ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​ម្នាក់ប្រើ​ដែក​ព្យួរ​ខោអាវ​ឆ្កឹះ​សោ​ទ្វារ​បន្ទប់​ លួ.ច​យក​ទ្រព្យសម្បត្តិ ​នៅ​ច្បារអំពៅទី២ មិនបានប៉ុន្មានផង ត្រូវអស់លក្ខណ៍

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​សកម្ម​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​ន​បាល​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​យ៉ាង​ទាន់​ពេលវេលា ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​លួច​ប្រើ​ដែក​ព្យួរ​ខោអាវ​ឆ្កឹះ​គន្លឹះទ្វារ​បន្ទប់ ចូល​លួច​យក​ទ្រព្យសម្បត្តិ និង​គ្រឿងអលង្ការ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ពី​បន្ទប់​ជួល​របស់​ជន​រង​គ្រោះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ វេលា​ម៉ោង ០១​និង​០០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​ផ្ទះ​លេខ​១២៤ ផ្លូវ​លេខ​៣៦៩ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ឈ្មោះ ជឹ​ម កែវ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បិទទ្វារ​បន្ទប់ និង​ចាក់​គន្លឹះ​ត្រឹមត្រូវ ប៉ុន្តែ​ពុំ​បាន​បំពាក់​សោ​សុវត្ថិភាព​បន្ថែម​នោះ​ឡើយ រួច​ក៏​ចូល​សម្រាក ។​ លុះដល់​ម៉ោង ០១​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ជន​រង​គ្រោះ​បាន​ក្រោកពីដំណេក​ដើម្បី​ស្វែងរក​ទូរស័ព្ទ​សម្រាប់​បើក​ពិល​ចូល​បន្ទប់ទឹក តែ​រក​មិនឃើញ ក៏​សម្រេចចិត្ត​បើកភ្លើង​ពិនិត្យ​មើល ស្រាប់តែ​ភ្ញាក់ផ្អើល​ឃើញ​បាត់បង់​ទ្រព្យសម្បត្តិ​ជា​ច្រើន រួម​មាន កាបូបដៃ​ចំនួន ០២ (​ពណ៌​ទឹកប៊ិច ចំនួន ១ និង​ពណ៌​ស្វាយ​លា​យស ចំនួន ១) ទូរស័ព្ទ​ដៃ​ចំនួន ០៣​គ្រឿង , ម៉ាក iPhone 17 Pro Max ចំនួន ១​គ្រឿង , ម៉ាក iPhone 13 Pro Max ពណ៌​ខៀវ ចំនួន ១​គ្រឿង , ម៉ាក iPhone 15 Pro Max ពណ៌​ខ្មៅ ចំនួន ១​គ្រឿង , គ្រឿងអលង្ការ និង​វត្ថុ​មាន​តម្លៃ​ផ្សេង​ទៀត , ខ្សែ​ក​អង្កាំ​ចំនួន ០១​ខ្សែ , នាឡិកាដៃ​ពណ៌​ទឹកប្រាក់ ដាំ​ត្បូង​ពណ៌​ស​តូច​ៗ​ចំនួន ០១ , ក្រវិល​លោហៈធាតុ​ដាំ​ត្បូង​ចំនួន ០៥ (​ពណ៌​ទឹកមាស​ចំនួន ២ និង​ពណ៌​ទឹកប្រាក់​ចំនួន ៣) , ខ្សែ​ក​លោហៈធាតុ​ពណ៌​ទឹកប្រាក់​ចំនួន ០១​ខ្សែ មាន​បន្តោង​រូប​មេសោ និង​កូនសោ​ពណ៌​ទឹកមាស , កន្លាស់​អាវ​លោហៈធាតុ​ពណ៌​ទឹកមាស ដាំ​ត្បូង​តូច​ៗ​ចំនួន ០១ , បន្តោង​ខ្សែ​ក​រូប​ព្រះ លោហៈ​ពណ៌​លឿងទុំ​ចំនួន ០១ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ន​បាល​រដ្ឋបាល ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​និង​ស្រាវជ្រាវ ។ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ជំនាញ ឈាន​ដល់​ម៉ោង ១៥​និង​៣០​នាទី ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដដែល សមត្ថកិច្ច​បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​សកម្ម​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់នៅ​ចំណុច​មុខ​យឿ​ត្រី ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​សព្វគ្រប់​ទាំងអស់​ខាងលើ​មក​វិញ និង​បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​តាម​នីតិវិធី ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