទ្រាយ​ធំ​ចំនួន​3​កន្លែង ​ជន​ល្មើស​មាន​មុខ​ដដែល​ៗ

11 ឆ្នាំ មុន

ខេត្ដ​សៀមរាប​ ៖​ ស្រប​ពេល​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​ កំពុង​ប្រឹង​ប្រែង​ពង្រឹង​ឡើង​វិញ​នូវ​វិស័យ​ជលផល​ ដោយ​បាន​លុប​ចោល​ឡូត៍​នេសាទ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​ក្នុង​បឹង​ទន្លេសាប​ ដើម្បី​ប្រយោជន៍​ស្ដារ​ធនធាន​មច្ឆ​ជាតិ​ឱ្យ​សម្បូរ​ឡើងវិញ​​ ។​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​និគម​ជន​យួន​មួយ​ចំនួន​កំពុង​បង្វែរទិស​ដៅ​មក​ចិញ្ចឹម​ត្រីរ៉ស់​ និង​ត្រី​ឆ្ដោ​នៅ​តាម​ស្រះ​វិញ​ម្ដង​ ហើយ​កូន​ត្រី​តូច​ៗ​រាប់​លាន​ក្បាល​ក្នុង​មួយ​ថ្ងៃៗ

ខេត្ដ​សៀមរាប​ ៖​ ស្រប​ពេល​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​ កំពុង​ប្រឹង​ប្រែង​ពង្រឹង​ឡើង​វិញ​នូវ​វិស័យ​ជលផល​ ដោយ​បាន​លុប​ចោល​ឡូត៍​នេសាទ​នៅ​ទូទាំង​ប្រទេស​ ជា​ពិសេស​ក្នុង​បឹង​ទន្លេសាប​ ដើម្បី​ប្រយោជន៍​ស្ដារ​ធនធាន​មច្ឆ​ជាតិ​ឱ្យ​សម្បូរ​ឡើងវិញ​​ ។​ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​និគម​ជន​យួន​មួយ​ចំនួន​កំពុង​បង្វែរទិស​ដៅ​មក​ចិញ្ចឹម​ត្រីរ៉ស់​ និង​ត្រី​ឆ្ដោ​នៅ​តាម​ស្រះ​វិញ​ម្ដង​ ហើយ​កូន​ត្រី​តូច​ៗ​រាប់​លាន​ក្បាល​ក្នុង​មួយ​ថ្ងៃៗ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​រង្គាល​ពី​បឹង​ធម្មជាតិ​ ដើម្បី​យក​មក​ផ្គត់​ផ្គង់​ដល់​ការ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ ។​

សកម្មភាព​ចិញ្ចឹម​ត្រីរ៉ស់​ និង​ត្រីឆ្ដោ​ជា​ពពួក​ត្រី​ស៊ី​ត្រី​គ្នា​វា​ជា​ចំណី​​ ត្រូវ​បាន​ហាម​ឃាត់​ តែ​និគម​ជន​យួន​​ទាំង​នោះ​អាច​ដំណើរ​ការ​ទៅ​បាន​ ដោយ​គេ​សង្ស័យ​ថា​ អាច​ឃុបឃិត​គ្នា​ជា​មួយ​មន្ដ្រី​ជំនាញ​ និង​មន្ដ្រី​អនុវត្ដ​ច្បាប់​ជា​ច្រើន​ស្ថាប័ន​ទៀត​ ព្រោះ​កន្លង​មក​​គេ​ឃើញ​បង្ក្រាប​បទ​ល្មើស​នេះ​ខ្លះៗ​ដែរ​ ប៉ុន្ដែ​បាន​ត្រឹម​តែ​ឱ្យធ្វើ​កិច្ច​សន្យា​កំណត់​រយៈ​ពេល​បញ្ឈប់​ រួច​បន្ដ​ដំណើរ​ការ​សកម្មភាព​ដដែល​ ។​ យោង​តាម​មន្ដ្រី​សមត្ថកិច្ច​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា​ សកម្មភាព​ចិញ្ចឹម​ត្រី​រ៉ស់​ ន​ិង​ត្រី​ឆ្ដោ​ដែល​រាជ​រដ្ឋា​ភិបាល​ហាម​ឃាត់​កំពុង​តែ​កក្រើក​ឡើង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​ ជា​ពិសេស​កន្លែង​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ចំនួន​៣​កន្លែង​ នៅ​តាម​រណ្ដៅ​ធំៗ​ ជ្រៅ​ៗ​ ដែល​បន្សល់​ទុក​ពី​ឈ្មួញ​កាយ​ដី​លក់​នៅ​តាម​មាត់​បឹង​ទន្លេសាប​ក្នុង​ភូមិសាស្ដ្រ​ក្រុង​សៀមរាប​ និង​ស្រុក​ពួក​ ។​

