ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី២០ វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបើកយុទ្ធនាការសហការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី នៅចំណុចតំបន់ទួលស្រែ ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមមានព្រះសង្ឃ១អង្គផងដែរ។
ជនសង្ស័យ៣នាក់នោះ ១.ឈ្មោះ យ៉េន គីមហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម (ជាសង្ឃ) គង់នៅវត្តទួលស្រែ ភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ដែលស្ថិតនៅក្នុងចំណោមក្រុមស្ទាវសេពគ្រឿងញៀននោះដែរ។ ២.ឈ្មោះ អ៊ាន មឿន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ និង ៣.ឈ្មោះ សុង វិផា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ការបង្ក្រាបនោះសមត្ថកិច្ច រឹបអូសបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ០២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។ សូមបញ្ជាក់ថា សង្ឃ១អង្គនោះត្រូវបាន សមត្ថកិច្ចសហការជាមួយមន្ទីរធម្មការខេត្ត ធ្វើពិធី និងអនុវត្តតាមវិន័យព្រះពុទ្ធសាសនារួចរាល់ហើយ ពោលគឺបកស្បង់ចីវរ ចាត់ការតាមច្បាប់។ ជនសង្ស័យ ទាំង៣នាក់ និងថ្នាំញៀន សមត្ថកិច្ចកំពុងបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