ខេត្តស្ទឹងត្រែង ៖ គោប្រជាពលរដ្ឋចំនួន២ក្បាលបានងាប់ដោយសារត្រូវចរន្តអគ្គិសនីដែលឆ្លងពីបង្គោលភ្លើងឆក់នៅលើសួនច្បារ ស្ថិតនៅចំណុចព្រលានក្រហម ទល់មុខសាលាខេត្តថ្មីក្នុងភូមិត្រពាំងព្រឹង សង្កាត់ស្ទឹងត្រែង ។ គោទាំង២ក្បាលនេះត្រូវបានប្រជាពលរដ្ឋដែលទៅហាត់ប្រាណប្រទះឃើញងាប់គងជើងលើគ្នា ដោយជើងម្ខាងនៅជាប់ជាមួយបង្គោលភ្លើងមួយដើមនៅលើសួនច្បារកាលពីវេលាម៉ោងជាង៥ភ្លឺថ្ងៃទី១៩ មិថុនា ។
ទោះបីជាបែបណា មិនមានអ្នកណាម្នាក់ចេញមុខអះអាងថាជាគោរបស់ខ្លួនឡើយ ប៉ុន្តែមានប្រជាពលរដ្ឋម្នាក់និយាយនៅព្រឹកនោះថា ស្ត្រីម្នាក់ឈ្មោះ ឌី រស់នៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង បាននិយាយកាលពីរសៀលថ្ងៃទី១៨ មិថុនាថា គាត់បានបាត់គោចំនួន២ក្បាល គឺគោមេ១ក្បាល និងកូន១ក្បាល មិនដឹងជាដើរទៅដល់ណាទេ រកមិនឃើញ ។
ប្រជាពលរដ្ឋជាច្រើននាក់ដែលតែងតែនាំគ្នាទៅហាត់ប្រាណនៅពេលព្រឹកព្រលឹម និងវេលាល្ងាចបាននិយាយនៅកន្លែងកើតហេតុនោះថា នេះជាការធ្វេសប្រហែសមួយរបស់មន្ត្រីអគ្គិសនីខេត្ត ដែលមិនបានយកចិត្តទុកដាក់ចំពោះបង្គោល ឬខ្សែភ្លើងដែលដាច់ធ្លាក់ជាហេតុបង្កឱ្យចរន្តភ្លើងឆ្លងទៅតាមបង្គោល ខណៈមានភ្លៀងធ្លាក់ ហើយសើម ។ ប្រជាពលរដ្ឋទាំងនោះបានសម្តែងការរិះគន់ថា នេះឆក់ត្រឹមគោងាប់ ចុះបើឆក់មនុស្សស្លាប់វិញ តើអ្នកណាជាអ្នកទទួលខុសត្រូវ ?
មន្ត្រីនគរបាលសណ្តាប់ធ្នាប់បានឱ្យដឹងថា ខ្មោចគោទាំង២ក្បាលនេះត្រូវបានយកទៅរក្សាទុកនៅសត្តឃាតដ្ឋានដើម្បីស៊ើបរកម្ចាស់ ។ ក្រោយពេលរកម្ចាស់ឃើញហើយ បើម្ចាស់ចង់យកទៅពន្លះយកសាច់ដោយខ្លួនឯង ឬក៏លក់ដូរទៅឱ្យឈ្មួញគឺជារឿងរបស់ម្ចាស់គោ ៕
ចែករំលែកព័តមាននេះ