ខេត្តកំពង់ចាម ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រតិកម្មយ៉ាងខ្លាំងចំពោះបក្សប្រឆាំងដែលលើកឡើងថា ការបង្កើតឡើងរដ្ឋប្រហារ១៨មីនា ឆ្នាំ១៩៧០ ជាការរៀបចំដោយព្រះករុណាព្រះមហាវីរក្សត្រជាអ្នកឱ្យធ្វើ ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះវាអយុត្តិធម៌ពេក អ្នកណាក៏ដោយដែលនិយាយខុសពីសច្ចធម៌អំពើដ៏អាក្រក់នេះគឺមិនអាចគេចវេះបានទេ ប្រវត្តិសាស្ត្រត្រូវថ្កោលទោសពួកគេ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រតិកម្មបែបនេះ នាព្រឹកថ្ងៃទី១៥ មិថុនា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន របងវត្ត ខ្លោងទ្វារវត្ត ឧបដ្ឋានសាលា និងសមិទ្ធផលនានានៅវត្តនាគវ័ន ស្ថិតក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា នៅពេលសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងព្រះបរមរាជវាំង ហ្លួងម៉ែបានមានព្រះសវនីយ៍ថា ហ្លួងម៉ែចង់ហៅមនុស្សដែលនិយាយហ្នឹងមកតទល់ ។
ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានប្រកាសហើយថាសូមកុំឱ្យហ្លួងម៉ែ ព្រះករុណាព្រះមហាក្សត្រពាក់ព័ន្ធ ទុកបញ្ហានេះឱ្យកូនចៅការពារវិញ ។ ក្នុងឋានៈជាកូនចៅការពារព្រះអង្គ សូមហ្លួងម៉ែ មិនចាំបាច់ជ្រលក់មាត់ជាមួយ ទង្វើរបស់គេមិនអាចគេចវេះបានទេ ។ សម្តេចតេជោ ហ៊ុន សែន អះអាងថា យើងត្រូវតែការពារព្រះមហាក្សត្រ និងរាជានិយមយើងត្រូវតែធ្វើដូច្នេះ ព្រោះព្រះបិតាជាតិរបស់យើងព្រះអង្គបានខិតខំពេញមួយព្រះជន្ម ដើម្បីឯករាជ្យរបស់ប្រទេស ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ បែរជាត្រូវគេប្រមាថ ។
មនុស្សខ្លះដើម្បីគាំទ្រហេតុផល ដើម្បីគាំទ្រឱ្យមានភាពស្របច្បាប់នៃការធ្វើរដ្ឋប្រហារថ្ងៃ១៨មីនា ឆ្នាំ១៩៧០ បានទម្លាក់ថា រឿងនេះស្តេចជាអ្នកប្រើលន់ នល់ វាអយុត្តិធម៌ពេក ប៉ុន្តែរឿងនេះត្រូវបានកូនចៅនៅការពារមិនមានបញ្ហាអ្វីទេ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា គ្មានអ្នកណាទៅធ្វើនយោបាយសាច់កម្មរហូតដល់ទៅប្រើលន់ នល់ ឱ្យធ្វើរដ្ឋប្រហារទម្លាក់ ហើយរហូតដល់ទៅកាត់ទោសព្រះករុណាប្រហារជីវិត ហើយកាត់ទោសដកសញ្ជាតិហ្លួងម៉ែដោយតុលាការសឹកទៀត ។
