ខេត្តបាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដាខាងមុខកុំខាន ព្រោះនោះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាក្នុងនាមជាពលរដ្ឋកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានថ្លែងបែបនេះជាសាធារណៈទៅកាន់ប្រជាពលរដ្ឋជាង១.០០០នាក់ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តបាការនិវេសន៍ហៅវត្តកំផែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ លោក ស ខេង មានប្រសាសន៍ថា នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះនឹងចូលដល់ថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជាហើយ ។ គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតក្នុងអាណត្តិនេះទូទាំងប្រទេសមានចំនួន៨ ដោយឡែកសម្រាប់នៅក្នុងខេត្តបាត់ដំបងមានតែគណបក្សនយោបាយចំនួន៧ទេដែលឈរឈ្មោះបោះឆ្នោត ។
លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា ការបោះឆ្នោតលើកនេះ លោកសង្ឃឹមថានឹងមានដំណើរការកាន់តែល្អប្រសើរជាងការបោះឆ្នោតលើកមុនៗ គឺមានន័យថាជាការបោះឆ្នោតដោយសេរី និងយុតិ្តធម៌ គ្មានការគំរាមកំហែង គ្មានអំពើឃាតកម្មផ្នែកនយោបាយ ។ អ្នកនយោបាយក្នុងបក្សនីមួយៗអាចបើកយុទ្ធនាការឃោសនាដោយសេរីទៅតាមកម្មវិធីនយោបាយរបស់ខ្លួន។ ប៉ុន្តែលោកក៏បានបញ្ជាក់ដូច្នេះដែរថា លោកមិនលើកទឹកចិត្តចំពោះការឃោសនាបែបប្រមាថកាតទាន តិះដៀលគ្នាទៅវិញទៅមកដោយគ្មានសីលធម៌នោះទេ ។ លោកបន្តថា បក្សកាន់អំណាចនិងបក្សប្រឆាំងមិនមែនជាគូសត្រូវនឹងគ្នាទេ ប៉ុន្តែជាគូប្រកួតប្រជែងផ្នែកនយោបាយដើម្បីកសាង និងអភិវឌ្ឍប្រទេស ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថ្លែងថា បើកាលណាយើងចាត់ទុកបក្សទាំងពីរនេះជាគូសត្រូវនឹងគ្នា គឺវាអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត ហើយការឃោសនាអាចនឹងប៉ះទង្គិចដោយពាក្យសម្តី ឬអាចឈានដល់ការកើតមានបញ្ហាដទៃទៀតដែលយើងមិនអាចស្មានដល់។ ប៉ុន្តែបើគូប្រជែងក្នុងន័យស្ថាបនាតាមបែបលទ្ធិប្រជាធិបតេយ្យ យើងអាចរិះគន់គ្នាក្នុងន័យស្ថាបនាគឺជាការល្អប្រសើរ ព្រោះនៅលើពិភពលោក ប្រទេសណាក៏គេធ្វើដូច្នេះដែរ ។
ដូច្នេះលោកសូមអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខ នៅតាមមណ្ឌលនានាក្នុងឃុំ-សង្កាត់របស់បងប្អូន ព្រោះវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