ខេត្តកណ្តាល ៖ នៅក្នុងបរិវេណវត្តព្រែកសំរោង កាលពីព្រឹកថ្ងៃទី១៨ មិថុនា លោកឧត្តមសេនីយ៍ឯក ឌៀង សារុន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ គណៈពង្រឹងមូលដ្ឋានក្រុងតាខ្មៅ និងជាប្រធានក្រុមការងារចុះពង្រឹងសង្កាត់តាខ្មៅ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រះសង្ឃ និងសមាជិក សមាជិកាគណបក្សប្រជាជននៅក្នុងមូលដ្ឋានសង្កាត់តាខ្មៅ ដើម្បីរំលឹកអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខ ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ប្រយោជន៍គាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។បន្ទាប់ពីលោក ជៀម ខូយ ចៅសង្កាត់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់តាខ្មៅ ធ្វើរបាយការណ៍សង្ខេបស្តីពីវិស័យអាណាចក្រ និងពុទ្ធចក្រនៅក្នុងមូលដ្ឋានសង្កាត់តាខ្មៅរួចមកលោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចទាំងបីជាប្រមុខដឹកនាំ បានរំដោះប្រទេសជាតិពីរបបកាប់សម្លាប់របស់ប៉ុល ពត ហើយខិតខំស្តារ និងកសាងប្រទេសពីបាតដៃទទេរហូតមានការរីកចម្រើនលើគ្រប់វិស័យ ។ ប៉ុន្តែទោះជាបែបនេះក្តី ក៏គណបក្សប្រឆាំងមិនទទួលស្គាល់ការពិតដែរ ហើយក្រុមគេតែងតែរកល្បិចកលភូតកុហកបោកប្រាស់ប្រជាពលរដ្ឋគ្រប់យុទ្ធវិធី ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំសាកល្បងឱ្យសោះប្រយ័ត្នចាញ់កលល្បិចឃោសនារបស់គណបក្សប្រឆាំង។
សព្វថ្ងៃនេះមានគណបក្សមួយដាក់ឈ្មោះថា គណបក្សសង្គ្រោះជាតិ សួរថាតើសង្គ្រោះអ្វី ? តើប្រទេសជាតិលិចលង់ត្រង់ណា? គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលបានសង្គ្រោះប្រទេសជាតិ សង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍របស់ពួកប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩ ហើយខិតខំស្តារ និងកសាងប្រទេសពីបាតដៃទទេរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយប្រទេសជាតិបានទទួលសន្តិភាពពេញលេញ ។
សូមបញ្ជាក់ថា ក្នុងពិធីជួបជុំសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ឯក ឌៀង សារុន ក៏បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ដល់ប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងក្រុងតាខ្មៅផងដែរ ៕
ចែករំលែកព័តមាននេះ