ខេត្តកំពង់ចាម ៖ ក្មេងប្រុសស្រីចំនួន៤នាក់រស់នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ បានបាត់ចេញពីផ្ទះមិនដឹងជាទៅទីណា ធ្វើឱ្យសមាជិកក្រុមគ្រួសារម្នាក់ៗនាំគ្នាតាមស្វែងរកគ្រប់ច្រកល្ហក កាលពីល្ងាចថ្ងៃទី១៧ មិថុនា ប៉ុន្តែមិនបានប្រទះនោះទេ ។ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៨ មិថុនា ទើបរកឃើញក្មេងៗទាំងនោះ គឺត្រូវស្លាប់ដោយសារលង់ទឹកអូរបុសតាខុយមានជម្រៅជិត២ម៉ែត្រ និងមានចម្ងាយប្រមាណជា២គីឡូម៉ែត្រពីភូមិ ធ្វើឱ្យឪពុកម្តាយពួកគេស្រែកទ្រហោយំបោកខ្លួនដូចអក ។
លោកអនុសេនីយ៍ទោ ហ៊ាង ម៉េង នាយប៉ុស្តិ៍រដ្ឋបាលឃុំស្ពឺបានឱ្យដឹងថា ក្មេងប្រុសស្រីដែលលង់ទឹកស្លាប់ទាំង៤នាក់នោះរួមមាន ១-ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ៦ឆ្នាំ ២-ឈ្មោះ វ៉ាន់ វ័យ ភេទប្រុស អាយុ១០ឆ្នាំ ពីរនាក់នេះជាបងប្អូនបង្កើត ៣-ឈ្មោះ ប្លោក ស្រីណេ ភេទស្រី អាយុ៨ឆ្នាំ ៤-ឈ្មោះ ទី គីម ភេទស្រី អាយុ៨ឆ្នាំ។ លោកនាយប៉ុស្តិ៍បន្តថា ឪពុកម្តាយរបស់ក្មេងទាំងនេះបានចេញទៅធ្វើចម្ការនៅត្រង់ចំណុចក្បែរអូរខាងលើ ។ លុះនៅរសៀលថ្ងៃទី១៧ មិថុនា ក្មេងប្រុសស្រីទាំង៤នាក់បាននាំគ្នាដើេរទៅលេងនៅរោងចាំចម្ការរបស់ឪពុកម្តាយពួកគេ ប៉ុន្តែមិនមានសមាជិកក្រុមគ្រួសារណាដឹងឡើយ។ រហូតដល់វេលាម៉ោង៤រសៀលថ្ងៃដដែលទើបស្ត្រីឈ្មោះ សៅ ភី បានបាត់កូនប្រុសទាំង២នាក់ ហើយតាមរក និងសួរគេឯងនៅក្នុងភូមិ ថែមទាំងបានសង្ស័យក្រែងទៅលេងនៅចម្ការរបស់ឈ្មោះ ណាំ កេន ។
លុះដល់ល្ងាចឈ្មោះ កេន មកផ្ទះមិនឃើញក្មេងប្រុសស្រីទាំង៤នាក់មកជាមួយ ក៏ចាប់ផ្តើមភ្ញាក់ផ្អើលកាន់តែខ្លាំងឡើងៗហើយនាំគ្នាតាមរកពេញភូមិតែម្តង ។ ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នៅវេលាម៉ោង៨យប់ថ្ងៃដដែលអាជ្ញាធរភូមិបានទូរស័ព្ទមកប្រាប់រូបលោកថា មានករណីបាត់ក្មេងចំនួន៤នាក់ សង្ស័យត្រូវជនណាមកចាប់យកទៅ។ រហូតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី១៨ មិថុនា មានមនុស្សក្មេងចាស់ប្រុសស្រីមិនតិចជាង៥០នាក់ទេ បាននាំគ្នាចេញពីភូមិឆ្ពោះទៅចម្ការតាមរកក្មេងទាំងនោះ ។ លុះមកដល់អូរបុសតាខុយ ដោយសង្ស័យពួកគេចុះលេងទឹកលង់ស្លាប់ ក៏មានមនុស្ស៥ទៅ៦នាក់ចុះរាវរក ស្រាប់តែប្រទះឃើញសពក្មេងប្រុស២នាក់បងប្អូនមុនគេ និងក្មេងស្រីឈ្មោះ ស្រីណេ រកឃើញតាមក្រោយ ។
រហូតមកដល់វេលាម៉ោងជាង៧ព្រឹក ទើបប្រទះឃើញសពក្មេងស្រីម្នាក់ទៀតឈ្មោះ ទី គីម លិចនៅបាតអូរមានចម្ងាយប្រមាណជា១០ម៉ែត្រពីសពក្មេង៣នាក់ទៀត ។ លោកអនុសេនីយ៍ទោ ហ៊ាង ម៉េង បញ្ជាក់ថា សពក្មេងប្រុសស្រីទាំង៤នាក់ត្រូវបាននាំមកដាក់នៅតាមផ្ទះរៀងៗខ្លួន ដែលជាផ្ទះនៅជាប់ៗគ្នានាព្រឹកថ្ងៃទី១៨ មិថុនា ប៉ុន្តែគេឃើញចាក់មេក្រូតែ១គ្រឿងទេ ក្រោមសំឡេងស្រែកយំទួញសោកពីសំណាក់ឪពុកម្តាយ ៕
ចែករំលែកព័តមាននេះ