ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប អំពាវនាវ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទៅ​ផ្ទៀង​ផ្ទាត់…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត ដែល​បិទ​ផ្សាយ​នៅ​តាម​សាលាឃុំ​-​សង្កាត់ ដើម្បី​កែតម្រូវ​ក្នុង​ករណី​មាន​កំហុស ។ លោក…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ហើយ​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត ដែល​បិទ​ផ្សាយ​នៅ​តាម​សាលាឃុំ​-​សង្កាត់ ដើម្បី​កែតម្រូវ​ក្នុង​ករណី​មាន​កំហុស ។

លោក ហង្ស ពុទ្ធា សមាជិក​និង​ជា​អ្នក​នាំ ពាក្យ គ​.​ជ​.​ប ថ្លែង​ថា ការ​បិទ​ផ្សាយ​បញ្ជី​ទាំង​ពីរ​នេះ​មាន​រយៈពេល​៥​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​១ ខែធ្នូ​ឆ្នាំ​នេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​តវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយ​លក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​ករណី​ខុស​ឈ្មោះ ខុស​ទិន្នន័យ​ផ្សេង​ៗ ឬ​ការ​លុបឈ្មោះ​ខុស​ដោយ​ការ​ភ័ន្ត​ច្រឡំ​ណាមួយ មុន​នឹង គ​.​ជ​.​ប ឈាន​ទៅ​ប្រកាស​សុពលភាព​បញ្ជី​បោះ​ឆ្នោត​ថ្មី​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ​ខាង​មុខ​នេះ ។

លោក ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​ថា ក្នុង​ករណី​អ្នក​ប្តឹង​តវ៉ា​ឬ​អ្នក​ប្តឹង​ជំទាស់​មិន​ពេញចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ គឺ​អាច​ប្តឹង​បន្ត​ទៅ គ​.​ជ​.​ប និង​ក្រុម​ប្រឹក្សាធម្មនុញ្ញ​តាម​ច្បាប់​កំណត់ ។ យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់ គ​.​ជ​.​ប កាលពី​ខែតុលា​កន្លង​ទៅ​នេះ បង្ហាញថា មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចំនួន​១៩​ម៉ឺន​នាក់ ហើយ​អ្នកបោះឆ្នោត​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន​ជាង​៥៦.០០០​នាក់ និង​អ្នក​ដែល​បាន​កែតម្រូវ​ឈ្មោះ និង​ទិន្នន័យ​មាន​ជាង​១.៥០០​នាក់ ។

គ​.​ជ​.​ប បាន​លើក​ឡើង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ គឺ​សំដៅ​ទៅ​លើ​អ្នក​ផ្លាស់​ប្តូរ​លំ​នៅ​ឋាន ការ​កែតម្រូវ​ឈ្មោះ​ឬ​ទិន្នន័យ​អ្នកបោះឆ្នោត អ្នក​ទើប​គ្រប់​អាយុ​១៨ឆ្នាំ អ្នក​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​មុនមក ការ​ស្រង់​និង​លុបឈ្មោះ​ចំពោះ​អ្នក​ទទួលមរណភាព និង​អ្នក​ត្រូវ​បាន​ដកសិទ្ធិ​បោះ​ឆ្នោត​បណ្តោះអាសន្ន ។

ក្រុម​អង្គការ​សង្គម​ស៊ី​វិល ធ្វើការ​ងារ​លើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​លើ​ឡើង​ថា ដើម្បី​ធានា​បាន​ពី​ការ​ខុស​ឈ្មោះ ឬ​ទិន្នន័យ​ផ្សេង​ៗ និង​ការ​បាត់ឈ្មោះ​ក្នុង​បញ្ជី ប្រជាពលរដ្ឋ​គ្រប់​រូប​គួរ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​ដែល​បិទ​នៅ​តាម​សាលាឃុំ​-​សង្កាត់​ឱ្យ​បាន​គ្រប់​ៗ​គ្នា ។ ប្រជាពលរដ្ឋ​ហាក់មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការ​ទៅ​ពិនិត្យ​មើល​​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន​នៅ​លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង​នេះ​ទេ ដោយសារ​មិនមែន​ជា​ឆ្នាំ​បោះ​ឆ្នោត ។

តាម គ​.​ជ​.​ប បាន បញ្ជាក់​ថា ក្រៅពី​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះ​ឆ្នោត​នៅ​តាម​សាលាឃុំ​-​សង្កាត់​នីមួយ​ៗ បញ្ជី​នេះ​ក៏មាន​បង្ហោះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​គ​.​ជ​.​ប www.voterlist.org.kh ផង​ដែរ ដែល​ប្រជាពលរដ្ឋ​អាច​ស្វែងរក​ឈ្មោះ​របស់​ខ្លួន​តាមរយៈ​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ​នៅ​លើ​កម្មវិធី App របស់​គ​.​ជ​.​ប ដែល​មានឈ្មោះ​ថា Voterlist KH ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ស​ប្តា​ហ៍​មុននេះ​ថា គ​.​ជ​.​ប សូម​ប្រកាស​ដល់​សាធារណជន គណបក្ស​នយោបាយ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​លើក​ទី​៣ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ខណ្ឌ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩​ខាង​មុខ ។ អ្នកបោះឆ្នោត​គឺជា​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ក្នុង​មុខ​តំណែង សម្រាប់​ការ​បោះ​ឆ្នោត​អ​សកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ៕