ទីតាំង​ចិញ្ចឹម​ត្រី​ខុស​ច្បាប់​ទាំង​នោះ​មាន​ ១-​ស្ថិត​ក្នុង​ភូមិ​ថ្មី​ សង្កាត់​ស្វាយ​ដង្គំ​ ចុះ​ពី​ផ្លូវ​ក្រវាត់​ក្រុង​បន្ដិច​ ២-​ស្ថិត​នៅ​ខាង​ជើង​ភ្នំក្រោម​ ជា​ដី​របស់​មន្ដ្រី​ចូល​និវត្ដន៍​ម្នាក់​ និង​៣-​ស្ថិត​ក្នុង​ភូមិ​តាចែត​ ឃុំ​សំរោង​យារ​​ ស្រុក​ពួក​ ។​ មន្ដ្រី​ដដែល​បាន​បន្ថែម​ថា​ កន្លែង​ចិញ្ចឹម​ត្រី​ខាង​លើ​នោះ​ មាន​ទ្រង់​ទ្រាយ​ធំ​សម្បើម​ណាស់​ មាន​ស្រះ​ធំៗ​ និង​ដាក់​កូន​ត្រី​រាប់​សែន​ក្បាល​ក្នុង​មួយ​ស្រះ​ៗ​ ដោយ​មាន​ថៅ​កែ​ជា​ជនជាតិ​យួន​ និង​ប្រើ​ប្រាស់​កម្មករ​ជំនាញ​យួន​រាប់សិប​នាក់​ ព្រម​ទាំង​មាន​អំណាច​សម្បើម​ណាស់​ គ្មាន​អ្នក​ណា​ហ៊ាន​ប្រថុយ​ចេញ​មុខ​បង្ក្រាប​ឡើយ​។​

ចំណែក​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​កន្លែង​ចិញ្ចឹម​ត្រី​មួយ​ ក្នុងចំណោម​៣​កន្លែង​នោះ​ប្រាប់​ថា​ ជា​រៀង​រាល់ថ្ងៃ​គេឃើញមាន​រថយន្ដ​ និង​ម៉ូតូ​ច្រើន​គ្រឿង​ដឹក​កូន​ត្រី​រាប់​សិប​តោន​ចូល​ទៅក្នុង​បរិវេណ​ចិញ្ចឹម​ត្រី​នោះ​ ដែល​នេះ​គឺ​ជា​មហន​្ដរាយ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​មួយ​សម្រាប់​ធនធាន​មច្ឆជាតិ​របស់​យើង​ ។​
គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា​ ឆ្នាំ​២០១២​កន្លង​ទៅ​ សមត្ថកិច្ច​ចម្រុះ​មួយក្រុម​រួម​មាន​មន្ដ្រី​រដ្ឋបាល​ជលផល​ និង​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ខេត្ដ​ ដឹក​នាំ​ដោយលោក​ សំ​រិទ្ធ សុខុន​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ដ​ ធ្លាប់​បាន​បើក​ប្រតិបត្ដិ​ការ​បង្ក្រាប​កន្លែង​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្ដោ​នៅ​ភូមិ​តាចែត​ ឃុំ​សំរោង​យារ​ ស្រុក​ពួក​ ម្ដង​ហើយ​​ ប៉ុន្ដែ​បាន​ត្រឹម​តែ​ធ្វើ​កំណត់​ហេតុ​​រួម​មួយ​ រួច​ប្រគល់​កូន​ត្រី​រាប់​សែន​ក្បាល​ទៅ​ឱ្យ​ម្ចាស់​ចិញ្ចឹម​បន្ដ​វិញ​តែ​ប៉ុណ្ណោះ​ ។​

