ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ AirAsia និង​ Visa នាំ​មក​នូវ​ព្រឹត្តិ​ការណ៍​លក់​សំបុត្រ​យន្ត​ហោះ​បញ្ចុះ​តម្លៃ​ពិសេស​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ AirAsia និង​ Visa សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ បាន​អញ្ជើញ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ជា​ច្រើន​នាក់​ និងអ្នកសារ​ព័ត៌​មាន​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ​ទៀត​សរុប​ជាង​៥០​នាក់​ទៅ​ចូល​រួម​ក្នុងសន្និសីទ​កាសែត​ធំ​មួយ​នៅ​ប្រទេសថៃ​ កាល​ពីថ្ងៃ​ទី​១២ មិថុនា​ ២០១៣ ស្តី​ពីការ​លក់​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​សម្រាប់​ជើង​ហោះ​ហើរ​ ក្នុង​គោល​បំណង​ជំរុញ​កំណើន​វិស័យ​ទេស​

រាជ​ធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ AirAsia និង​ Visa សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ បាន​អញ្ជើញ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ជា​ច្រើន​នាក់​ និងអ្នកសារ​ព័ត៌​មាន​មក​ពីបណ្តា​ប្រទេស​ផ្សេងៗ​ទៀត​សរុប​ជាង​៥០​នាក់​ទៅ​ចូល​រួម​ក្នុងសន្និសីទ​កាសែត​ធំ​មួយ​នៅ​ប្រទេសថៃ​ កាល​ពីថ្ងៃ​ទី​១២ មិថុនា​ ២០១៣ ស្តី​ពីការ​លក់​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​សម្រាប់​ជើង​ហោះ​ហើរ​ ក្នុង​គោល​បំណង​ជំរុញ​កំណើន​វិស័យ​ទេស​ចរណ៍​ក្នុងឆ្នាំ​នេះ​ ក៏​ដូចជា​ការ​ផ្សព្វ​ផ្សាយ​អំពី​ព្រឹត្តិ​ការណ៍​ Sky dance របស់​ខ្លួន​ ដែល​ត្រូវ​បាន​កំណត់​រៀបចំ​នៅ​លើ​ជើង​ហោះ​ហើរ​មួយ​របស់​ AirAsia ។​

អាជ្ញាធរ​ទេសចរណ៍​ថៃ​បាន​ពន្យល់​ថា​ ព្រឹត្តិ​ការណ៍​លក់​បញ្ចុះ​តម្លៃ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បន្ត​ជំរុញ​កំណើន​ទេសចរ​ពីថ្ងៃ​ទី​១៥ មិថុនា​ ដល់​ថ្ងៃ​ទី​១៥ សីហា​ជារៀងរាល់​ឆ្នាំ ។​ សម្រាប់​រយៈ​ពេល​២​ខែ​ពេញ​នេះ​ ក្រុម​ហ៊ុន​ឈាន​មុខ​នានា​ និង​បណ្តា​ក្រុម​ហ៊ុន​លក់​រាយ​ជាង​១៥.០០០​ បាន​ចាប់​ដៃគ្នា​ ដើម្បី​ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​ ៨០%​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​នៅ​តំបន់​ចំនួន​៧​រួម​មាន​ បាង​កក​ ឈៀង​ម៉ៃ​ ហាត់​យ៉ៃ​ ភូកេត​ ប៉ា​តា​យ៉ា​ ហួសុិន​ និង​កោះ​សាមុយ ។​

អាជ្ញាធរ​ថៃ​ក៏បានរៀបចំ​យុទ្ធនាការ​៣០​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​ក្នុងប្រទេសថៃ​ផង​ដែរ​ ដោយ​ផ្តល់​ជូន​អ្នក​ដំណើរ​បរទេស​នូវ​ឱកាស​ធ្វើ​ដំណើរ​កម្សាន្ត​រយៈ​ពេល​រហូត​ដល់​៣០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ​ និង​ឱកាស​ទទួលបាន​រង្វាន់​ដែល​មានតម្លៃ​សរុប​ប្រមាណ​៣,៥​លាន​បាត​ ។ អ្នក​ដំណើរ​ជន​ជាតិ​ថៃក៏​មាន​ឱកាស​ទទួល​បាន​ប័ណ្ណ​ដែល​មាន​តម្លៃ​សរុប​ជាង​១​លានបាត​ផងដែរ​ ដោយ​គ្រាន់​តែ​ចំណាយ​៥០០​បាត​នៅ​ហាង​ណាមួយ​ក៏​បាន​ ដែល​ចូលរួម​ក្នុងព្រឹត្តិ​ការណ៍​នេះ​ រួចបំពេញ​ឈ្មោះ និង​លេខ​ទូរ​ស័ព្ទ​នៅ​លើ​កាត​យុទ្ធនាការ​នេះ​ជា​ការ​ស្រេច ។​

លោក Tassapon Bijleveld នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍​ Thai AirAsia បាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​មានសេចក្តី​សោមនស្ស​រីក​រាយ​ណាស់​ ដែល​បាន​ក្លាយ​ជាចំណែក​មួយ​នៃ​ការ​លក់​បញ្ចុះ​តម្លៃ​ដ៏​ធំ​ក្នុង​ប្រទេសថៃ​នេះ​ ។ នេះ​ដោយ​សារ​តែ​វា​បាន​ក្លាយ​ជា​ផ្នែក​មួយ​យ៉ាង​ចម្បងក​្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​មាន​ចំនួន​ច្រើន​លើស​លប់​មក​កាន់​ប្រទេស​ជាតិ ។​ កាល​ពីឆ្នាំ​២០០២ AirAsia បាន​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ប្រមាណ​ជាង​៨,៣​លាន​នាក់​ ហើយ​ក្រុម​ហ៊ុន​ក៏​រំពឹង​ទុក​ផង​ដែរ​ថា​ តួលេខ​នេះ​នឹង​កើន​ឡើង​ថែមទៀត​នៅ​ឆ្នាំ​នេះ​ជាមួយ​ការ​បង្កើន​ចំនួន​នៃជើង​ហោះ​ហើរ​ និង​ផ្លូវ​ហោះ​ហើរ​របស់​ខ្លួន ។​

