ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​សាស្ដ្រ​របស់ CPP សម្ដេច​តេ​ជោ ៖ បាល់​​ទាត់​​ន​យោ​បាយ​​ខ្ញុំ​មិន​នៅ​ខ្សែ​ប្រយុទ្ធ​ ឬ​ខ្សែ​ការពារ​ទេ គឺ​នៅខ្សែ​បម្រើ

11 ឆ្នាំ មុន

ខេត្ត​តាកែវ ​៖ ​មជ្ឈ​មណ្ឌល​និង​សាលា​កីឡា​​បាល់​ទាត់​ជាតិ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់​ទក្សិណ ​ឃុំ​ក្រាំង​ធ្នង់ ​ស្រុក​បា​ទី​​​ ​ត្រូវ​​បាន​ប្រារព្ធ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​ក្រោម​អធិប​តី​​​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​នា​ព្រឹកថ្ងៃទី​១៨ មិថុនា ​។ អញ្ជើញ​ចូល​រួម​​កុ្នុង​ឱកាស​នោះ​មាន​​​​​​មន្ត្រី​​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នានា​ថ្នាក់​ជាតិ ​និង​ភ្ញៀវ​​អន្តរជាតិ ​ដែល​រួម​មាន​ប្រធា​ន​សហ​ព័ន្ធ​បាល​់​ទាត់​ទ្វីប​អាស៊ី

ខេត្ត​តាកែវ ​៖ ​មជ្ឈ​មណ្ឌល​និង​សាលា​កីឡា​​បាល់​ទាត់​ជាតិ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់​ទក្សិណ ​ឃុំ​ក្រាំង​ធ្នង់ ​ស្រុក​បា​ទី​​​ ​ត្រូវ​​បាន​ប្រារព្ធ​ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​ក្រោម​អធិប​តី​​​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​នា​ព្រឹកថ្ងៃទី​១៨ មិថុនា ​។ អញ្ជើញ​ចូល​រួម​​កុ្នុង​ឱកាស​នោះ​មាន​​​​​​មន្ត្រី​​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នានា​ថ្នាក់​ជាតិ ​និង​ភ្ញៀវ​​អន្តរជាតិ ​ដែល​រួម​មាន​ប្រធា​ន​សហ​ព័ន្ធ​បាល​់​ទាត់​ទ្វីប​អាស៊ី ​និង​ជា​តំណាង​ FIFA ប្រធា​ន​សហ​ព័ន្ធ​បាល​់​ទាត់​អាសា៊ន​ និង​គ្រូ​កីឡា​បាល​់​​ទាត់​នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ ព្រម​ទាំង​លោក​គ្រូ ​អ្នក​គ្រូ ​និង​​សិស្សា​នុ​សិស្ស​​យ៉ាង​​ច្រើន​កុះ​ករ ​។

សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន ​​មានប្រសាសន៍​​​ថា ​ច្រើន​ឆ្នាំ​កន្លង​ទៅ​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​សង្គ្រាម​​​ធ្វើ​ឱ្យ​​វិស័យ​កីឡា​កម្ពុជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​។ ​បន្ទាប់​ពី​ថ្ងៃ​រំដោះ​៧​មករា ​១៩៧៩​មក ​យើង​បាន​ក្រោក​ឈរ​ឡើង​រហូត​មក​ដល់​ពេល​នេះ ​​កម្ពុជាបាន​បញ្ជូន​កីឡា​ករ​ទៅ​ចូល​រួម​​ជា​ច្រើន​ក្នុង​ឆាក​អន្តរ​ជាតិ​ ។ ​ថ្វី​ដ្បិត​តែ​កម្ពុជា​មិន​ទទួល​បាន​ជោគ​ជ័យ​ត្រចះ​ត្រចង់​យ៉ាងណាក្តី ​ក៏​ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​​យើង​បច្ចុប្បន្ន​មាន​ក្លិប​កីឡា​បាល់​​​ទាត់​ជា​ច្រើន ។ ​សម្តេច​តេជោ​មា​នប្រសាសន៍​​បន្ត​​ថា ​សំណង់​ទាំង​ឡាយ​​​នៅ​ទីនេះ​បាន​កកើត​ឡើង​តាម​រយៈ​ការរួម​បញ្ចូ​ល​គ្នា ​រវាង​ការខិត​ខំ​របស់​សហ​ព័ន្ធ​កីឡា​​បាល​់​​ទាត់​កម្ពុជា​ផ្ទាល់​​ក៏ដូច​ជា​សប្បុរស​ជន​នានា ​បាន​ចូល​រួម​ប្រឹង​ប្រែង​នៅទី​នេះ​ ​និងមាន​ការចូ​ល​រួម​ពីសហ​ព័ន្ធ​កីឡា​បាល់​ទាត់​ពិភពលោក ​សហ​ព័ន្ធ​កីឡា​បាល់​​ទាត់​​​ទ្វីប​​អាស៊ី ​ក៏ដូច​ជា​ក្រុម​វិនិយោគ​របស់​វៀតណាម​ Hoang Anh Gia Lai ផងដែរ ។

