ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនស្មានសោះថា ត្រកួន​មាន​ប្រយោជន៍​ពិសេសគួរ​ឲ្យ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន

ត្រកួន គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ញា​ញ់ តម្លៃ​ថោក និង​ងាយស្រួល​រក ហើយ​ថែម​ទាំង​អាច​យក​ទៅ​ធ្វើ​ជា​អន្លក់ ឬ​ម្ហូប​ស្ងោរ ឆា បាន​ច្រើន​មុខ​ទៀត​ផង ។ ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​ត្រកួន​ច្បាស់…

ត្រកួន គឺជា​បន្លែ​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ឆ្ញា​ញ់ តម្លៃ​ថោក និង​ងាយស្រួល​រក ហើយ​ថែម​ទាំង​អាច​យក​ទៅ​ធ្វើ​ជា​អន្លក់ ឬ​ម្ហូប​ស្ងោរ ឆា បាន​ច្រើន​មុខ​ទៀត​ផង ។ ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​ត្រកួន​ច្បាស់ ហើយ​ក៏​ចូល​ចិត្ត​ទទួលទាន​វា​ដែរ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ដឹង​ទេ​ថា បន្លែ​នេះ​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​សុខភាព​តាម​រយៈ​វីតាមីន និង​សារធាតុ​ចាំបាច់​សម្រាប់​រាង​កាយ​ជា​ច្រើន​ដែល​វា​មាន​ផ្ទុក ។

១. ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង ៖ ត្រកួន​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​ជា​ច្រើន​ដូច​ជា វីតាមីន A, C និង beta-carotene ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ក្នុង​ការ​កាត់​បន្ថយ​រ៉ា​ឌី​កាល់​សេរី​ក្នុង​រាង​កាយ ដូច្នេះ​ទប់ស្កាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​អ្នក​នឹង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាក់ទង​ជាមួយ​ស​សៃ​ឈាម​ដូច​ជា ជំងឺ​បេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​ស្ទះ​សរសៃឈាម​ជាដើម ។

លើស​ពី​នេះ​ទៅ​ទៀត ត្រកួន ក៏​មាន​ផ្ទុក​ជាតិ folate ដែល​ជួយ​បំ​លែង​សារធាតុ​គីមី​គ្រោះថ្នាក់ homocysteine ហើយ​កម្រិត​ខ្ពស់​នៃ​សារធាតុ​គីមី​នេះ គឺ​បណ្ដាល​ឲ្យ​កើត​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ឬ​គាំងបេះដូង ។ បន្លែ​នេះ​ក៏​មាន​ផ្ទុក​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម ដែល​ជា​ជាតិ​រ៉ែ​មួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ការពារ​ប្រឆាំង​ជំងឺ​បេះដូង ។

២.​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ៖ ត្រកួន គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​ស្រូប​យកជាតិ​ស្ករ​ក្នុង​ឈាម​ដែល​លើស ហើយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោមផ្អែម ។

៣.​ទប់ស្កាត់​ជំងឺមហារីក ៖ ត្រកួន គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​១៣​ប្រភេទ ផ្សេង​ៗ​ពី​គ្នា ដែល​ធ្វើ​ឲ្យ​វា​ក្លាយជា​អាហារ​ដ៏​ល្អ​ដើម្បី​ទប់ស្កាត់​ជំងឺមហារីក ។ អុកស៊ីតកម្ម​ទាំងនេះ​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ចេញពី​រាង​កាយ និង​បញ្ឈប់​ការ​រីក​លូតលាស់​កោសិកា​មហារីក ។ បន្លែ​នេះ គឺ​ល្អ​ប្រសើរ​បំផុត​ដើម្បី​ទប់ស្កាត់​បញ្ហា​ជំងឺមហារីក​ពោះវៀនធំ​, មហារីក​ក្រពះ​, មហារីក​សុដន់ និង​ជំងឺមហារីក​ស្បែក ។

៤. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ៖ ត្រកួន គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​មាន​ន័យ​ថា​បន្លែ​នេះ​មាន​ប្រយោជន៍​បំផុត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ ។ បរិមាណ​វីតាមីន​c ក្នុង​ត្រកួន គឺ​មាន​ច្រើន​ជាង​នៅ​ក្នុង​ផ្លែ​ឈើ ។

៥. ព្យាបាល​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ ត្រកួន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយជា​បន្លែ​ដ៏​មាន​ប្រយោជន៍​ព្យាបាល​បញ្ហា​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ក៏​ដូច​ជា​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ត្រូវការ​ជាតិ​ដែក​ក្នុង​របប​អាហារ​។ រាង​កាយ​ត្រូវការ​ជាតិ​ដែក​ចាំបាច់ ដើម្បី​បង្កើន​គ្រាប់​ឈាមក្រហម​តាម​រយៈ​ការ​បង្កើត​ជាតិ​អេ​ម៉ូ​ក្លូ​ប៊ី​ន ។

៦.​ល្អ​សម្រាប់​សុខភាព​ភ្នែក ៖ ត្រកួន ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ carotenoids, lutein និង​វីតាមីន A ដែល​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ លើស​ពី​នេះ​ទៅ​ទៀត ក្រ​កួន ក៏​ជួយ​ជម្រុញ​កម្រិត​នៃ glutathione ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ជំងឺភ្នែកឡើងបាយ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