វាអត់ដែលមាន ប៉ុន្តែអ្នកនយោបាយទាំងនោះគេដើរខ្សឹប ខ្សឹបយូរហើយ មិនមែនខ្សឹបតែម្តងទេ ប៉ុន្តែចៃដន្យខ្សឹបលើកនេះត្រូវថតទាំងសំឡេងបាន រួចគេបែរថាគណបក្សប្រជាជនរៀបចំទៅវិញ ។ សម្តីខ្លួនឯងច្បាស់ក្រឡែតក្នុងខ្សែអាត់ នេះដើម្បីយកចំណេញខាងនយោបាយ ។ នេះគឺជារឿងថោកទាបដែលប្រមាថមាក់ងាយ ។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនិងថ្លែងអំណរគុណដល់ក្រុមការងារដែលបានមកជួយប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារ និងសប្បុរសជននានា ដែលបានធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើននៅក្នុងស្រុកក្រូចឆ្មារ និយាយដោយឡែកនិងនិយាយរួមក្នុងខេត្តកំពង់ចាមទាំងមូល។
សម្តេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រការបោះឆ្នោតកាលពីឆ្នាំ២០០៨ ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ -សង្កាត់ ឆ្នាំ២០១២ កន្លងទៅ ។ សម្តេចមានសេចក្តីសង្ឃឹមជឿជាក់ថា ព្រះតេជគុណ ព្រះសង្ឃ បងប្អូនជនរួមជាតិទាំងអស់ មិនថា អ៊ិស្លាមសាសនា គ្រិស្តសាសនា…នឹងបន្តការគាំទ្របែបនេះតទៅទៀត នៅថ្ងៃទី២៨ កក្កដា ខាងមុខ បោះឆ្នោតតែមួយសន្លឹករយៈពេល៥ឆ្នាំ តែមួយសន្លឹកទេ គឺលេខរៀងទី៤ សញ្ញាទេវតាបាចផ្កា នឹងបានដល់ខ្ញុំហើយ ។
លោកលន់ លឹមថៃ អភិបាលខេត្តកំពង់ចាមបានថ្លែងថា អគារបណ្ណាល័យថ្មីមួយខ្នង ដែលសម្ពោធជាផ្លូវការនាថ្ងៃនេះមានបណ្តោយ២៥,៦០ម៉ែត្រ ទទឹង២០ម៉ែត្រ ជាអំណោយរបស់ក្រុមហ៊ុន ខេធីស៊ី នៃសាធារណរដ្ឋកូរ៉េ តាមរយៈលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានចំណាយថវិកាសាងសង់អស់ចំនួន៨ម៉ឺនដុល្លារអាមេរិក ដែលបានប្រសិទ្ធនាមថា បណ្ណាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
លោកអភិបាលខេត្តបន្តថា វត្តនាគវ័នបានកសាងឡើងក្នុងឆ្នាំ១៧១០ គឺមានអាយុកាល៣០៣ឆ្នាំ ហើយនិងបានឆ្លងកាត់ព្រះគ្រូចៅ អធិការចំនួន១២អង្គ ។ ព្រះគ្រូចៅអធិការទី១២ នេះព្រះនាមម៉ុក អូនទូច បានគ្រប់គ្រងទីអារាមនេះតាំងពីឆ្នាំ២០០៩ រហូតមកដល់សព្វថ្ងៃ ។ អាស្រ័យដោយមានការឧបត្ថម្ភគាំទ្រទាំងស្មារតីនិងថវិកាផ្ទាល់ពីសម្តេចតេជោ ហុ៊ន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងដោយមានការចូលរួមដឹកនាំផ្ទាល់ពីលោកជា សុផារ៉ា ព្រះគ្រូចៅអធិការវត្តបានដឹកនាំភិក្ខុ សាមណេរ រួមជាមួយពុទ្ធបរិស័ទកសាងបង្ហើយឧបដ្ឋានសាលា របងវត្ត ខ្លោងទ្វារ បំពាក់កុំព្យូទ័រ នៅសាលាបឋមសិក្សាវត្តចកចំនួន១៣គ្រឿង ។
សមិទ្ធផលជាច្រើនដែលលេចឡើងក្នុងទីអារាមនេះ បានចំណាយថវិកាអស់ប្រមាណ៥៣ម៉ឺន៨ពាន់៧០០ដុល្លារ អាមេរិក ដែលជាអំណោយរបស់សម្តេចតេជោ សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តល់តាមរយៈលោកជា សុផារ៉ា ក្រៅពីនេះគឺជាថវិកា របស់សប្បុរសជននានាក្នុងនិងក្រៅប្រទេស ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទក្នុងឃុំនេះផងដែរ ៕
ចែករំលែកព័តមាននេះ