​ការសាង​សង់​​សាលា​កីឡា​បាល់​ទាត់​ជាតិ​នេះ ​នឹង​អាច​​ផ្តល់​​លទ្ធ​ភាព​បន្ថែម​​ទៀត​​​ក្នុងការ​សម្រាំង​ជ្រើស​រើស​​យុវ​ជន​ដែល​មាន​និស្ស័យ​ក្នុង​វិស័យ​កីឡាបាល​់​ទាត់​មក​ធ្វើ​ការ​ហ្វឹក​ហាត់​ ដើម្បី​បង្កើន​សមត្ថ​ភាព​ឱ្យ​បាន​ខ្លាំង​ក្លា ​​ឈាន​ទៅ​ក្លាយ​ជា​កីឡា​ករ​បាល​់​​ទាត់​ជម្រើស​​ជាតិ ​។ សម្តេច​មាន​ជំនឿ​ថា សាលា​នេះ​នឹង​ក្លាយ​ជា​ថ្នាល​កីឡា​បាល់​ទាត់​​ប្រកប​ដោយ​ឯក​ទេស​កម្ម​មួយ​របស់​កម្ពុជា ​ដែលមាន​លក្ខណៈ​មិន​ចាប់​ឆាយ​ដូច​ពេល​មុន​នោះ​ទេ ។ ការ​សាងសង់​សាលានេះ​វា​មាន​ការ​លំបាក​​ ម្យ៉ាង​ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជាការ​លំបាក​​ថែម​ទៀត​នោះ​ គឺ​ការថែ​រក្សា​​នូវនិរន្តរ​ភាព​នៃ​ដំណើរ​ការ​សាលា​នេះ​ឱ្យ​​​​ស្ថិត​ស្ថេរ​គង់​វង្ស​បន្ត​ទៀត។ ​

ក្នុង​ន័យ​នេះ​​ សម្តេច​តេជោ​បាន​ស្នើ​ឱ្យ​សហ​ព័ន្ធ​កីឡា​​បាល់​ទាត់​​កម្ពុជា ​ធ្វើ​ការ​ពិភាក្សា​​ជា​មួយ​ក្រសួង​អប់រំ​យុវ​ជន​និងកីឡា​ ក្នុងការដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ឧប​សម្ព័ន្ធ​​នៃ​ថវិកា​ជាតិរបស់​ក្រសួង​អប់​រំ​យុវ​ជន​និង​កីឡា​​ ដើម្បី​ទ្រ​ទ្រង់​​​​សាលា​ក្នុង​ការ​ធ្វើ​ឱ្យ​ដំណើរ​ការសាលា​​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​និរន្តរ​ភាព ​។ ​សម្តេច​តេជោបាន​ផ្តល់​អនុ​សាសន៍​ថា បើ​ចង់​ឱ្យ​​កីឡា​ករខ្លាំង​គឺត្រូវ​ប​ណ្តុះ​បណ្តាល​ចាប់​ផ្តើម​ហ្វឹក​ហាត់​ពី​យុវ​ជន​​ក្មេង​ៗ​ឡើង​ទៅ​​និង​​​​​​​ធ្វើ​ការ​​ជ្រើស​រើស​យក​យុវ​ជន​ក្មេងៗ​ពី​​​​​បណ្តា​រាជធានី​-ខេត្ត ដើម្បី​សម្រាំង​យក​​មក​​ធ្វើ​ការ​ហ្វឹក​ហាត់​បំពាក់​បំប៉ន​បន្ថែម​ឱ្យបាន​ខ្លាំង​​​​ទើប​កីឡា​បាល​់​ទាត់​​កម្ពុជា ​អាចម​ាន​កីឡាករ​​​ជម្រើស​​ជាតិ​ល្អៗ​សម្រាប់​យក​ទៅ​ធ្វើ​ការ​ប្រកួត​ជាលក្ខណៈ​អន្តរ​ជាត​ិ​​ជា​មួយ​ប្រទេស​នានា​បាន ។

