ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ចិន​ម្នាក់​ប្រើប្រាស់​គ្រឿងញៀ.ន​មាន​កាំភ្លើ.ង​វែង​-​ខ្លី

4 ថ្ងៃ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ការ​ស៊ើបអង្កេត និង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ខណៈ​ដែល​មាន រាយការណ៍​ពី​ប្រជាពលរដ្ឋ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ឈាន​ដល់​ចុះ​បង្ក្រាប​ករណី​កាន់កាប់ រក្សា​ទុក​កាំភ្លើង​ដោយ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន​បុរស​ចិន​ម្នាក់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​បាន​តាមដាន​អស់​រយៈពេល​ជា​យូរ ហើយដោយ​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ថា​មាន​ជនជាតិ​ចិន​ស្នាក់​នៅ ហើយ​ប្រើប្រាស់​គ្រឿងញៀន និង​មាន​អាវុធ​ខុសច្បាប់​ផង​នោះ ទើប​នគរបាល​បាន​ឆ្មក់​ទៅ​ដល់​កន្លែង​ជនសង្ស័យ​ស្នាក់​នៅ ។ ខណៈ​ដែល​ឃើញ​ចិន​នោះ​កំពុង​តែ​ប្រើប្រាស់​ថ្នាំ​ញៀន ក៏​ចាប់ផ្តើម​ត្រួតពិនិត្យ​បន្ត​ក៏​បានឃើញ​មាន​រក្សា​ទុក​នូវ​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់ និង​មាន​អាវុធ​ខ្លី​១​ដើម ដែល​មាន​គ្រាប់​ចំនួន​១១​គ្រាប់ និង​អាវុធ​វែង​១​ដើម មាន​គ្រាប់​ចំនួន​២២​គ្រាប់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា គ្រាន់តែ​ឃើញ​រូបភាព​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម មាន​រូបភាព​អាវុធ​វែង និង​អាវុធ​ខ្លី ពិតជា​ធ្វើ​ឱ្យ​ពួក​គាត់​ដែល​រស់នៅ​ក្បែរ​ជនជាតិ​ចិន​នេះ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ ពួក​គាត់​ក៏​សម្តែង​នូវ​ការ​សប្បាយចិត្ត ពេល​ដែល​នគរបាល​ស្រុក​សាលា​ក្រៅ​បាន​ធ្វើការ​បង្ក្រាប​ទាន់​ពេលវេលា មុន​ពេល​ជនជាតិ​ចិន​រូប​នោះ​អាច​នឹង​អុកឡុក ឬ​ដើរ​លួច​ប្លន់ ព្រោះ​មាន​អាវុធ​លួចលាក់​នៅ​នឹង​ដៃ ដោយ​មិន​ខ្លាចញញើត​អ្វី​នោះ​ឡើយ ។

ពួក​គាត់​ក៏​សូម​អរគុណ​ដល់​កងកម្លាំង​នគរបាល​ដែល​មាន​ភាព​អង់អាច​ក្លាហាន​លះបង់​ពេលវេលា​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ដើម្បី​សេចក្ដីសុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។

សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​កាំភ្លើងខ្លី គ្រាប់ ទូរស័ព្ទ និង​សម្ភារៈ​មួយ​ចំនួន ព្រមទាំង​រថយន្ត​មែរ​សឺ​ដេ​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2CL-9776 ពណ៌​ខ្មៅ​១​គ្រឿង ។ មាន​ដំណឹង​ថា​ការ​បង្ក្រាប​នេះ​ត្រូវ​បាន​គេ​លាក់​រឿង​មិន​ឱ្យ​ធ្លាយ​ដល់​អ្នកកាសែត​ទេ​…​ម្ល៉ោះហើយ​ដឹង​ប៉ុន្មាន​និយាយ​ប៉ុណ្ណឹង​៕