រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងបឹងដោយសារតែរន្ទះបាញ់ ខណៈពេលកំពុងដាក់មងកាលពីវេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី១៨ មិថុនា នៅក្នុងបឹងមួយកន្លែង ស្ថិតនៅជិតភូមិខ្នារ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បុរសរងគ្រោះឈ្មោះ ជួន ឌី អាយុ៣១ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ខាន់ ស្រីតូច អាយុ២៧ឆ្នាំ និងមានកូនប្រុសម្នាក់អាយុ៣ឆ្នាំ សព្វថ្ងៃមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះរូបនោះបានចាកចេញពីផ្ទះយកមងទៅដាក់ទៅក្នុងបឹងខាងលើដើម្បីយកត្រីធ្វើម្ហូប ខណៈពេលមេឃចាប់ផ្តើមងងឹត និងភ្លៀងធ្លាក់លាយឡំជាមួយនឹងផ្លេកបន្ទោរគួរឱ្យខ្លាច ។ មិនយូរ ប៉ុន្មានស្រាប់តែមានរន្ទះបានបាញ់ប្រហារមកលើបុរសរូបនោះបណ្តាលឱ្យរូបគេដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
បន្ទាប់មកស្ត្រីម្នាក់ដែលធ្វើដំណើរឆ្លងកាត់ទីនោះបានប្រទះឃើញ ហើយរត់ទៅប្រាប់ក្រុមគ្រួសារ និងអ្នកភូមិ បង្កឱ្យមានការភ្ញាក់ផ្អើលនាំគ្នារត់ទៅមើល និងសែងសពនាំយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ។ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពិនិត្យមើលសាកសពជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