សម្តេច​​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បង្កើត​តារាង​​​បាល់​ទាត់​​​ឱ្យ​បាន​ច្រើន​​ និង​​ឱ្យ​មាន​បង្កើត​ក្រុម​កីឡា​បាល់​ទាត់​​ឱ្យ​បាន​ច្រើន ​​ព្រម​ទាំង​​បង្ក​លក្ខណៈ​​ឱ្យ​​សិស្សា​​ន​​ុសិស្ស​នៅ​តាម​សាលា​​បឋម​សិក្សា​ មធ្យម​សិក្សា​ និង​នៅ​តាម​ភូមិ​-ឃុំ ​ដើម្បី​ធ្វើ​​ការ​ជ្រើស​រើស​អ្នក​មាន​ទេព​កោសល្យ​ក្នុង​វិស័យ​កីឡា ​។ សម្តេច​តេជោ បាន​​ធ្វើ​ការ​បញ្ជាក់​អំពី​យុទ្ធ​សាស្ត្រ​របស់​គណបក្ស​ប្រជា​ជន​ ​ដោយ​ធ្វើ​ការ​ប្រដូច​ទៅ​​នឹង​ការរៀប​ចំ​ក្រុម​ប្រកួត​កីឡា​បាល់​​ទាត់​ ។ សម្តេច​​​មាន​ប្រសាសន៍​ថា ​បើ​ខ្ញុំ​ចូល​​ទាត់​ជា​អ្ន​ក​នយោ​បាយ​ខ្ញុំ​មិន​ទាត់​នៅ​ខ្សែ​ប្រយុទ្ធ​ទេ ​​ហើយ​ក៏​មិន​នៅ​ខ្សែ​ការ​ពារ​ដែរ ខ្ញុំ​ទាត់​នៅ​ខ្សែ​បម្រើ ។

សព្វ​ថ្ងៃ​​នេះ​គណបក្ស​​ប្រជាជន​​ដែល​កំពុង​រៀបចំ​ប្រកួត​ទាំង​ពេល​មុន​និង​ពេល​​នេះ​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិសាល​ជា ស៊ីុម ​​ជា​គ្រូ​បង្វឹក​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង សំរិន ​ជា​អ្នក​ចាំ​ទី ​ឯ​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន ​​ជា​មេក្រុម​​នៅ​ខ្សែ​​បម្រើ​ ។ ​បោះ​ឱ្យ​គេ​​ដឹង​​ឱ្យ​​ហើយទៅ ជាមេ​ក្រុម​ឡើង​ទៅ​វាយ​ក៏​បាន​​​ថយ​មក​​ការពារ​ក៏​បាន ​។ ពិត​ហើយ​ ការ​បោះ​ឆ្នោត​ពិតជា​​ឈ្នះ​​ហើយ មិនចាំ​បាច់​មានការ​សង្ស័យ​ទេ ​ការ​បោះ​ឆ្នោត​វា​ឈ្នះ​​ហើយ ២០១៣ -២០១៨ ច្បាស់​ជា ហ៊ុន សែន ​ធ្វើ​នាយករដ្ឋមន្ត្រី​ មិន​ចាំ​បាច់​គិត​ទេ ។ មិន​ទាន់​ចាស់​ឯ​ណា ខ្លះ​គេ​អាយុ​៧៥​ឆ្នាំហើយ​ គេ​មានប្រពន្ធ​ក្មេង​ ម៉េច​ក៏​គេ​មិន​ចាស់…។​

លោក Sheikh Salman Bin Ebrahim Al Khalifa ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​​ទ្វីប​អាស៊ី​ និងជា​តំណាង​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក​ FIFA បាន​ថ្លែងថា​ ចាប់​ពីឆ្នាំ​២០០៨ មក​ កម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុងអាស៊ី​ដែល​ទទួល​បាន​គម្រោង​កម្មវិធី​ពង្រឹង​ការគ្រប់​គ្រង និង​ការ​អនុវត្ត ។​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជាកាន់​តែ​មាន​​កម្រិត​​​វិជ្ជាជីវៈ​ខ្ពស់​ខាង​ផ្នែក​រចនាសម្ព័ន្ធ​គ្រប់​គ្រង​ ដោយ​ការ​ពង្រឹង​ផ្នែក​តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិ​ និង​អគ្គ​លេខាធិការ​ ។​

