ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​៥១​ឆ្នាំ នៃ​តុលា​ការ​អន្តរ​ជាតិ​សម្រេច​លើ​ប្រាសាទព្រះវិហារ

12 ឆ្នាំ មុន

ប្រាសាទ​ព្រះ​វិហារ​កំពូល​អច្ឆរិយ​វត្ថុ​ដ៏​អស្ចារ្យ​របស់​កម្ពុជា និង​ជា​ការ​តស៊ូ​ប្តូរ​ផ្តាច់​ ​លុះ​​តំណក់​ឈាម​​ចុង​ក្រោយ​របស់​ប្រជា​រាស្ត្រ​​ខ្មែរ នៅ​ថ្ងៃទី​១៥ មិថុនា ២០១៣ នេះ គឺ​ជាព្រឹត្តិ​ការណ៍​នៃ​ខួប​លើក​ទី​៥១​ឆ្នាំ ​ដែល​តុលា​ការយុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ បាន​សម្រេច​លើរឿង​ក្តី​ប្រាសាទ​​ព្រះ​វិហារ ប្រគល់​​មហា​ប្រាសាទ​​អង្គនេះ ព្រម​​ទាំងផ្ទៃ​ដី​ជុំ​វិញ​​ទី​នោះ ពីចង្កូមឈ្លាន​ពាន​សៀម​មក​ឱ្យ​ព្រះ​រាជា

ប្រាសាទ​ព្រះ​វិហារ​កំពូល​អច្ឆរិយ​វត្ថុ​ដ៏​អស្ចារ្យ​របស់​កម្ពុជា និង​ជា​ការ​តស៊ូ​ប្តូរ​ផ្តាច់​ ​លុះ​​តំណក់​ឈាម​​ចុង​ក្រោយ​របស់​ប្រជា​រាស្ត្រ​​ខ្មែរ នៅ​ថ្ងៃទី​១៥ មិថុនា ២០១៣ នេះ គឺ​ជាព្រឹត្តិ​ការណ៍​នៃ​ខួប​លើក​ទី​៥១​ឆ្នាំ ​ដែល​តុលា​ការយុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាអេ បាន​សម្រេច​លើរឿង​ក្តី​ប្រាសាទ​​ព្រះ​វិហារ ប្រគល់​​មហា​ប្រាសាទ​​អង្គនេះ ព្រម​​ទាំងផ្ទៃ​ដី​ជុំ​វិញ​​ទី​នោះ ពីចង្កូមឈ្លាន​ពាន​សៀម​មក​ឱ្យ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ក្រោមការ​សម្រេច​របស់​ចៅក្រម​អន្តរ​ជាតិ​៩​​រូប​ ក្នុង​ចំណោម​១២​​រូប កាល​ពី​ថ្ងៃទី​១៥ មិថុនា ១៩៦២ នៅ​សាល​សវនា​​ការ​ទី​ក្រុង​ឡាអេ ប្រទេស​ហុល្លង់ ។

ឈាន​ចូលសម័យ​កាល​​សម្តេច​​អគ្គ​​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា ប្រជា​រាស្ត្រ​ខ្មែរគ្រប់​រូប​​បាន​ចាត់​ទុក​ថា ជា​មោទន​ភាព​ថ្មី​មួយ​ទៀត​ដែល​ប្រាសាទ​ព្រះ​វិហារ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អន្តរ​ជាតិ​ស្តីពីប្រាង្គ​ប្រាសាទ​ និង​រមណីយ​ដ្ឋាន (ICOMOS) ទទួល​ស្គាល់​ថា ជាកំពូល​ស្នា​ដៃ​ដ៏​អស្ចារ្យ​នៃ​ស្ថាបត្យ​កម្មខ្មែរ និង​មាន​តម្លៃ​សាកល​ដ៏ចំណាន​ ហើយ​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក  នា​ថ្ងៃទី៧ កក្កដា ឆ្នាំ​២០០៨ ​​នៅទីក្រុង​កេបិច ប្រទេស​កាណាដា ។ ក្រោយពី​​នេះ សៀម​បាន​ឈ្លានពានម្តង​ហើយ​​ម្តង​ទៀត ដោយ​ប្រើ​កម្លាំង​យោធា និង​សព្វាវុធ​​ទំនើប​រហូត​ក្លាយ​ជា​កូន​សង្គ្រាម​​បង្ហូរ​ឈាម​  ហើយ​កម្ពុជាបាន​ប្រើ​ប្រាស់​សិទ្ធិ​ការ​ពារ​ស្រប​ច្បាប់​ក្រោម​ការ​​លើក​ដៃរាំង​ខ្ទប់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋា​ភិបាល​ជា​ច្រើន​​រូប​ទៀត លុះ​ត្រា​តំណក់ឈាម​ចុង​ក្រោយ​ ដោយ​ប្រើ​ទាំង​កម្លាំង​យោធា​​​ទប់​ទល់​វិញ ការ​ទូត និង​យុត្តា​ធិការ ទើប​សៀម​ធ្វើអ្វី​មិន​​កើត​​ដល់​ពេល​នេះ ។

