ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ដោយគ្រាន់តែខឹងប្តីហាមមិនឱ្យចងការប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ក៏ទៅទិញថ្នាំកណ្តុរចំនួន២ខាំយកមកផឹកបណ្តាលឱ្យស្លាប់ចោលកូនប្រុសស្រីតូចៗចំនួន៣នាក់ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៥ មិថុនា នៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿង ។ ស្ត្រីរូបនេះត្រូវបានក្រុមគ្រួសារនាំមកសង្គ្រោះកាលពីថ្ងៃទី១១ មិថុនា ប៉ុន្តែទោះបីជាក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងណាក្តី ក៏នៅតែមិនអាចជួយបាន ព្រោះជាតិថ្នាំកណ្តុរដែលផឹកចូលទៅនោះមានរយៈពេលយូរ និងបានជ្រាបចូលសរសៃឈាមអស់ ទម្រាំយកមកដល់មន្ទីរពេទ្យ គឺហួសពេលទៅហើយ ។
ស្ត្រីជាម្តាយបង្កើតបានឱ្យដឹងថា កូនស្រីរបស់គាត់ដែលផឹកថ្នាំកណ្តុរនេះឈ្មោះ ឆុន ចាន់ធឿន អាយុ២៩ឆ្នាំ មានប្តីឈ្មោះ នូ អូន អាយុ២៩ឆ្នាំដូចគ្នា រៀបការនៅឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០១៣ មានកូន៣នាក់ (ប្រុសម្នាក់ ស្រី២នាក់) កូនច្បងមានអាយុ៦ឆ្នាំ ។ មូលហេតុដែលនាំឱ្យកូនស្រីគាត់ផឹកថ្នាំកណ្តុរសម្លាប់ខ្លួននេះត្រូវបានប្រាប់ថា ក្រោយពេលរៀបការគាត់បានចែកដីឱ្យទទឹង៦ម៉ែត្រ បណ្តោយ១០០ម៉ែត្រ និងមករស់នៅលើដីនេះស្ថិតក្នុងភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ។ ចំណែកឪពុកម្តាយខាងប្តីបានចែកដីឱ្យ២៥អា ក្បែរដីដែលគាត់ចែកឱ្យដែរ ដើម្បីឱ្យកូនទាំង២នាក់មានដីធ្វើស្រែធ្វើចម្ការដូចគេឯង ។
ស្ត្រីជាម្តាយរៀបរាប់ទៀតថា ដោយសារតែការធ្វើស្រែចម្ការពុំសូវបានផល និងបានតិចតួចហូបមិនគ្រប់គ្រាន់ ក៏ខ្ចីបុលប្រាក់គេចំនួន៥០០ដុល្លារ ។ លុះរយៈពេលជាច្រើនឆ្នាំកន្លងមក ប្រាក់ដែលខ្ចីគេ៥០០ដុល្លារនោះឡើងដល់២.០០០ដុល្លារ ហើយម្ចាស់បំណុលមកទារប្រាក់ព្រឹកល្ងាច ។ ដោយសារគេមកទារប្រាក់ញឹកញាប់ពេក ប្រពន្ធបាននិយាយជាមួយប្តីដើម្បីឱ្យប្តីឯកភាពគ្នាក្នុងការខ្ចីប្រាក់ពីអង្គការចំនួន២.០០០ដុល្លារយកមកសងគេឱ្យដាច់ និងយកប្លង់ដីពីម្ចាស់បំណុលមកទុកវិញ ប៉ុន្តែប្តីយល់ព្រមឱ្យខ្ចីប្រាក់ពីអង្គការនោះចំនួនតែ៥០០ដុល្លារប៉ុណ្ណោះ ឯប្រពន្ធថាមិនគ្រប់ទេជំពាក់គេដល់២.០០០ដុល្លារ យក៥០០ដុល្លារទៅសងគេមិនគ្រប់ទេ ។
តាមប្រភពព័ត៌មានបន្តថា ពេលនោះប្តីមិនឯកភាពឱ្យខ្ចីទេ ព្រោះជំពាក់គេតែ៥០០ដុល្លារ ឥឡូវឡើងដល់២.០០០ដុល្លារមិនដឹងទេ បើខ្ចីប្រាក់អង្គការចំនួនត្រឹម៥០០ដុល្លារទើបព្រម ។ ក្រោយពីនិយាយគ្នារួចប្តីក៏ទៅធ្វើការបាត់ទៅ នៅសល់តែកូនតូចៗនៅផ្ទះជាមួយម្តាយ ។ ដោយខឹងប្តីិមិនព្រមដូច្នេះ នាងលំបាកចិត្តពេកទើបគិតខ្លីទៅទិញថ្នាំកណ្តុរចំនួន២ខាំមកផឹក ហើយបិទទ្វារផ្ទះជិត ។ ចំណែកចៅៗបានរត់ទៅប្រាប់គាត់ថា ម្តាយពួកគេផឹកថ្នាំអ្វីទេពុលបែកពពុះមាត់នៅផ្ទះ ភ្លាមនោះគាត់ក៏រត់រកអ្នកភូមិផងរបងជាមួយឱ្យជួយធាក់ទ្វារទម្លាយចូលទៅក្នុងផ្ទះ ស្រាប់តែឃើញកូនស្រីផឹកថ្នាំកណ្តុរពុលបែកពពុះមាត់ ។
បន្ទាប់មកគាត់បានពឹងអ្នកភូមិឱ្យជួយនាំទៅកាន់មន្ទីរពេទ្យបង្អែកអ្នកលឿង ដើម្បីជួយសង្គ្រោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ហួសពេលទៅហើយ ព្រោះទុកយូរពេកមិនអាចជួយសង្គ្រោះបាន ។ កូនស្រីគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកអ្នកលឿងនាវេលាម៉ោង៤រសៀលថ្ងៃទី១៥ មិថុនា ២០១៣ និងបានយកសពមករៀបចំធ្វើបុណ្យតាមប្រពៃណី ។ ជាការពិតណាស់ ភាពក្រីក្រហើយជំពាក់បំណុលគេនោះគួរតែចៀសវាង ព្រោះជាការជំពាក់វ័ណ្ឌ.កមួយរើខ្លួនពីបំណុលមិនបាននោះឡើយ ៕
ចែករំលែកព័តមាននេះ