ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​​កម្ម​​​តប​​​កា​រ​​​ចោទ​​ប្រកាន់​ ​​CPP ​បាន​​ចុះ​​ហ​ត្ថ​​​លេខា​​ជាមួយ​​អ​ង្គ​​​ភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​រួច​​ហើយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រតិ​កម្ម​ទៅ​នឹង​ព័ត៌​មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ មិន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ លោក​ ខៀវ​ កាញា​រីទ្ធ​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​​ បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MOU)

រាជធានីភ្នំពេញ​ ៖ ប្រតិ​កម្ម​ទៅ​នឹង​ព័ត៌​មាន​ដែល​បាន​ផ្សព្វ​ផ្សាយ​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ មិន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ​នោះ​ លោក​ ខៀវ​ កាញា​រីទ្ធ​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​​ បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​ចុះ​ហត្ថ​លេខា​លើ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MOU) ជាមួយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំង​ពី​ថ្ងៃ​ទី​១៥​ ឧសភា​ ឆ្នាំ​២០១២​ មក​ម៉្លេះ​ ដែល​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​គណបក្ស​ក្នុង​ការ​ទប់​ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ ។

លោក​ ខៀវ​ កាញា​រីទ្ធ​ បាន​បញ្ជាក់​ថា​ ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​គឺ​បាន​ដើរ​តាម​គោល​នយោ​បាយ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​គោល​នយោ​បាយ​របស់​គណបក្ស​ក៏​បាន​បញ្ជាក់​ច្បាស់​ណាស់​នូវ​ការ​ប្តេជ្ញា​ចិត្ត​ទប់​ស្កាត់​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ ។ ដូច្នេះ​ រាជ​រដ្ឋា​ភិបាល​ដែល​បាន​អនុវត្ត​តាម​គោល​នយោ​បាយ​របស់​គណបក្ស​នោះ​ បាន​សម្រេច​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​ពុក​រលួយ ដូច​ជា​ច្បាប់​លាង​លុយ​កខ្វក់​នៅ​ឆ្នាំ​២០០៧​ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​២០១០​ ហើយ​ត្រូវ​បាន​កែ​សម្រួល​បន្ថែម​នៅ​ឆ្នាំ​២០១១​។

យោង​តាម​នោះ​ យើង​បាន​បង្កើត​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​បាន​កំណត់​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្ថាប័ន​នីតី​ប្រតិ​បត្តិ​ និង​ថ្នាក់​ដឹក​នាំ​មួយ​ចំនួន​នៃ​អង្គ​ភាព​សង្គម​ស៊ីវិល​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ ក្នុង​នោះ​មន្ត្រី​រាជ​ការ​ត្រូវ​ប្រកាស​រយៈ​ពេល​២ឆ្នាំ​ម្តង​ ។ ទាំង​អស់​នេះ​បាន​បង្ហាញ​អំពី​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​ក៏​ដូច​ជា​គណបក្ស​ប្រជា​ជន​កម្ពុជា​ ។​ ដូច្នេះ​មាន​ន័យ​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម​រួច​ហើយ​ ហើយ​ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​ MOU ជាមួយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​រាល់​ហើយ​ដែរ​ កាល​ពី​ឆ្នាំ​២០១២​ ។

លោក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថា​ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គឺ​ជា​អង្គ​ភាព​ដែល​ស្ថាប័ន​រដ្ឋ​សភា​បាន​អនុម័ត​ និង​ជា​អង្គ​ភាព​យុត្តិ​ធម៌​ធំ​ជាង​គេ​ក្នុង​ប្រទេស​ ដូច្នេះ​យើង​មិន​ចាំ​បាច់​ទៅ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​ជាមួយ​អង្គ​ការ​សង្គម​ស៊ីវិល​ទៀត​ទេ​ ។ ទន្ទឹម​នេះ​ កម្ពុជា​យើង​ក៏​បាន​ចូល​ក្នុង​អនុសញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ​ ហើយ​ក៏​ធ្លាប់​ទទួល​បាន​នូវ​ការ​កោត​សរ​សើរ​ពី​អតីត​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ទៀត​ផង​ ។
លោក​ ខៀវ​ កាញា​រីទ្ធ​ បាន​សម្តែង​នូវ​ការ​​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចុះ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌​មាន​ខ្លះ​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​ព្រម​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​រៀប​ចំ​ដោយ​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​នោះ​ ។

លោក​រដ្ឋ​មន្ត្រី​ចាត់​ទុក​ថា​ ការ​ចុះ​ផ្សាយ​នោះ​ជា​ការ​យល់​ច្រឡំ​ ខណៈ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ មិន​គ្រាន់​តែ​បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ប្រឆាំង​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​បាន​ប្តេជ្ញា​ចិត្ត​ និង​បាន​អនុវត្ត​លើ​គ្រប់​យន្ត​ការ​ទាំង​អស់​ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​ទទួល​បាន​លទ្ធ​ផល​ល្អ​ប្រសើរ​ទៀត​ផង​ ។

យោង​តាម​ខ្លឹម​សារ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MOU) រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចុះ​ថ្ងៃ​ទី​១៥​ ឧសភា​ ឆ្នាំ​២០១២​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ សាយ​ ឈុំ​ ប្រធាន​គណៈ​ប្រចាំ​ការ​គណៈ​អចិន្ត្រៃយ៍​គណៈ​កម្មាធិ​ការ​កណ្តាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​លោក​ ឱម យ៉ិន​ទៀង​ ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ខ្លឹម​សារ​ជា​អាទិ៍​ថា​ អនុវត្ត​តាម​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិបាល​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន​ និង​ដើម្បី​ចូល​រួម​ពង្រឹង​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ព្រម​ទាំង​ក្នុង​គោល​បំណង​លើក​ស្ទួយ​​សេវា​សាធារណៈ​តាម​​ឃុំ-សង្កាត់​ ភាគី​ទាំង​២​ ឯក​ភាព​សហ​ការ​ជាមួយ​គ្នា​សម្រាប់​រយៈ​ពេល​៦​ខែ​ នៅ​ពេល​ចប់​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​៦ខែ​ ដើម្បី​ផ្សព្វ​ផ្សាយ​ អប់រំ​ បង្ការ​ និង​ទប់​ស្កាត់​នៅ​តាម​ឃុំ-សង្កាត់​ទូទាំង​ប្រទេស​ ។ ភាគី​ទាំង​២​ប្រជុំ​បូក​សរុប​វាយ​តម្លៃ​ និង​ដក​បទ​ពិសោធន៍​កិច្ច​សហ​ការ​នេះ​លើ​ស្មារតី​ភាតរ​ភាព​ ៕