បុរសចិនម្នាក់សង្ស័យជិះម៉ូតូតាមចោរលួ.ចប្រេង ត្រូវឃា.តករបា.ញ់ស្លា.ប់ ផ្អើលស្រុកភ្នំស្រួច
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ជនជាតិចិនម្នាក់ត្រូវបានបាញ់សម្លាប់ ដោយជនមិនស្គាល់មុខ ខណៈដែលជិះម៉ូតូតាមពីក្រោយហើយប្រតាយប្រតប់គ្នា ស្រាប់តែជនសង្ស័យទាញកាំភ្លើងមិនស្គាល់ម៉ាកបាញ់មួយគ្រាប់ស្លាប់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ករណីខាងលើបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រហែល១០ព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ១៤២ ស្ថិតនៅក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា មានករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន ម្នាក់ ស្លាប់ក្នុងថ្លុកឈាម ភ្លាមៗនៅកន្លែងហេតុ ត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូលេខ១៤២ ស្ថិតនៅក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបន្តទៀតថា បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា នៅវេលាម៉ោង ប្រហែល១០ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានម៉ូតូចំនួន២គ្រឿង ជិះមុខក្រោយគ្នា លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុ ជនរងគ្រោះ(ដែលជាជនជាតិចិន)បានជិះម៉ូតូឈប់ពីក្រោយម៉ូតូជនសង្ស័យ។ ហើយជនរងគ្រោះ ជនជាតិចិនស្ទុះទៅបំរុងឃាត់ចាប់កន្ទុយម៉ូតូ របស់ជនសង្ស័យបណ្តាលឱ្យជនសង្ស័យបានដួលម៉ូតូ ហើយជនសង្ស័យធ្លាក់ពីលើម៉ូតូចូលក្នុងភក់ប្រឡាយអមផ្លូវនោះតែម្តង។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយបន្តិចមក ជនសង្ស័យបានងើបឡើងពីក្នុងប្រឡាយនិងម៉ូតូមានដឹកប្រេងចំនួន៤កាននៅខាងមុខផងនោះ។ ជនសង្ស័យ ក៏បានទាញយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក)ពីក្នុងកាបូបស្ពាយរបស់ខ្លួន បាញ់ទៅលើជនរងគ្រោះត្រូវចំនួន១គ្រាប់ បណ្តាលឱ្យជនរងគ្រោះ ដួលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានលើកយកប្រេងទាំង៤កាននោះដាក់លើម៉ូតូរួចជិះដឹកប្រេងចេញពីកន្លែងកើតហេតុចេញឆ្ពោះសំដៅទៅ(ផ្លូវជាតិលេខ៤)បាត់។ រីឯសពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
ចំណែកសពបុរសជនជាតិចិន បានស្លាប់នៅលើផ្លូវនោះ ត្រូវបានអាជ្ញាជរ និងសមត្ថកិច្ច ចុះពិនិត្យធ្វើកោសល្យវិច័យ ដើម្បីកំណត់មុខសញ្ញាអ្នកប្រព្រឹត្តដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