លោក​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ទ្វីប​អាស៊ី​បញ្ជាក់​ថា ខ្ញុំ​សូម​ធ្វើ​ការ​ធានា​ថា សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​ ព្រមទាំង​សហព័ន្ធ​បាល់​ទាត់​​ទ្វីប​​អាស៊ី​ ​ប្តេជ្ញា​បន្ត​ការ​គាំទ្រ​​​សហ​ព័ន្ធ​បាល់​ទាត់​កម្ពុជា​នៅ​ក្នុង​ការ​ខិត​ខំប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​អភិវឌ្ឍ​បាល់​ទាត់​កម្ពុជា​ឱ្យ​កាន់​តែ​មាន​កម្រិត​ខ្ពស់​ឡើង ។​ លោក ទ្រឹង​ បាក់ហា​ ប្រធាន​សមាគម​វិនិ​យោគ​វៀតណាម​នៅ​កម្ពុជា​ (AVIC) ថ្លែង​ថា​ វត្ត​មាន​របស់​សមា​គម​បាន​រួម​ចំណែក​ជំរុញ​ និង​បង្កើត​ឱ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ក្លា​ នៃ​សកម្ម​ភាព​វិនិយោគ​របស់​វៀត​ណាម​នៅ​កម្ពុជា​ ។  លោក​បន្ត​ថា​ ការ​សាង​សង់​មជ្ឈ​មណ្ឌល​ និង​សាលា​កីឡា​បាល់​ទាត់​ជាតិ​នេះ​ តាម​ប្រសាសន៍​របស់​លោក​ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​នៅ​ជំពាក់​ថ្លៃ​សាង​សង់​ចំនួន​១០២.០៨២​ដុល្លារ​អាមេរិក​ ។

ក្នុង​នាម​ជា​ប្រធាន​សមា​គម​វិនិយោគ​រៀត​ណាម​នៅ​​ប្រទេស​កម្ពុជា​ (AVIC) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនា​គារ​វិនិ​យោគ​ និង​អភិវឌ្ឍន៍​វៀត​ណាម​ បាន​សម្រេច​ឯក​ភាព​ឧបត្ថម្ភ​ទឹក​ប្រាក់​ដែល​ជំពាក់​នោះ​ទូទាត់​សង​ឱ្យ​ស្រេច​រួច​​ការ​ជំពាក់​ ។ លោក​ សៅ​ សុខា​ ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ មាន​ប្រសាសន៍​ថា​ មជ្ឈ​មណ្ឌល​ និង​សាលា​បាល់​ទាត់​ជាតិ​ ត្រូវ​បាន​សាង​សង់​ឡើង​លើ​ផ្ទៃ​ដី​​ទំហំ​១៥​ហិកតា​ ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំង​ធ្នង់​ ស្រុក​បាទី​​ ខេត្ត​តាកែវ​ ដោយ​​​ចំណាយ​ថវិកា​អស់​២.២៣៤.៩០០​ដុល្លារ​អាមេរិក​ ក្រោម​ជំនួយ​របស់​សហព័ន្ធ​បាល់​ទាត់​អន្តរ​ជាតិ​ ។ ​

ជា​ចក្ខុវិស័យ​ និង​ផែន​ការ​យុទ្ធ​សាស្រ្ដ​រយៈ​ពេល​វែង​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ដែល​ជា​អាទិភាព​រួម​មាន​ ការ​អភិវឌ្ឍ​​​ថ្នាល​ និង​យុវជន​ ការ​អភិវឌ្ឍ​ក្លិប​ និង​សមាគម​ជា​សមាជិក​ ការ​អភិវឌ្ឍ​ការ​ប្រកួត​ ការ​អភិវឌ្ឍ​ការ​គ្រប់គ្រង​ និង​ច្បាប់​ ការ​អភិវឌ្ឍ​ក្រុម​ជម្រើស​ជាតិ​ ការ​អភិវឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ ការ​អភិវឌ្ឍ​គ្រូ​បង្ហាត់​ អាជ្ញា​កណ្ដាល​បាល់​ទាត់​ស្រ្ដី​ បាល់​ទាត់​ក្នុង​សាល​​ លើ​ឆ្នេរ​ខ្សាច់​ ការ​អភិវឌ្ឍ​ប្រកួត​ជា​លក្ខណៈ​អន្ដរ​ជាតិ​ និង​ការ​អភិវ​ឌ្ឍ​វិទ្យា​សាស្រ្ដ​ និង​វេជ្ជសាស្រ្ដ​។​ លោក​ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ បញ្ជាក់​ថា​ ទីលាន​បាល់​ទាត់​នេះ​នឹង​ជំរុញ​ឱ្យ​ចក្ខុ​វិស័យ​ដែល​រៀបរាប់​ខាង​លើ​សម្រេច​បាន​នា​ពេល​ខាង​មុខ​ ។​

មជ្ឈមណ្ឌល​ និង​សាលាបាល់​ទាត់​ជាតិនេះ​មាន​គ្រប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​តាម​លក្ខណៈ​វិទ្យា​សាស្រ្ដ​ជឿនលឿន​ ព្រមទាំង​រៀន​សូត្រ​ចំណេះទូទៅ​និង​អាច​ប្រែ​ក្លាយ​​កីឡា​ករ​ជា​​កីឡាករ​ជម្រើស​ជាតិ​ដ៏​ខ្លាំង​ក្លា​នា​ពេល​អនា​គត​​​ក្នុង​ការ​ត្រៀម​ប្រកួត​លើ​ឆាក​អន្ដរជាតិ​​ ពិសេស​​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ក្នុង​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ៕​