ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៦ មិថុនា នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់មានរៀបចំពិធីសម្ពោធកាត់ខ្សែបូឱ្យប្រើប្រាស់អគារសាលាពុទ្ធិកសិក្សាមួយខ្នង ក្រោមអធិបតីភាពលោកស្បោង សារ៉ាត អភិបាលខេត្ត ។ និមន្តនិងអញ្ជើញចូលរួមក្នុងពិធីនោះមាន ព្រះសង្ឃ ក្រុមប្រឹក្សាខេត្ត-ស្រុក ក្រុមការងារចុះជួយស្រុក-ឃុំ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត យាយជី តាជី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។
លោកទិត វុទ្ធី អភិបាលស្រុកព្រៃនប់ បានអានរបាយការណ៍សង្ខេបស្តីអំពីជីវប្រវត្តិរបស់វត្តព្រហ្មកេរ្តិ៍ និងរបាយការណ៍ស្តីពីការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្តិសុខ សណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ ។ លោកស្បោង សារ៉ាត អភិបាលខេត្ត បានមានមតិសំណេះសំណាលសួរសុខនិងរំលឹកឡើងវិញ ពីកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរស់ឡើងវិញ ទាំងអាយុជីវិត ទាំងសមិទ្ធផលផ្សេងៗ ក្នុងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។ ជាក់ស្តែង សមិទ្ធផលនៅក្នុងវត្តព្រហ្មកេរ្តិ៍នេះជាដើមប្រមាណជា២ខែមុខ ព្រះវិហារទើបតែត្រូវបានសម្ពោធឱ្យប្រើប្រាស់ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយនៅពេលនេះអគារសាលាពុទ្ធិកសិក្សាមួយខ្នងដែលចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ បានមកពីការជួយជ្រោមជ្រែង ឧបត្ថម្ភពីសំណាក់លោក លោកស្រី សប្បុរសជនទាំងអស់ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យពុទ្ធចក្រ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបំពាក់គ្រឿងឥស្សរិយយសជូនសប្បុរសជនដែលមានស្នាដៃក្នុងការជួយកសាងចំនួន៤២រូប និងផ្តល់អំណោយជូនយាយជី តាជី ក្នុងម្នាក់ៗក្រណាត់ស១ដុំ ប្រាក់៣ម៉ឺនរៀល សិស្សានុសិស្សម្នាក់ៗទទួលបាន១០.០០០រៀល លោកគ្រូ អ្នកគ្រូម្នាក់៣ម៉ឺនរៀល និងប្រជាពលរដ្ឋម្នាក់ៗ ប៊ីចេង១កញ្ចប់ និងចូលបុណ្យបន្ថែមចំនួន៤.៩០០ដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