គួរ​រំលឹក​ត្រឡប់​​ក្រោយ​បន្តិច​ថា មុន​ឆ្នាំ​១៩៥៩ ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​សៀម​​ឈ្លាន​ពាន​ចូល​កាន់​កាប់​ធ្វើជា​សម្បត្តិ​​របស់ខ្លួន​​បើកផ្លូវ​​ដល់​ទេស​ចរ​​ប្រមូល​លុយ​ធ្វើមាន​ធ្វើបាន​​ ព្រម​ទាំង​លួច​វត្ថុ​បុរាណ​នៅ​ទី​នោះ​យ៉ាង​ច្រើន​ទៀត​ផង ។ ​​នៅថ្ងៃទី​៦ តុលា ឆ្នាំ​១៩៥៩ រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ទៅ​តុលា​ការ​យុត្តិ​ធម៌អន្តរ​ជាតិ​ក្រុង​ឡាអេ ដោយ​ភ្ជាប់​ជា​មួយ​ផែន​ទី​សន្លឹក​ដងរែក​​ជា​ឧបសម្ព័ន្ធ​​១ ដើម្បី​ស្នើ​សុំ​ឱ្យ​សម្រេច​លើ​ជម្លោះ​​អំពី​អធិប​តេយ្យ​ដែន​ដី​ក្នុង​តំបន់​ប្រាសាទព្រះ​វិហារ ហើយ​យោង​តាម​សាល​ដីកា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​១៩៦១ តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​​រក​ឃើញថា ខ្លួនមាន​យុត្តា​ធិការ​ ដើម្បីវិនិច្ឆ័យ​លើ​ជម្លោះ​​នោះ ។

នៅថ្ងៃ​ទី​១៥ មិថុនា ​ឆ្នាំ​១៩៦២ ចៅក្រម​​អន្តរ​ជាតិ​បាន​សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​ ជា​​ឧឡារិក​មក​ឱ្យ​​ប្រទេស​កម្ពុជា… ដោយ​សម្រេច​ឱ្យឈ្នះ​​លើក​ទី​១ មាន​ចៅ​ក្រម​អន្តរ​ជាតិ​​៩​សំឡេង​ ទល់​នឹង​៣​សំឡេង​ គឺ​កំណត់​ឱ្យ​ប្រាសាទ​​ព្រះ​វិហារ ស្ថិត​ក្នុង​ទឹក​ដីកម្ពុជា និង​ស្ថិត​ក្នុង​អធិប​តេយ្យភាព​កម្ពុជា ។ ​សម្រេច​​ឱ្យឈ្នះ​លើក​ទី​២ មាន​ចៅក្រម​អន្តរ​ជាតិ​៩សំឡេង​ទល់​នឹង​៣​សំឡេង គឺ​កំណត់​​​ឱ្យ​ថៃ​មាន​កាតព្វ​កិច្ច(ត្រូវតែ​ធ្វើ) ដកទង់​​ជាតិ​​​, ដក​កង​ទ័ព​, នគរបាល​, ឆ្នាំការ​ពារ, អ្នក​បោសសំអាត, អ្នក​គ្រប់​គ្រង​ ​មើល​ថែ ដែល​ស្ថិត​​ក្រោម​រដ្ឋា​ភិបាល​ថៃ​ចេញ​ពី​តំបន់ជុំ​វិញ និងចេញ​​ពី​ប្រាសាទ​ព្រះ​​វិហារ ។ សម្រេច​ឱ្យ​ឈ្នះ​លើក​​ទី​៣ មានចៅក្រុម​អន្តរ​ជាតិ​៧​សំឡេង​ទល់​នឹង​៥​សំឡេង គឺ​កំណត់​ឱ្យប្រទេស​ថៃ ត្រូវតែ​ប្រគល់​មក​ឱ្យ​កម្ពុជា​វិញ នូវវត្ថុ​​​បុរាណ​ វត្ថុ​មាន​តម្លៃ​គ្រប់​យ៉ាង​ដែល​ថៃ​​បាន​យក​ចេញពី​ប្រាសាទ​ព្រះ​វិហារ ។