លោកបន្ត​ថា​ យើង​កំពុង​បង្កើន​ជើង​ហោះ​ហើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ពេញន​ិយម​នានា​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ឱ្យ​ការធ្វើ​ដំណើរ​មាន​ការ​ចំណាយ​កាន់​តែ​តិច​ និងកាន់តែ​ងាយ​ស្រួល​សម្រាប់​អ្នក​ដំណើរ​របស់​យើង ។​ AirAsia បាន​បង្កើន​ជើង​ហោះ​ហើរ​រួច​មក​ហើយ​ទៅ​កាន់​ទិស​ដៅ​ពេញ​និយម​នានា​នៅ​ភូកេត​ ឈៀង​ម៉ៃ​ ក្រាក់​ប៊ី​ ហាត់​យ៉ៃ​ និង​ឈៀង​រ៉ៃក្នុង​ឆ្នាំ​នេះ​ ហើយ​ក៏បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​សេវាកម្ម​ South Sea Easy Island Transfer រួច​មក​ហើយ​ដែរ​ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជ្រើស​រើស​កោះ​ណាមួយ​ក្នុង​ចំណោម​កោះ​ទាំង​៧​ រួម​មាន កោះ​សាមុយ​ ផាង៉ាន​ ឡានតា​ លីប៉េ ង៉ៃ​ យ៉ៅ​ និង​ណយ​ និង​មាន​ជើង​ហោះ​ហើរ​ដែល​ចុះ​ចត​នៅ​ជិត​ទូក​ចម្លង​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​ ។ សេវាកម្ម​នានា​ត្រូវ​បន្ត​ផ្តល់​ជូន​ទាំង​ស្រុង​ដោយ​បុគ្គលិក​ក្នុងតំបន់​ ដែល​បង្កើត​ដោយ​ AirAsia និង​នាំ​មកជូន​អតិថិជន​នូវ​សេវា​កម្ម​ល្អ​ឥត​ខ្ចោះ​រួម​ជាមួយ​ការ​សន្សំសំចៃ​ផងដែរ។​

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត AirAsia បាន​ចូលរួម​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ពិសេស​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ​ ដោយ​អញ្ជើញ​ភ្ញៀវ​បរទេស​ពី​រាជធានី​ភ្នំពេញ​ធ្វើ​ដំណើរ​ទៅ​ទីក្រុងបាង​កក​ ក្នុង​តម្លៃ​ចាប់​ពី​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ជើង ។​ ចំណែក​អ្នក​ដំណើរ​ពី​គូឡា​ឡាំពួរ​ ប៉េណាង​ ហុង​កុង​ សិង្ហ​បុរី ស៊ីអាន​ វូហាន​ ឆុង​ស៊ីង​ ម៉ាកាវ​ សិុន​ឈិន​ ក្វាង​ចូវ​ ហូជីមិញ​ ហាណូយ​ រ៉ង់​ហ្គូន​ ​ម៉ាន់​ដាឡៃ​ កុល​កាតា និង​ឆិន​ណៃ​ ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាង​កក​នេះ​ដែរ ។​

គួរបញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១២​ ប្រទេសថៃ​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរសរុប​ជាង​២២​លាន​នាក់​ ជាពិសេស​ក្នុង​អំឡុង​ពី​ខែ​មិថុនា​ដល់​ខែ​សីហា​ ដែល​ស្រប​គ្នា​នឹងព្រឹត្តិ​ការណ៍​ការ​លក់​បញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​នៅ​ប្រទេសថៃ​នេះ ។​ ជាមួយ​នឹងអ្នក​ដំណើរ​ជាង​៣,៦​លាន​នាក់​មក​កាន់​ប្រទេស​ថៃ​ដែល​មាន​កំណើន​ប្រមាណ​ជាង​១៦%​ រៀងរាល់​ឆ្នាំ​ ការ​លក់​ផលិត​ផល​ពីការ​ចូលរួម​របស់​ក្រុម​ហ៊ុន​នានា​នេះ​មានចំណូល​សរុប​ប្រមាណ​២៥​ពាន់​លានបាត ដែល​បាន​បង្ហាញ​ពី​ជោគជ័យ​ដ៏​​ត្រចេះ​ត្រចង់​មួយ​សម្រាប់​គម្រោង​នេះ ។​

ចំពោះ​ការ​ហោះ​ហើរ​ពី​ភ្នំពេញ​ទៅ​បាង​កក​ប្រទេសថៃ​ មាន​២​ជើង​រៀងរាល់​ថ្ងៃ​ និង​មាន​ជើង​ហោះ​ហើរ​ពី​ភ្នំពេញ​ទៅ​គូឡាឡាំពួរ​ ពី​សៀម​រាប​ទៅ​គូឡា​ឡាំពួរ​ ដែល​នឹង​ធ្វើ​ការ​ហោះ​ហើរ​រៀង​រាល់​​ថ្ងៃ​ ហើយ​ជើង​ហោះ​ហើរ​ទាំង​អស់​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ពី​ថ្ងៃ​ទី​១ សីហា​ ឆ្នាំ​២០១៣ ត​ទៅ ៕​