ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​កំពុង​ជំរុញ​ការ​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា បាន​ចូលរួម​បង្កើត​ឱកាស​ការងារ និង​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា បាន​ចូលរួម​បង្កើត​ឱកាស​ការងារ និង​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ។

ក្នុង​ពិធី​បើក​សិក្ខាសាលា​កម្រិត​ខ្ពស់ ស្តី​ពី « ការ​ពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​» កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ដើម្បី​ធានា​បាន​នូវ​យន្តការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​ការ​ធានា​បាន​នូវ​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏​ដូច​ជា​ការ​លើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានា​បាន​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ក្រសួង​បាន​រៀបចំ​ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្រប​តាម​ច្បាប់​ស្ដី​ពី​ការងារ ដើម្បី​កំណត់​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ចាំបាច់​ក្នុង​ការ​ធានា​នូវ​ជីវភាព​រស់នៅ​សមរម្យ​របស់​កម្មករនិយោជិត​គ្រប់​រូប និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​លេខ​១៣១ និង​អនុសាសន៍​លេខ​១៣៥ ស្ដី​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​តម្រូវ​ឱ្យ​មាន​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​តាម​បែប​វិទ្យាសាស្ត្រ ។

លោក​បញ្ជាក់​ថា ៖« ច្បាប់​នេះ​មាន​៦​ជំពូក និង​៣០​មាត្រា ដែល​នឹង​មាន​វិសាលភាព​គ្របដណ្តប់​លើ​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំង​ទ្បា​យ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ និង​មាន​គោលបំណង ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​សមរម្យ សេចក្ដី​ថ្លៃថ្នូរ បង្កើត​ឱកាស​ការងារ បង្កើន​ផលិតភាព​របស់​កម្មករនិយោជិត និង​ជំរុញ​ឱ្យ​មាន​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​កាន់តែ​ប្រសើរ ប្រកបដោយ​ភាព​ទាក់ទាញ »​។

លោក​បាន​បន្ថែម​ថា ច្បាប់​នេះ​មាន​គោលដៅ​ធានា​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ជន​ទាំង​ទ្បា​យ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ​, បង្កើត​នីតិវិធី​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​តាម​បែប​វិទ្យាសាស្ត្រ ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និង​សេដ្ឋកិច្ច​, បង្កើត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ដើម្បី​ជា​យន្តការ​ត្រីភាគី​សម្រាប់​សិក្សា​ស្រាវជ្រាវ និង​ផ្តល់​អនុសាសន៍​អំពី​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេង​ៗ​របស់​ជន​ទាំង​ទ្បា​យ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​ការងារ ។ លោក​ថា ៖« ច្បាប់​នេះ​គឺជា​សមិទ្ធផល​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត ដើម្បី​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា »​។
ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង បាន​បន្ត​កើនឡើង​ពី​ចំនួន​៤០​ដុល្លារ​ក្នុង​១​ខែ​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ដល់​១៨២​ដុល្លារ ក្នុង​១​ខែ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ហើយ​បើ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​ផ្សេង​ៗ​ទៀត កម្មករនិយោជិត​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី​១៩៩​ដល់​២១០​ដុល្លា​អា​មេ​រិ​ក​ក្នុង​១​ខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ បាន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​កាន់តែ​ប្រសើរ​ឡើងជា​បន្ដបន្ទាប់ ។ នេះ​បើ​តាម​លោក​ហេង សួរ ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញ​ថា ច្បាប់​ស្ដី​ពី​ប្រាក់​ឈ្នួល​នេះ នឹង​លើកទឹកចិត្ត​ដល់​កម្មករ​ក្នុង​ការ​បំពេញការងារ តែ​ក៏​ជា​កត្តា​រារាំង​មួយ​សម្រាប់​វិស័យ​កាត់ដេរ​ឬ​វិស័យ​ផលិតកម្ម ដែល​ធ្វើ​ឱ្យ​វិនិយោគ​ក្រៅប្រទេស អាច​នឹង​រារែក​ក្នុង​ការ​ចូល​មក​វិនិយោគ ឬ​ដក​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ ពីព្រោះ​ច្បាប់​ប្រាក់​ឈ្នួល​ពលកម្ម​ឡើង​ខ្ពស់​ពេក ។ លោក​បណ្ឌិត​បន្ដ​ថា ៖« វិស័យ​កាត់ដេរ​របស់​យើង ផលិតភាព​របស់​កម្មករ​ខ្ពស់​ដល់​កម្រិត​កំពូល​ទៅ​ហើយ មិន​អាច​ខ្ពស់​ជាង​នេះ​បាន​ទៀត​ទេ ដូចនេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ កម្ពុជា​ត្រូវ​តែ​ផ្លាស់​ប្តូរ​វិស័យ ពី​វិស័យ​ឧ​ស្សហកម្ម​ប្រើ​កម្លាំង​ច្រើន មក​ប្រើ​វិស័យ​ប្រើ​ជំនាញ​ដូច​ជា​វិស័យ​អេ​ឡិច​ត្រូ​និក​ជាដើម »​។