ដោយ​យល់​ព្រម​ទទួល​យក​សាល​​ដីកា​​នោះ​នៅថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​១៩៦២ ថៃបាន​​​ដកទង់​​ជាតិ​​របស់​ខ្លួន​ និង​​កង​ទ័ព​របស់​ខ្លួន​ចេញពី​​ប្រាសាទ​ព្រះ​វិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ ។ សាល​ដីកា​តុលា​ការ​ គឺបាន​សម្រេច​ជា​ស្ថាពរ និង​បិទ​ផ្លូវឧទ្ធរណ៍​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ។ ​ថៃបាន​ខក​ខានស្នើ​សុំ​សើ​រើ​ក្នុង​រយៈ​ពេល​លើសពី​​​១០​ឆ្នាំ​ចាប់​ពីថ្ងៃ​ចេញ​សាល​ដីកា  ដូច្នេះ​​ថៃ​គ្មាន​សិទ្ធិ​អ្វី​មក​សើ​រើ និង​ទាម​ទារ​​យក​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​នោះ​ទេ ។ ​ដើម្បីសម្រេចការ​ប៉ុន​ប៉ង​យូរ​អង្វែង​របស់​ខ្លួន ក្នុង​ការ​ដណ្តើម​​កាន់​កាប់​ប្រាសាទ​ព្រះ​វិហារ និង​តំបន់​ជុំវិញ​​ប្រាសាទ​​នោះ នៅថ្ងៃ​ទី១៥ ​ខែ​កក្កដា ឆ្នាំ​២០០៨ ​ថៃបាន​បញ្ជូន​កង​ទ័ព​របស់​ខ្លួន​មក​​ឈ្លានពាន និង​កាន់​កាប់​តំបន់​ជុំ​វិញ​​នោះ​ជាថ្មី​ម្តង​ទៀត ដោយ​រំលោភ​​​ទាំង​ស្រុង​​ទៅ​នឹង​សាល​​ដីកា​តុលា​ការ​យុត្តិ​ធម៌​​អន្តរ​ជាតិឆ្នាំ​១៩៦២។ ​ពិសេស​​ថ្មីៗ​នេះ​អំពើ​ឈ្លាន​ពាន​​របស់​ថៃ​ម្តង​​ហើយ​ម្តង​​ទៀត ​បាន​រាល​ដាល​ដល់​តំបន់​ខាង​លិច​នៃ​​ប្រាសាទ​​ព្រះ​វិហារ​ដោយ​​រំលោភ​យ៉ាងធ្ងន់​ធ្ងរ​ទៅ​នឹង​ធម្មនុញ្ញ​សហ​ប្រជា​ជាតិ​ និង​បទ​ដ្ឋាន​ច្បាប់​អន្តរ​ជាតិ​ដទៃ​ទៀត។

ច្បាស់​ណាស់​ថា តុលា​ការ​នឹង​​​ប្រើ​ប្រាស់​​​​ផែន​ទី​ឧបសម្ព័ន្ធ​១ គឺ​ជាភស្តុ​តាង​ចាស់​ដែល​​​ត្រូវ​បាន​ផលិត ដោយ​​​គណៈ​កម្ម​ការ​កំណត់​​ព្រំ​ដែន​រវាង​បារាំង ឥណ្ឌូ​ចិន ​និង​សៀម ​​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​ឆ្នាំ​១៩០៤ ។ ក្នុង​ឆ្នាំ​១៩៦២ តុលា​​ការ​បាន​ប្រើ​ប្រាស់​ផែន​ទី​ឧបសម្ព័ន្ធ​១ ដើម្បី​ប្រកាស​គាំទ្រយក​ខ្សែ​បន្ទាត់​​ដូច​បានគូស​នៅ​លើ​ផែន​ទី​ឧបសម្ព័ន្ធ​១ សម្រេច​ឱ្យ​កម្ពុជា​ឈ្នះ​ក្តី ។ ប្រសិន​បើ​​ថៃ​ខ្វាក់​ភ្នែក​មើល​មិន​ឃើញ​ខ្សែ​បន្ទាត់​​គូស​នៅ​​លើ​ផែន​ទី​ឧបសម្ព័ន្ធ​១​នោះ​  ពិភព​​លោក​​ទាំង​មូល ពិសេស​ក្រុម​​​ប្រឹក្សា​សន្តិ​សុខ​អាស៊ាន និង​តុលាការ ក៏​គង់​តែ​មើល​​ឃើញផែន​ទី​ឧបសម្ព័ន្ធ១​នោះដែរ ហើយ​ផ្អែក​​លើ​ខ្សែ​បន្ទាត់​ព្រំដែន​គូស​នៅ​លើ​ផែន​​ទី​នោះ​បាន​ដាក់​ប្រាសាទ​ព្រះ​វិហារ ​និង​​បរិវេណ​ជុំ​វិញ​​ប្រាសាទ​ ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា ។