មុខ​របរ​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្ដោ​ត្រូវ​បាន​ហាម​ឃាត់​តាំង​ពី​អំឡុង​ឆ្នាំ​២០០៤​មក​ ។​ នេះ​បើ​ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​លេខ​៤០០៤​ សកស.សជណ ចុះ​ថ្ងៃ​ទី​៣​ កញ្ញា​ ឆ្នាំ​២០០៤​ ស្ដី​ពី​ការ​បញ្ឈប់​សកម្មភាព​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្ដោ​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ។​ បន្ថែម​ពីលើ​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​ធ្លាប់​បាន​អំពាវ​នាវ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹម​ត្រី​ប្រភេទ​នេះ​ដែរ​ ព្រោះ​វា​អន្ដរាយ​ដល់​មច្ឆជាតិ​ ។​ ជុំ​វិញ​សកម្មភាព​ចិញ្ចឹម​ត្រី​ល្មើស​ច្បាប់​នេះ​ដែរ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជលផល​លោក​ ណៅ ធួក​ ធ្លាប់​បាន​បញ្ជាក់​ថា​ តាម​ការ​សិក្សា​កន្លង​មក​ បង្ហាញ​ថា​ «ត្រីរ៉ស់​ និង​ត្រី​ឆ្ដោ​ ត្រូវ​ការ​ចំណី​ចំនួន​ប្រាំ​ដង​ ទើប​រំលែង​ទម្ងន់​វា​បាន​មួយ​ដង​»​ មាន​ន័យ​ថា​ ដើម្បី​ចិញ្ចឹម​ត្រី​ប្រភេទ​ទាំង​ពីរ​នេះ​ឱ្យ​បាន​ទម្ងន់​១គីឡូក្រាម​ គឺ​ត្រូវ​ឱ្យ​វា​ស៊ី​កូន​ត្រី​តូច​ៗ​គ្នា​វា​អស់​ចំនួន​ដល​់​​ទៅ​៥​គីឡូក្រាម​ ដែល​មាន​ចំនួន​រាប់​ម៉ឺុន​ក្បាល​ ។​

ទោះ​ជា​យ៉ាង​ណា​ នៅ​ពេញ​មួយ​ថ្ងៃ​ទី​១៧​ មិថុនា​​ គេ​មិន​អាច​ស្វែង​ជួប​លោក​ ខេង​ សុខអូន​ នាយ​សង្កាត់​រដ្ឋ​បាល​ជលផល​ចុង​ឃ្នៀស​ និង​លោក​ ឡុង​ គឹម​ឈៀន​ នាយ​សង្កាត់​រដ្ឋបាល​ជលផល​មេជ្រៃ​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ទី​កន្លែង​ចិញ្ចឹម​ត្រី​រ៉ស់​ និង​ត្រី​ឆ្ដោ​ទាំង​៣​កន្លែង​នេះ​បាន​ទេ​ ។​ ថ្វី​បើ​បែប​នេះ​ក្ដី​ នាយ​ខណ្ឌ​រដ្ឋ​បាល​ជលផល​សៀមរាប​ លោក​ ព្រិន​ សាវិន​ មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ កាល​ពី​ព្រឹក​ថ្ងៃទី​១៧​ មិថុនា​ថា​ ករណី​ចិញ្ចឹម​ត្រី​ខាង​លើ​ លោក​បាន​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ចិញ្ចឹម​រួចរាល់​ហើយ​ កាល​ពី​ពេល​កន្លង​ទៅ​ តែ​បើសិន​ជា​ពួក​គេ​នៅ​តែ​បន្ដ​លប​លួច​ចិញ្ចឹម​ទៀត​ លោក​នឹង​មាន​ចំណាត់​ការ​ទៅ​តាម​ច្បាប់​ ៕​