ខេត្តកំពង់ឆ្នាំង៖ លោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អមដំណើរដោយលោកស្រ៊ី គីមយូ មេធាវីតំណាងក្រុមហ៊ុនរោងចក្រ ស្បែកជើងត្រីប៉ូស រួមជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៩ មិថុនា បានចូលប្រកាសដីការក្សាការពាររោងចក្រត្រីប៉ូស ដែលមានទីតាំងស្ថិតក្នុងភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
លោកពេញ វិបុល បានអានដីការក្សាការពាររបស់រោងចក្រ ហើយបានកំណត់ឱ្យកម្មករ កម្មការិនី ដែលបានតវ៉ាមិនព្រមចូលធ្វើការរយៈពេលមួយសប្តាហ៍កន្លងទៅនោះឱ្យចូលធ្វើការវិញ ដោយកំណត់ត្រឹមល្ងាចថ្ងៃទី២០ មិថុនា បើកម្មករ កម្មការិនីណាមិនចូលធ្វើការទេ ក្រុមហ៊ុននឹងលុបឈ្មោះចេញពីរោងចក្រតាមនីតិវិធីច្បាប់ដោយពុំមានសិទ្ធក្នុងការតវ៉ាឡើយ ។
គួរបញ្ជាក់ផងដែរថា មុនពេលលោកព្រះរាជអាជ្ញាអានដីការក្សាការពាររបស់រោងចក្រនោះ ដោយមានការញុះញុងពីមន្រ្តីសហព័ន្ធសហជីពស្មារតីកម្មករខ្មែរដែលមកពីភ្នំពេញ កម្មការិនីមួយចំនួនបាននាំគ្នាឈរបិទចរាចរណ៍លើផ្លូវជាតិលេខ៥ នៅមុខរោងចក្រ ។ ពេលនោះដែរលោកពេញ វិបុលបានបញ្ជាឱ្យសមត្ថកិច្ចធ្វើការបំបែកជាបន្ទាន់ ហើយចរាចរណ៍ក៏បានដំណើរការជាធម្មតាឡើងវិញ ។
ចែករំលែកព័តមាននេះ