ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បណ្តេញ​ជនជាតិ​ចិន ១៦៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោ.ក​តាម​ប្រព័ន្ធ​ប​ច្ចេក​វិទ្យា និង​បទល្មើស​ផ្សេង​ៗ​ទៀត​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ អគ្គនាយករ​ដ្ឋា​ន​អន្តោប្រវេសន៍​បានឱ្យ​ដឹង​ថា​ ជនជាតិ​ចិន ១៦៣​នាក់ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) និង​បទល្មើស​ផ្សេង​ៗ​ទៀត ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​។

ប្រភព​បាន​លើក​ឡើង​ថា​នៅ​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្ដម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួង មហាផ្ទៃ​, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយ​ស្ថានទូត​ចិន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើការ​បណ្ដេញ​ជនជាតិ​ចិន សរុប​ចំនួន ១៦៣​នាក់ (​ស្រី ០៥​នាក់​) ដែល​ពាក់ព័ន្ធ​នឹង​ការ​លួច​ស្នាក់​នៅ ធ្វើ​ការងារ​ខុសច្បាប់ លួច​ឆ្លង​ដែន និង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាមរ យៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរ បាល​ច្រក​ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​។

ប្រភព​លើក​ឡើង​ទៀត​ថា ​ប្រតិបត្តិការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខុសច្បាប់​នេះ គឺជា​ការ​អនុវត្ត​តាម​បទបញ្ជា និង​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កន្លង​មក សម្តេច​ធិ​បតី ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ៗ​ថា​ «​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជន ឬ​ជន​ខុសច្បាប់​ប្រើប្រាស់​ទឹកដី​កម្ពុជា ជាទី​តាំងធ្វើ​សកម្មភាព​ឆបោក ឬ​ប្រព្រឹត្ត​បទល្មើស​បង្ក​អសន្តិសុខ​ដល់​តំបន់ និង​ពិភពលោក​ឡើយ​។ អាជ្ញាធរ​ត្រូវ​តែ​បន្ត​បោសសម្អាត បង្ក្រាប និង​បណ្ដេញចេញ​ដោយ​គ្មាន​ការ​លើកលែង ដើម្បី​ការពារ​កិត្តិយស និង​សន្តិសុខ​ជាតិ​»​។

ផ្អែក​លើ​ស្មារតី​នេះ និង​ក្រោម​ការ​ដឹកនាំ​តម្រង់​ទិស​ដោយ​ផ្ទាល់​ពី ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ស្រាវជ្រាវ​បង្ក្រាប​ដល់​មេខ្លោង និង​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បោក​បញ្ឆោត ឱ្យ​ទទួល​បាន​សេរីភាព និង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ដោយ​សុវត្ថិភាព​៕