ខេត្តកំពង់ធំ ៖ កាលពីរសៀលថ្ងៃទី១៦ មិថុនា លោក ណាំ ទុំ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ វិមាន អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីចែកអំណោយជាសម្ភារសិក្សា និងកង់ដល់សិស្សានុសិស្សចំនួន៦៣២នាក់ ក្នុងនោះសិស្សមកពីសាលាបឋមសិក្សាភ្លងចំនួន២២០នាក់ (ស្រី១២៦នាក់) និងមកពីសាលាបឋមសិក្សាត្បែងចំនួន៤១២នាក់ (ស្រី២២៧នាក់) លោកគ្រូ អ្នកគ្រូ៨នាក់ (ស្រី២នាក់) និងក្រុមប្រឹក្សាឃុំ៥នាក់ ស្ថិតនៅក្នុងភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ។
អំណោយទាំងអស់នេះបានមកពីការផ្តួចផ្តើមគំនិតរបស់លោក ណាំ ទុំ និងលោក គង់ វិមាន ព្រមទាំងមានសប្បុរជនមកពីប្រទេសសិង្ហបុរីចំនួន៧៨នាក់ ដោយនាំសម្ភារមកជាមួយផ្ទាល់រួមមាន កង់ចំនួន៤៧គ្រឿង កាបូប សៀវភៅ ប៊ិក។ល។ ដោយចំណាយទឹកប្រាក់អស់ចំនួន១.៥០០០ដុល្លារអាមេរិក ។ តំណាងសប្បុរសជនសិង្ហបុរីម្នាក់បានសម្តែងនូវសេចក្តីសប្បាយរីករាយ ខណៈពេលដែលបានធ្វើដំណើរមកប្រទេសកម្ពុជា ដោយបានពាំនាំមកជាមួយនូវអំណោយទាំងអស់នេះដើម្បីយកមកចែកជូនដល់ក្មួយៗ ហើយនៅថ្ងៃក្រោយក្រុមរបស់លោកនឹងបន្តជួយឧបត្ថម្ភបន្ថែមទៀត ។
លោក ណាំ ទុំ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្ត លោកមានចិត្តត្រេកអរឥតឧបមា ដោយសារតែចំណងមិត្តភាពដ៏ស្អិតល្មួតប្រកបដោយមេត្រីភាពល្អរវាងប្រទេសទាំងពីរ ។ ចំណងមេត្រីភាពនេះមិនមែនត្រឹមតែជួយឧបត្ថម្ភតែសម្ភារសិក្សាបុ៉ណ្ណោះទេ គឺថែមទាំងបានជួយកសាងសាលារៀន១ខ្នងស្មើនឹង៥បន្ទប់ទុកជាចំណងដៃនៅក្នុងសាលាបឋមសិក្សាត្បែងទៀតផង ។ ចំណែកអំណោយដែលប្រគល់ជូនសិស្សនាពេលនេះ គឺចែកចេញជា២ក្រុម គឺចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ក្នុងម្នាក់ៗទទួលបានសៀវភៅ៦ក្បាល ប៊ិក៤ដើម ខ្មៅដៃ៤ដើម ជ័រលុប២ ដែកខួង២ បន្ទាត់១ និងកាបូប១ ។
សិស្សថ្នាក់ទី៤ ដល់ទី៦ ក្នុងម្នាក់ៗទទួលបានសៀវភៅ១០ក្បាល ប៊ិក៥ដើម ខ្មៅដៃ៣ដើម ជ័រលុប២ដើម ដែកខួង២ បន្ទាត់១ និងកាបូប១ ។ សិស្សក្រីក្រ៤៧នាក់ ម្នាក់ៗទទួលបានកង់១បន្ថែមពីលើសម្ភារ ។ ចំណែកលោកគ្រូ-អ្នកគ្រូ និងក្រុមប្រឹក្សាឃុំទទួលបានកាបូបម្នាក់១ ។ នៅពេលបញ្ចប់ពិធីនេះ គណៈអធិបតីបានដាំដើមឈើ និងពិនិត្យសាលារៀន១ខ្នងដែលកំពុងសាងសង់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ៕
ចែករំលែកព័តមាននេះ