រាជធានីភ្នំពេញ ៖ ទារកដែលទើបនឹងកើតមិនទាន់ទាំងកាត់ផ្ចិតផង ត្រូវបានស្ដ្រីម្នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេត្ដកណ្ដាល ដែលមានប្រុសម្នាក់ជាអ្នកឌុបច្រកក្នុងថង់ខ្មៅរុំនឹងសារុងយកមកប្លុងចោលនៅក្បែរធុងសំរាមលើចិញ្ចើមផ្លូវក្នុងបរិវេណរមណីយដ្ឋានវត្ដភ្នំ ទល់មុខរូបសំណាកលោកយាយពេញ ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី១៥ មិថុនា ។
ទារកដែលគេប្លុងចោលដូចសំរាមនេះមិនទាន់ស្លាប់ទេ គឺនៅមានជីវិតនៅឡើយ។ ក្រោយការប្រទះឃើញទារកនេះត្រូវបានគេយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ក្រោមការយកចិត្ដទុកដាក់ពីគ្រូពេទ្យជំនាញគន្ធបុប្ផាទី៤ ។ នេះបើតាមការឱ្យដឹងពីអ្នកគ្រូពេទ្យម្នាក់ដែលបម្រើការនៅមជ្ឈមណ្ឌលសុខភាពខណ្ឌដូនពេញ ទទួលការតាមដានសុខភាពទារកដែលត្រូវគេបោះបង់ចោលនោះ ។
អ្នកគ្រូពេទ្យរូបនេះបញ្ជាក់ថា នៅពេលប្រទះឃើញទារកដែលគេយកមកប្លុងចោលនៅក្បែរវត្ដភ្នំនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជនជាតិបរទេសដែលដើរកម្សាន្តនៅវត្តភ្នំនាំគ្នាជួយម៉ាស្សា ហើយបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាទី៤ ដើម្បីសង្គ្រោះ ។ រហូតមកដល់ព្រឹកថ្ងៃទី១៦ មិថុនា សុខភាពទារកនេះបានគ្រាន់បើជាងមុនបន្ដិចហើយ ។ ប៉ុន្ដែទោះជាយ៉ាងណាបញ្ហាសុខភាពកំពុងស្ថិតនៅក្រោមការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យជំនាញនៅទេ ។ អ្នកគ្រូពេទ្យបន្ដថា បើយឺតពេលបន្ដិចទារកនេះ ពិតជាមិនមានជីវិតឡើយ ពីព្រោះទារកមានសុខភាពខ្សោយខ្លាំងណាស់ ។
រហូតមកដល់ថ្ងៃទី១៦ មិថុនានេះ នៅមិនទាន់មានអ្នកណាម្នាក់ចេញមុខមកអះអាងថា ជាម្ដាយរបស់ទារកនេះនៅឡើយទេ ។ គួររំលឹកថា កាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៥ មិថុនា គេឃើញបុរសម្នាក់ និងស្រ្ដីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខខេត្ដកណ្ដាល(…)បើកពីទិសខាងលិចទៅកើតតាមរមណីយដ្ឋានវត្ដភ្នំ ។ លុះពេលមកដល់ទល់មុខរូបសំណាកលោកយាយពេញ ក៏ឈប់ម៉ូតូ ហើយស្ដ្រីដែលអង្គុយពីក្រោយបានចុះពីលើម៉ូតូដោយដៃកាន់ស្បោងខ្មៅមួយយួរ មកទុកចោលនៅក្បែរធុងសំរាមលើចិញ្ចើមផ្លូវក្បែររមណីយដ្ឋានវត្ដភ្នំ រួចហើយក៏ប្រញាប់ប្រញាល់ឡើងជិះម៉ូតូទៅតាមវិថីព្រះនរោត្ដមឆ្ពោះទៅទិសខាងត្បូងបាត់ ។
បន្ទាប់ពីបុរស និងស្ដ្រីនោះជិះមូ៉តូចេញទៅ ទើបមានបុរសម្នាក់ជាជាងថតរូបនៅវត្តភ្នំលើកម៉ាស៊ីនថតជាប់ពីក្រោយ និងមានការសង្ស័យ ដោយសារឃើញស្បោងពណ៌ខ្មៅដែលគេយកមកទុកចោលនោះមិនដាក់ចូលក្នុងធុងសំរាម បែរជាទុកចោលនៅខាងក្រៅធុងសំរាមទៅវិញ ។ ម៉្យាងទៀតស្បោងពណ៌ខ្មៅនោះសោត ក៏មិនចងគួចមុខនោះទេ ទើបជាងថតរូបម្នាក់នេះធ្ងល់ ក៏ដើរទៅក្បែរស្បោងខ្មៅនេះដើម្បីពិនិត្យ ស្រាប់តែប្រទះឃើញទារកម្នាក់នៅក្នុងស្បោង នៅមានជីវិតនៅឡើយ ហើយក៏ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាផ្សេងទៀតនាំគ្នាមកចោមរោមមើល ។
ដោយសារតែឃើញទារកនៅមានជីវិត និងមានភ្នែកខ្មៅក្រឡង់គួរឱ្យអាណិតអាសូរបំផុតនោះ អ្នកទៅឈរមើលក៏បានលើកត្រកងបី ហើយជនបរទេសជាអ្នកទេសចរបានឃើញក៏មកជួយឈឺឆ្អាលដែរ និងបាននាំទារកដែលគេប្លុងចោលនោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាទី៤ភ្លាមៗ ដែលនៅក្បែរនោះ ។
នេះជាទារកទី២ហើយដែលត្រូវបានគេយកទៅប្លុងចោលទាំងនៅមានជីវិត ដែលករណីទី១នោះ គឺការប្លុងចោលទារកក្នុងព្រៃរបោះ មួយនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ ហើយត្រូវក្រុមក្មេងគង្វាលគោប្រទះឃើញ ដោយសារតែឮសំឡេងស្រែកយំរបស់ទារកនោះ ។
ចំណែកលើកទី២គឺជាទារកអភ័ព្វនេះដែលត្រូវអ្នកគ្មានចិត្ដធម៌នាំយកមកប្លុងចោលនៅវត្តភ្នំ ។ ទោះជាយ៉ាងណា មិនមានព័ត៌មានណាមួយអះអាងឱ្យដឹងពីមូលហេតុដែលនាំឱ្យមានការយកទារកដែលនៅមានជីវិតនេះមកប្លុងចោលបែបនេះឡើយ ។ មនុស្សគ្រប់គ្នាដែលបានឃើញមានតែការអនិច្ចាប៉ុណ្ណោះ ។ ចំពោះជីវិតដ៏អភ័ព្វនេះ ដែលកើតមកមិនទាន់ទាំងបានស្គាល់ពន្លឺព្រះអាទិត្យផង បែរជាគេចង់សម្លាប់ទៅវិញ តើគ្នាមានកំហុសអ្វី? តើអ្នកនាំទារកមកប្លុងចោលនេះជាម្ដាយ ឬជានរណា ? សង្ស័យជាម្តាយដែលគ្មានលទ្ធភាពចិញ្ចឹមទើបធ្វើបែបនេះ ។ ព័ត៌មានចុងក្រោយឱ្យដឹងថា ទារកនេះស្លាប់នៅវេលាម៉ោង៣និង៤០នាទីល្ងាចថ្ងៃទី១៦ មិថុនា ទៅហើយ ៕
ចែករំលែកព័តមាននេះ