លោក​បណ្ឌិត​លើក​ឡើង​ថា ការ​ឡើង​ប្រាក់​ឈ្នួល​ដល់​១៨២​ដុល្លារ​ក្នុង​១​ខែ​នេះ​នៅ​ឆ្នាំ​ក្រោយ វា​ឆ្លើយ​តប​ទៅ​នឹង​ការ​កើនឡើង​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​មាន​អត្រា​ប្រមាណ​៧%​ក្នុង​មួយ​ឆ្នាំ​នេះ ក៏​ប៉ុន្តែ​បើ​មើលទៅ​លើ​ការ​ចំណាយ​របស់​កម្មករ​វា​ជួប​បញ្ហា​ប្រឈម​ខ្លះ​ដែរ ថ្លៃ​ឈ្នួល​ផ្ទះ​និង​ម្ហូបអាហារ​ឡើងថ្លៃ​តាម​ប្រាក់ខែ​កម្មករ​ដែរ ។ ជា​សំណូមពរ « ខ្ញុំ​ស្នើ​ដល់​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃ​ស្នាក់​នៅ​ឬ​ការ​ហូប​ចុក​របស់​កម្មករ​កុំឱ្យ​ឡើង​ខ្ពស់​ពេក ថ្វី​ដ្បិត​រាជរដ្ឋាភិបាល​មិន​យក​ថ្លៃ​អគ្គិសនី ឬ​ទឹក​ស្អាត​ដែល​កម្មករ​ប្រើ ប៉ុន្តែ​គួរ​មាន​វិធានការ​ដើម្បី​ធ្វើ​ឱ្យ​ការ​ចំណាយ​សម្រាប់​ការ​រស់នៅ​ទាប »​។

គួរ​បញ្ជាក់​ថា កម្ពុជា​ក៏​បាន​និង​កំពុង​ពិភាក្សា​អំពី​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​សកម្មភាព​ដើម្បី​ការ​ប្រែប្រួល​ផ្នែក​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ហៅ​កាត់​ថា​(ACT) ផង​ដែរ ដើម្បី​ធានា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​កម្មករនិយោជិត​នៅ​កម្ពុជា ដូច​ជា ការ​ធានា​ឱ្យ​និយោជក និង​អ្នកបញ្ជា​ទិញ​ទាំងឡាយ​គាំទ្រ​ដល់​កម្មវិធី​របប​សន្តិសុខ​សង្គម​(​បស​ស​) ដែល​ទាក់ទង​នឹង​ការ​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ ការ​ថែ​ទាំង​សុខភាព ហើយ​នៅ​ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​នឹង​ដាក់​ឱ្យ​អនុវត្ត​នូវ​របប​សោធន​និវត្តន៍ ។
គោលបំណង​របស់​ACT គឺ​ការ​ប្តេជ្ញា​ចិត្ត​កម្រិត​អន្តរជាតិ ក្នុង​ការ​សម្រេច​ឱ្យ​បាន​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ក្នុង​វិស័យ​មួយ ដោយ​បាន​បង្កើត​ឱ្យ​មាន​ជា​ក្របខ័ណ្ឌ​មួយ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​មាន ម្ចាស់​ម៉ាក និង​អាជីវករ​លក់រាយ សហជីព រោងចក្រ សហគ្រាស និង​រាជរដ្ឋាភិបាល អាច​អនុវត្ត​ទំនួល​ខុស​ត្រូវ និង​តួនាទី​របស់​ខ្លួន ក្នុង​ការ​សម្រេច​ឱ្យ​បាន​ប្រាក់​ឈ្នួល​សមរម្យ ។

យោង​តាម​សមាគម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បច្ចុប្បន្ន​នេះ​សមាគម​មាន​រោងចក្រ​ជា​សមាជិក​ប្រមាណ​៦០០​រោងចក្រ​ដែល​បាន​ផ្ដល់​ការងារ​ដល់​កម្មករនិយោជិត​ទាំង​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​ប្រមាណ​៩០​ម៉ឺន​នាក់ ដោយ​ក្នុង​១​ខែ ត្រូវ​ចំណាយ​ប្រមាណ​២០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​បើក​ប្រាក់ខែ ។ គិត​ត្រឹម​រយៈពេល​៧​ខែ​ដើមឆ្នាំ​នេះ វិស័យ​នេះ​បាន​នាំ​ចេញ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៤​ពាន់​លាន​ដុល្លារ ក្នុង​នោះ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​ធំ​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