ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ច្រាំង​ទន្លេ​បា​សាក់​ដល់​ផ្លូវ​ជាតិ​លេខ​21B​

10 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ផ្លូវ​ជាតិ​លេខ​21B ប្រប​តាម​មាត់​ទន្លេ​បាសាក់​ ចំណុច​ខាង​ជើង​ផ្សារ​ស្រុក​ស្អាង​ ស្ថិត​ក្នុង​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ កំពុង​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទាំង​ផ្ទាំងៗ​ធ្លាក់​ចូល​ក្នុង​ទន្លេ​បាសាក់​ ដោយ​សារ​តែ​ច្រាំង​ទន្លេ​ចំណុច​នេះ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ។ ច្រាំង​បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​ មាន​បណ្តោយ​ប្រមាណ​៥០​ម៉ែត្រ​

ខេត្ត​កណ្តាល​ ៖ ផ្លូវ​ជាតិ​លេខ​21B ប្រប​តាម​មាត់​ទន្លេ​បាសាក់​ ចំណុច​ខាង​ជើង​ផ្សារ​ស្រុក​ស្អាង​ ស្ថិត​ក្នុង​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ កំពុង​ប្រឈម​នឹង​ការ​បាក់​ច្រាំង​ទាំង​ផ្ទាំងៗ​ធ្លាក់​ចូល​ក្នុង​ទន្លេ​បាសាក់​ ដោយ​សារ​តែ​ច្រាំង​ទន្លេ​ចំណុច​នេះ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​១៧​ មិថុនា​ ។ ច្រាំង​បាន​បាក់​ធ្លាក់​ចូល​ក្នុង​ទន្លេ​ មាន​បណ្តោយ​ប្រមាណ​៥០​ម៉ែត្រ​ ដល់​ផ្លូវ​ជាតិ​តែ​ម្តង​ ធ្វើ​ឱ្យ​អ្នក​បើក​បរ​ដល់​ចំណុច​នេះ​ស្ងើប​ញញើត​គ្រប់ៗ​គ្នា​ ស្ទើរ​តែ​មិន​ហ៊ាន​បើក​ឆ្លង​កាត់​ ពិសេស​រថយន្ត​ដឹក​ជញ្ជូន​នានា។

បើ​ទោះ​ជា​មាន​ការ​បាក់​ច្រាំង​ទន្លេ​បែប​នេះ​ក្តី​ ពុំ​ទាន់​មាន​បាក់​ដល់​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ឡើយ​ ព្រោះ​ចំណុច​នេះ​ កាល​ពី​កន្លង​មក​ធ្លាប់​បាក់​ ហើយ​ត្រូវ​បាន​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ធ្វើ​ការ​រារាំង​ទប់​ស្កាត់​ខ្លាច​បាក់​ដល់​ផ្លូវ​ ។ រីឯ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ទីនោះ​បាន​រុះ​រើ​ចេញផង​ដែរ​​ ។
លោក​ ខឹម​ ច័ន្ធ​គីរី​ អភិបាល​ស្រុក​ស្អាង​ បាន​ឱ្យ​ដឹង​ថា​ ទាក់​ទិន​នឹង​ច្រាំង​ទន្លេ​បាក់​នៅ​ចំណុច​ភូមិ​ព្រែក​រុន​ ឃុំ​ព្រែក​គយ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​បាន​រាយ​ការណ៍​ទៅ​លោក​អភិបាល​ខេត្ត​ហើយ​ដែរ​ ដើម្បី​ឱ្យ​ខាង​មន្ទីរ​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចុះ​មក​ត្រួត​ពិនិត្យ​ និង​ធ្វើ​ការ​ទប់​ស្កាត់​កុំ​ឱ្យ​បន្ត​បាក់​បន្ថែម​ទៀត​ ។

