រាជធានីភ្នំពេញ ៖ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានបើករថយន្តមួយគ្រឿងម៉ាកឡង់គ្រីស្ស័របើកក្នុងល្បឿនយ៉ាងលឿនដូចហោះរេចង្កូតទៅបុកបង្គោលភ្លើងបាក់អស់មួយដើម ហើយបុកស្លាកប៉ាណូបាក់អស់មួយផ្ទាំងទៀត បណ្តាលឲ្យរថយន្តខ្ទេចអស់មួយកំណាត់មុខរួញចូលគ្នា ចំណែកអ្នកបើកបររងស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ក្បែរនឹងផ្ទះសំណាក់ឆៃហុង ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណមានវ័យប្រហែល៣៩ទៅ៤០ឆ្នាំ បានបើករថយន្ត មួយគ្រឿងម៉ាកឡង់គ្រីស្ស័រ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ២L-៦៥៦៧ តាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងជោក។
អ្នកបើកបរបើករថយន្តក្នុងល្បឿនយ៉ាងលឿន ស្របពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងផង បានរេចង្កូតឡើងទៅខឿនសួនច្បារពុះចែកផ្លូវហោះទៅបុកបង្គោលភ្លើងមួយដើម បណ្តាលអោយខ្ទាតទៅផ្លូវម្ខាងទៀតជាង៥០ម៉ែត្រហើយរថយន្តមិនទាន់អស់ល្បឿននោះទេ ក៏បន្តទៅបុកស្លាកប៉ាណូបាក់អស់មួយផ្ទាំងទៀត ចំណែករថយន្តវិលមួយជុំខ្ទេចអស់មួយកំណាត់ខាងមុខ រីឯអ្នកបើករថយន្តបានរងរបួសស្រាល ។
ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

ចែករំលែកព័តមាននេះ