រាជធានីភ្នំពេញ ៖ វិទ្យុបារាំងអន្តរជាតិខេមរភាសា នឹងបើកសម្ពោធការិយាល័យរបស់ខ្លួនប្រចាំរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា វេលាម៉ោង៨ព្រឹក នៅជាន់ទី២១ នៃវិមានកាណាឌីយ៉ា ក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Marie-Christine Saragosse ប្រធានអគ្គនាយិកាវិទ្យុបារាំងអន្តរជាតិ RFI ។
តាំងពីពេលបង្កើតការផ្សាយជាភាសាខ្មែរនៅឆ្នាំ១៩៩៣ មក វិទ្យុបារាំងអន្តរជាតិ RFI ផ្សាយជាខេមរភាសាជារៀងរាល់ថ្ងៃតែរយៈពេល១ម៉ោងប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីថ្ងៃទី៣ មិថុនាមក វិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាបានបង្កើនការផ្សាយរហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការទន្ទឹងចង់បានរបស់អ្នកស្តាប់ជាច្រើនដែលចូលចិត្តវិទ្យុនេះ។
ដោយសារជោគជ័យនៃកម្មវិធីផ្សាយរបស់ខ្លួនជាខេមរភាសា វិទ្យុបារាំងអន្តរជាតិ RFI មានគោលដៅបង្កើនចំនួនអ្នកស្តាប់របស់ខ្លួននៅប្រទេសកម្ពុជា ជាទីដែលវិទ្យុបារាំងអន្តរជាតិ RFI មានបណ្តាញរលកអាកាស FM ចំនួនប្រាំគ្របដណ្តប់លើទីក្រុងសំខាន់ៗមួយចំនួនគឺ FM 92 MHz នៅភ្នំពេញ និងសៀមរាប និង FM94.5 MHz នៅកំពង់ចាម បាត់ដំបង និងខេត្តព្រះសីហនុ ។
កម្មវិធីផ្សាយថ្មីជាខេមរភាសាដែលមានចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៩យប់ (ម៉ោងនៅកម្ពុជា) នាំមកនូវកម្មវិធីព័ត៌មានចំនួន៣ម៉ោងក្នុងមួយថ្ងៃ (ម៉ោង៧ព្រឹកដល់៨ព្រឹក ម៉ោង១រសៀលដល់ម៉ោង២រសៀល និងម៉ោង៧យប់ដល់ម៉ោង៨យប់) និងព័ត៌មានទាន់ហេតុការណ៍ជារៀងរាល់ម៉ោង (នៅម៉ោងកន្លះម្តងៗ ដូចជានៅម៉ោង៨កន្លះ ម៉ោង៩កន្លះ ។ល។ និង ។ល។) ព្រមទាំងការផ្សាយកម្មវិធីចម្រៀងជាភាសាខ្មែរ បារាំង និងអង់គ្លេសនៅក្នុងម៉ោងដែលនៅសល់។
នៅក្នុងកម្មវិធីព័ត៌មានសំខាន់ៗទាំង៣ម៉ោងជាខេមរភាសា វិទ្យុបារាំងអន្តរជាតិ RFI ឱ្យតម្លៃលើព័ត៌មាន ការវិភាគព័ត៌មាន ទស្សនៈព្រឹត្តិការណ៍កម្ពុជា និងពិភពលោក និងទស្សនាវដ្តីស៊ីជម្រៅផ្សេងៗ ព្រមទាំងកម្មវិធីជាច្រើនផ្សេងទៀតដែលត្រូវបានបង្កើតឡើងក្នុងគោលដៅបង្កើនភាពជិតស្និទ្ធរវាងវិទ្យុបារាំងអន្តរជាតិ និងអ្នកស្តាប់របស់ខ្លួននៅកម្ពុជា ។
ភាសាបារាំងនៅតែបន្តមានវត្តមានយ៉ាងផុលផុសនៅក្នុងកម្មវិធីនេះ តាមរយៈការផ្សាយព័ត៌មានជាភាសាបារាំងរយៈពេល១០នាទី ឬ១៥នាទីរៀងរាល់ម៉ោង (ម៉ោងគត់) និងតាមរយៈការផ្សាយកម្មវិធីរបស់វិទ្យុបារាំងអន្តរជាតិ RFI ជាភាសាបារាំង ចាប់ពីម៉ោង៩យប់ដល់ម៉ោង៧ព្រឹក ។ការបង្កើនការផ្សាយជាភាសាខ្មែរនេះអាចដំណើរការទៅបាន ដោយសារតែមានការបើកការិយាល័យនិពន្ធមួយនៅភ្នំពេញ ។ ការិយាល័យនិពន្ធនៅភ្នំពេញនេះ ទទួលបន្ទុកមួយផ្នែកនៃការផ្សាយ ធ្វើកិច្ចសហការជាមួយការិយាល័យនិពន្ធនៅទីក្រុងប៉ារីស ដែលជាអ្នកកំណត់គោលនយោបាយនៃកម្មវិធីផ្សាយ ។
បុគ្គលិកភាគច្រើនក្នុងក្រុមការងារនៅប្រទេសកម្ពុជា ជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុបារាំង RFI ជាខេមរភាសាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ម៉្លោះហើយពួកគេយល់យ៉ាងច្បាស់ពីគោលការណ៍ផ្សាយរបស់វិទ្យុបារាំង ។ កម្មវិធីផ្សាយថ្មីនេះពង្រីកវត្តមានរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅប្រទេសកម្ពុជា និងផ្តល់ជូនអ្នកស្តាប់នៅក្នុងប្រទេសមួយនេះនូវជំនាញរបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញបច្ចុប្បន្នភាពកម្ពុជា បារាំង និងអន្តរជាតិ ។
កម្មវិធីទាំងអស់នេះក៏ពង្រឹងផងដែរ ការផ្តល់ជូនជាអត្ថបទ និងជាសំឡេងនៅលើគេហទំព័រវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា (www.khmer.rfi.fr) ។ រីឯសហគមន៍ខ្មែរនៅបរទេសអាចចូលអានអត្ថបទ ឬស្តាប់វិទ្យុបានតាមរយៈអុីនធើេរណេត និងទូរស័ព្ទចល័ត ៕
ចែករំលែកព័តមាននេះ