ច្រាំង​ទន្លេ​ដែល​បាក់​នេះ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ទេ​ ប៉ុន្តែ​វា​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​​ចរា​ចរណ៍​តាម​ផ្លូវ​នេះ​ បើ​សិន​វា​នៅ​តែ​បាក់​បន្ត​ទៀត​នោះ​ ។ អាជ្ញា​ធរ​បាន​ធ្វើ​ការ​ណែ​នាំ​ដល់​ប្រជា​ពឡ​រដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ជិត​កន្លែង​បាក​់​នោះ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ខ្លាច​កើត​មាន​ហេតុ​ការណ៍​ជា​យថា​ហេតុ​នៅ​ពេល​ក្រោយ​ទៀត​ ។ ចំណុច​ដែល​បាក់​ច្រាំង​នេះ​ គឺ​ជា​ចំណុច​ដែល​រលក​ទឹក​ទន្លេ​បោក​បក់​បុក​ចំ​ខ្លាំង​ ហើយ​តំបន់​នេះ​មិន​មាន​ការ​បូម​ខ្សាច់​ពី​មុន​មក​នោះ​ទេ​ ។ ចំណុច​នេះ​ធ្លាប់​បាក់​ជា​អន្លើៗ​ពី​មុន​មក​ ដល់​ក្បែរ​ផ្លូវ​ជាតិ​ម្តង​រួច​ហើយ ។​

ក្នុង​អំឡុង​ឆ្នាំ​២០០៣​ ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​ជាតិ​លេខ​ 21B បាន​យក​ថ្ម និង​ដី​មក​ចាក់​បំពេញ​ និងរែង​សំណាញ់​លួស​ទប់​កម្លាំង​ទឹក​ដែល​បោក​បក់​ មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​១០​ឆ្នាំ​ហើយ​ ស្រាប់​តែ​កើត​រឿង​បាក់​រអិល​ច្រាំង​ចូល​ក្នុង​ទន្លេ​ម្តង​ទៀត ។​ ប្រជា​ពលរដ្ឋដែល​មាន​ផ្ទះ​នៅ​ខាង​កើត​ផ្លូវ​ជាតិ​ ជាប់​ច្រាំង​ទន្លេ​នៅ​ក្បែរ​ចំណុច​បាក់​នោះ កំពុង​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ខ្លាច​ច្រាំង​ទន្លេ​នៅ​តែប​ន្ត​បាក់​ដល់​ផ្ទះ​របស់​ពួក​គាត់​ និង​សំណូមពរ​ដល់​អាជ្ញាធរ​ឱ្យ​មាន​វិធាន​ការ​ទប់​ស្កាត់​ជា​បន្ទាន់​ផងដែរ ។​

អ្នក​ស្រុក​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ចំណុច​ដែល​ច្រាំង​បាក់​រអិល​ធ្លាក់​ចូល​ក្នុង​ទន្លេ​ មានស្នាម​ប្រេះ​មក​ដល់​ជាប់​នឹង​ផ្លូវ​ជាតិ​ គួប​ផ្សំ​នឹង​មាន​រថយន្ត​ធំៗ​ដឹក​ថ្ម​ ដឹក​ខ្សាច់​ ក្រួស​ ធ្វើ​ឱ្យ​រញ្ជួយ​ផង​ ក៏​បណ្តាល​ឱ្យ​បាក់​ដី​ទាំង​ផ្ទាំងៗ​ចូល​ទៅ​ក្នុង​ទន្លេ​ប្រវែង​ចម្ងាយ​ជាង​៥០​ម៉ែត្រ​ គឺ​បាក់​មក​ដល់​ជាប់​នឹង​ផ្លូវ​ជាតិ​តែ​ម្តង​ និង​កំពុង​ប្រឈម​បាក់​បន្ត​ទៀត​ ព្រោះ​មាន​ស្នាម​ប្រេះ​ដីតាម​បណ្តោយ​ចិញ្ចើម​ផ្លូវ​រាប់​រយ​ម៉ែត្រ ។​ អ្នក​ស្រុក​បាន​ឱ្យ​ដឹង​ទៀតថា​ មិន​មាន​ផ្ទះ​បាក់​ចូល​ក្នុងទន្លេ​ទេ​ ប៉ុន្តែ​ផ្ទះ​នៅ​ជាប់​ច្រាំង​ទន្លេ​ខាង​ត្បូង​ និង​ខាង​ជើង​ចំណុច​បាក់​នោះ​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ខ្លាច​ច្រាំង​បន្ត​បាក់​ទៀត​ដល់​ផ្ទះ​គាត់ ៕​