ជាក់​​ស្តែង​រឿង​ក្តី​នេះ​ត្រូវ​បានវិនិ​ច្ឆ័យ​ក្នុង​ឆ្នាំ​១៩៦២ ជា​ស្ថាពរ និង​បិទ​ផ្លូវ​ឧទ្ធរណ៍​ដែល​មិនបើក​ឡើង​វិញ ឱ្យ​ថៃ​តវ៉ា​​បាន​ឡើយ ។ ប៉ុន្តែ​សម្រាប់​ប្រជា​ជាតិ​ថៃ​ដែល​គេ​គិតថា ​មាន​ភាព​ស៊ីវិល័យ​ក្នុង​សម័យ​​កាល​សាកល​ភាវូប​នីយ​កម្ម​ដោយ​មុខមាត់ និង​កិត្តិ​យស​​របស់​ខ្លួន​ដែល​​ទទួល​ស្គាល់​កន្លង​មក​​នៅលើ​ឆាក​អន្តរ​ជាតិ ​ត្រូវ​តែ​រៀន​សូត្រ​​អនុ​វត្ត​តាម​កាតព្វ​កិច្ច​​អន្តរ​ជាតិ​របស់​​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ដែល​ជា​ស្ថាប័ន​ដ៏មាន​​អំណាច​មួយ​របស់​អង្គ​ការ​​សហប្រជា​ជាតិ​បាន​ផ្តល់​ឱ្យ​ខ្លួន ។

សូម​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ (Prasat Preah Vihear) ស្ថិត​ក្នុង​ភូមិ​ស្វាយ​ជ្រំ ​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ​នៅ​លើ​ខ្នង​ភ្នំ​ដងរែក មាន​​ទំហំ​ប្រាសាទ​​៨០០​គុណ​​នឹង​៤០០​ម៉ែត្រ​ ។ ដង​​ភ្នំ​នេះ​មាន​លក្ខណៈ​ចោត​ខ្លាំង​ពី​ខាង​ប្រទេស​កម្ពុជា និង​ជម្រាល​ពី​ខាង​ប្រទេស​ថៃ។ ប្រាសាទ​​ព្រះ​វិហារ​មាន​ចម្ងាយ​៤០៥​គីឡូ​ម៉ែត្រ​ ពី​ទី​ក្រុងភ្នំពេញ ​តែ​បើ​​​គេ​ធ្វើដំណើរ​​ចេញពី​​ក្រុង​​ព្រះ​វិហារ​វិញ វាមាន​ចម្ងាយ​ត្រឹម​តែ​១០៨​​​គីឡូម៉ែត្រ​ប៉ុណ្ណោះ ​ដោយ​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​លេខ២១១ ​ទៅ​កាន់​​ស្រុក​ជាំ​​ក្សាន្ត​ ។ ​

នៅ​​ឯ​ភ្នំ​ដងរែក​​នោះ​មាន​ជណ្តើរ​មួយ​អាច​​ឱ្យ​​គេ​ឡើង​ទៅ​​ដល់​កំពូល​ភ្នំ​បាន ​​ជាទីតាំង​​របស់​ប្រាសាទ​ព្រះ​វិហារ​​​​ស្ថិត​នៅ ហើយ​​បច្ចុ​ប្បន្ន​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​បាន​ធ្វើ​​ផ្លូវ​បេតុង​​រឹង​មាំ​ធំ​ល្មម​​រថយន្ត​បើក​បរ​ចៀស​គ្នា​បាន​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ឡើង​ទៅ​កាន់​ប្រាសាទ… ជា​រៀង​រាល់​ថ្ងៃ​តែង​មាន​អ្នក​ទេស​ចរ​ជាតិ-អន្តរ​ជាតិ​ទៅ​កម្សាន្ត​​ឥត​ដាច់​រយៈ៕