ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ស្រូវ​ពូជ​2.600​គីឡូ​ក្រាម​ដល់​កសិករ​តាម​បណ្តា​ឃុំ​ក្នុងស្រុក​ជាំ​ក្សាន្ត​

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ មន្ទីរ​កសិកម្ម​ខេត្ត​បាន​នាំ​យក​ស្រូវ​ពូជ​ចំនួន​២.៦០០​គីឡូ​ក្រាម​ទៅ​ចែក​ជូន​ប្រជា​កសិករ​នៅ​គ្រប់​ឃុំ​ក្នុង​ស្រុក​ជាំ​ក្សាន្ត​សម្រាប់​ជា​ទុន​ក្នុង​ការ​បង្ក​បង្កើន​ផល​នា​រដូវ​វស្សា ។​ ពិធី​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​លោក ស៊ុយ​ សេរិទ្ធិ​ អភិ​បាល​រង​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជការ​ក្នុង​ស្រុក​ និង​ប្រជាកសិករ​ជាំ​ក្សាន្ត​ ចំនួន​២៦០​គ្រួសារ។​

លោក​ ពឹង​ ទ្រីដា​ ប្រធាន​មន្ទីរ​កសិកម្មខេត្ត​ថ្លែង​ថា​ ស្រូវ​ពូជ​ទាំង​នេះ​មាន​ពូជ​ផ្កា​រំដួល​ និង​ជល​សា​ គឺ​ជាពូជ​សុទ្ធ​ល្អ​ ចែក​ជូន​ក្រុម​កសិករ​សម្រិត​សម្រាំង​ពូជ​ចំនួន​៦​ក្រុម​ ស្មើ​នឹង​១៥០​គ្រួសារ​ កសិករ​ក្រុម​បង្ហាញ​ភូមិ​គំរូ​ចំនួន​៦១​គ្រួសារ​ និង​កសិករ​ធ្វើ​ស្រែ​បង្ហាញ​មួ​យចំនួន​ផង​ដែរ​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ស្រូវ​ពូជ​១០​គីឡូ​ក្រាម ។​ ស្រូវ​ពូជ​ដែល​ផ្តល់​ជូន​កសិករ​នាពេល​នេះ​មិន​​ច្រើន​ទេ​ ប៉ុន្តែ​ជា​ផ្នែក​មួយ​នៃ​សកម្ម​ភាព​គម្រោង​បម្រែ​បម្រួល​អាកាស​ធាតុ​ (NAPA Follow-up) ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​បរិស្ថាន​សកល​តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ (GEF/UNDP) ។​

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ផ្តាំ​ផ្ញើ​ដល់​កសិករ​ឱ្យ​ចេះ​ជ្រើស​រើស​ពូជ​ និង​សម្រាំង​ស្រូវ​ពូជ​ដែល​ល្អ​សម្រាប់​ធ្វើ​ការ​ដាំ​ដុះ​ ព្រោះ​គ្រាប់​ពូជ​ល្អអាច​ដុះ​លូតលាស់​បាន​ឆាប់​រហ័ស និង​ផ្តល់​ទិន្ន​ផល​ខ្ពស់​ ។ ជា​មួយ​នេះ​ក៏បាន​ដាស់​តឿន​ដល់​ប្រជាកសិករ​ មុន​នឹង​ដាំ​ដុះ​ត្រូវ​រៀបចំ​ដី​ឱ្យបាន​ល្អ​ ព្រោះ​បើ​រៀបចំ​ដីបាន​ល្អ​នោះ​ដំណាំ​ស្រូវ​នឹង​លូតលាស់​បាន​ល្អ​ជាក់​ជា​មិន​ខាន។​ លោក​​ប្រធា​ន​មន្ទីរ​បានប​ញ្ជាក់​ទៀត​ថា​ ការ​ផលិត​ស្រូវ​នាសម័យ​នេះ​ជា​ការ​ផលិតតាមបែប​បច្ចេក​ទេស​កសិកម្មថ្មី​ គឺ​មិន​ផលិត​ផ្សង​ព្រេង​ដូច​សម័យ​បុរាណ​ឡើយ​ ត្រូវ​លើក​ភ្លឺ​ស្រែ​​ឱ្យ​បាន​មាំ​ល្អ​ដើម្បី​ថែរក្សាទឹក​ និងជី​ជាតិ​ក្នុង​ស្រែ​មិនឱ្យ​ហូរចេញ​បាន ។​

ប្រជាកសិករ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​ការប្រើ​ប្រាស់​ជី​ធម្មជាតិ​ឱ្យ​បាន​​ខ្លាំង​ក្លា​បំផុត​ ព្រោះ​ជី​ធម្មជាតិ​មាន​គុណ​សម្បត្តិ​ច្រើន​ដូចជា​ ធ្វើ​ឱ្យ​ដី​ផុស​ល្អ​ អាចរក្សា​សំណើម​ក្នុង​ដី​បាន​យូរ​ ជួយបង្កើន​ជីជាតិ​ដី​ បន្ថយ​ការ​ចំណាយ​ក្នុង​ការទិញ​ជី​គីមី ​និង​ជួយ​រក្សាបរិស្ថាន​បាន​ល្អ​ទៀត​ផង ។​លោក ស៊ុយ​ សេរិទ្ធិ​ អភិបាល​រង​ខេត្ត​ថ្លែង​ថា ក្រោយ​ពី​ទទួល​បាន​ស្រូវពូជ​ និង​ការ​ពន្យល់​អំពី​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ​ពី​សំណាក់​មន្ត្រី​ជំនាញ​កសិកម្ម​ ហើយ​សូម​បង​ប្អូន​យក​ទៅ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ដើម្បី​ទទួល​បាន​ផល​ល្អ​សម្រាប់​គ្រួសារ​នីមួយៗ​ ៕​